ភ្នំពេញ ៖ ក្នុងបរិបទជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវលុបបំបាត់ការ នាំមនុស្សចេញ-ចូល ឆ្លងកាត់ព្រំដែនដោយ ខុសច្បាប់ ព្រមទាំងគ្រប់គ្រង ជនបរទេសឲ្យបានម៉ត់ចត់ ។
ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្តេច ស ខេង នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីធានារក្សាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ និងវិធានាការ ជាបន្ដបន្ទាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្កា្របសកម្មភាពឆ្លង កាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់កម្ពុជា ។
រដ្ឋមន្រ្តីមហាផ្ទៃ បានឲ្យអគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួង និង រដ្ឋបាលរាជធានី-ខេត្ត ត្រូវវិធានការសំខាន់ៗ មួយចំនួន ត្រូវសហការជាមួយមន្រ្តីជំនាញ រួមគ្នាលុបបំបាត់ទាំងនេះ។
ក្រសួងបន្ដថា ក្នុងបិរការណ៍កម្ពុជា កំពុងប្រឈមការរាតត្បាត នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បាន រឹតត្បិតការធ្វើដំណើរចេញ-ចូលកម្ពុជា ហើយថ្មីៗនេះ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងផ្នែកខ្លះ នៃភូមិសាស្ដ្រតាមខេត្តមួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងរីក រាលដាលនៃជងឺនេះ ក្នុងសហគមន៍ ។
ក្រសួងបន្ថែមថា ការនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះ ក៏មានករណីមួយចំនួនមាន ក្រុមមេក្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ផងដែរ។
សូមបញ្ជាកើថា កន្លងមកនេះ មានសកម្មភាពលួចលាក់ ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ ក្នុង គោលបំណង និងគោលដៅផ្សេងៗគ្នា ដោយគេចចេញពីការធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល ដែលអាចបង្កឲ្យមានហានិភ័យ ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពក្នុងសង្គមថែមទៀត ៕