ភ្នំពេញ ៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទ (Lockdown) តំបន់មួយចំនួន នៅមុខបរិវេណពេទ្យ បង្អែកខេត្ត និងផ្សារកណ្ដាល ក្រោយរកឃើញបុគ្គលម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅភូមមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមការប្រកាស របស់រដ្ឋបាលខេត្ត ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
បុរសរូបនេះបានធ្វើដំណើរ មកសៀមរាបជាមួយ សមាជិក គ្រួសារ៣រូប រួមមាន ៖
១. លោក លី ចាន់ថា ត្រូវជាប្អូនថ្លៃ បានជូនលោក ស៊ាង គឹមសាន មកដល់មន្ទីរពេទ្យខេត្តសៀមរាប នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ហើយក៏បានធ្វើដំណើរ វិលត្រឡប់ទៅស្រុកស្ទោង ខេត្តកំពង់ធំវិញទាំងយប់ រហូតដល់ល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យ ខេត្តកំពង់ធំ យកសំណាកធ្វើតេស្ត ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។
២. ប្រពន្ធរបស់លោក ស៊ាង គឹមសាន កំពុងធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យ ខេត្តសៀមរាប និងបានយកសំណាក ធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន ។
៣. កូនរបស់លោក ស៊ាង គឹមសាន បានធ្វើដំណើរពីមន្ទីរពេទ្យខេត្ត ដោយជិះម៉ូតូឌុប ទៅម្តុំផ្សារលើ និងបានបន្តដំណើរ តាមរថយន្តក្រុងទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ វិញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យ ខេត្តកំពង់ធំ យកសំណាកធ្វើតេស្តលើកទី១ ទទួលបានលទ្ធផលអវិជ្ជមាន ។
រដ្ឋបាលខេត្តបញ្ជាក់បន្ថែមថា លោក ស៊ាង គឹមសាន បានធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីលាងឈាម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ និងបានវិលត្រឡប់មកម្តងទៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តែដោយមានរោគសញ្ញាសង្ស័យ ទើបក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បាននាំទៅយកសំណាក ធ្វើតេស្តស្រាវជ្រាវ ។ ដោយឡែកក្រុមគ្រូពេទ្យ ដែលពាក់ព័ន្ធ ត្រូវបាន យកសំណាកធ្វើតេស្ត ស្រាវជ្រាវ និងទទួលបានលទ្ធផលអវិជ្ជមាន៕


