Covid-19

សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋ​ចាប់ពីអាយុ​១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាឱ្យ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ទាំងអស់ នៅក្នុងតំបន់ក្រហម ។

តាមរយៈសារជាសំឡេង ជាង៤ នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជន មកពីត្រង់ណាអី ឱ្យតែបងប្អូន យល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរ យើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវ ឲ្យអាជ្ញាធរមូលដ្ឋាន កំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ»។

គួរបញ្ជាក់ផងដែរថា «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លង​រាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្នុងនោះសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ តំបន់ក្រហម មានដូចជា មានដូចជា៖ ភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង នៃខណ្ឌទួកគោក ។ ភូមិប្រការ សង្កាត់ព្រៃស និងភូមិម័ល ភូមិថ្មី និងភូមិសំបូរ សង្កាត់ដង្កោ នៃខណ្ឌដង្កោ ។ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពន់ទី១ នៃខណ្ឌមានជ័យ ។ សង្កាត់ទួលសង្កែទី១ នៃខណ្ឌឬស្សីកែវ ។ និង សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ។

លោក គឹម សន្តិភាព បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសថា ចំពោះតំបន់ទាំង៣នេះ គឺជាវិធានការ ដែលត្រូវយកមក អនុវត្ត សម្រាប់តំបន់នីមួយៗឲ្យមាន ប្រសិទ្ធភាព ចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។ លោកថា ការអនុវត្តនេះ ក្រោយរដ្ឋបាលរាជធានី ភ្នំពេញបានកំណត់ ពីភូមិសាស្ត្រ ក្នុងតំបន់បិទខ្ទប់ ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួច។ លោកបានស្នើឲ្យពលរដ្ឋថា រហូតដល់មុនម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តនូវរាល់វិធានការ ដែលបានដាក់ចេញ កន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម។

ដោយឡែក សម្រាប់ពណ៌គ្រប់គ្រងកូវីដ១៩ ត្រូវបានអ្នកវិភាគ យល់ឃើញថា មានផលប្រយោជន៍ ខ្លាំងណាស់ ដល់ការគ្រប់គ្រង និងស្តារឡើងវិញ យ៉ាងឆាប់រហ័ស ៖ នយោបាយ សេដ្ឋកិច្ច សុខុមាលភាព និងសណ្តាប់ធ្នាប់សង្គម ។

ក្នុងចំណោមពណ៌៣ប្រភេទ, កូវីដ១៩ ខ្លាចបំផុតពណ៌ក្រហម ។ ពណ៌ក្រហម ជាតំបន់ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងជាង ដោយត្រូវប្រើវ៉ាក់សាំង ចាក់ស្រោចដោយប្រើប្រាស់ពេទ្យកងទ័ព ។

នេះជាយុទ្ធសាស្ត្រដ៏ស្រស់បំព្រង ក្លៀវក្លា ឆ្លាតវៃ មួយក្នុងលោក…។ នេះជាការលើកឡើងរបស់ អ្នកវិភាគ ហេង វ៉ាន់ដា នាយកសកលវិទ្យាល័យ វ៉ាន់ដា គណនេយ្យ៕

To Top