នយោបាយ

ទូត៖ ចិន-កម្ពុជា ជាបងប្អូននិងដៃគូល្អ ដែលស្គាល់ចិត្តគ្នា ទៅវិញទៅមក ប្រៀបដូច ដៃនិងជើង​ (Video)

ភ្នំពេញ៖ ស្របពេលដែល ជំនួយឥតសំណងជំហានទី៣ ពីរដ្ឋាភិបាលចិន ជូនប្រទេសកម្ពុជា បានដឹកមកដល់ នៅយប់ថ្ងៃទី២៨ ខែមេសានេះ ភ្លាមៗស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូច ដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នា ទៅវិញទៅមក។

សូមបញ្ជាក់ថា នៅយប់ ថ្ងៃទី២៨ ខែមេសា ជំនួយឥតសំណងជំហានទី ៣ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា ជាវ៉ាក់សាំងកូវីដចំនួន ៤០ ម៉ឺនដូសបានមកដល់ រាជធានីភ្នំពេញ តាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី ៣ បន្ទាប់ពីជំហានទី ១ ចំនួន ៦០ ម៉ឺនដូស និងជំហានទី២ ចំនួន ៧០ ម៉ឺនដូស។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា​ បានបញ្ជាក់ថា « ចិននិងកម្ពុជា ជាបងប្អូនល្អប្រៀបដូចដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាលនិងប្រជាជនចិនតែង ឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ»។

បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែង នៃជំងឺវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ ជាមួយភាគីកម្ពុជា។

ម៉្យាងវិញទៀតភាគីចិន បានប្រគល់ជំនួយ និងវ៉ាក់សាំងតាមការបញ្ជាទិញ យ៉ាងទាន់ពេលវេលា ជូនដល់ភាគីកម្ពុជា មួយវិញទៀត ក៏បានជួយភាគីកម្ពុជា លើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។

មន្ទីរពិសោធន៍តេស្តសំណាក ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន។

ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយ ជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិកជូនដល់ ក្រសួងសុខាភិបាលកម្ពុជា។

ទាំងនេះ បានបង្ហាញពីមិត្តភាព ដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនចំពោះប្រជាជនកម្ពុជា។

រដ្ឋាភិបាលចិនជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន៕

To Top