ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់អ្នកចូលរួមពិធីដង្ហែសព នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវប្រញាប់ផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅវេទិកា ៧មករា ក្រោយពីមានស្ដ្រី២នាក់ ឆ្លងជំងឺកូវីដ-១៩។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ មេសា បានឲ្យដឹងថា «មានស្ត្រី២នាក់ គឺឈ្មោះ ផេង ពៅ (ជើង ពៅ) អាយុ៤៥ឆ្នាំ និងឈ្មោះ ប៊ុន ផា ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចូលរួមពិធីដង្ហែសពជីដូនទៅបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្រោយពេលចប់ពិធីដង្ហែសព ស្រ្តីទាំងពីរ នាក់ខាងលើបានទៅសាលាបឋមសិក្សាផ្សារលើ ដើម្បីផ្តល់វត្ថុសំណាកវិភាគ (RAPID TEST) រកមេរោគកូវីដ ១៩។ តាមលទ្ធផលបញ្ជាក់ថា ស្ត្រីឈ្មោះ ផេង ពៅ និងស្រ្តីឈ្មោះ ប៊ុន ផា មាន វិជ្ជមានវីរុសកូវីដ-១៩»។
រដ្ឋបាលព្រះសីហនុ បន្ដថា ក្នុងករណី ប្រជាពលរដ្ឋ ដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ ត្រូវពិនិត្យសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហា ក ជាដើម៕