ព័ត៌មានជាតិ

គ ប ម៖ វៀតណាម គួរដឹងគុណខ្មែរ ចំពោះព្រឹត្តការណ៍ ប្រវត្តិសាស្រ្តថ្ងៃ ៣០ មេសា ១៩៧៥ (Video)

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)បានលើកឡើងថា វៀតណាមគួរតែរំលឹកគុណដល់ខ្មែរ ដែរចំពោះព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ថ្ងៃ ៣០ មេសា ១៩៧៥ ព្រោះចំពោះវៀតណាមថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសំខាន់ ក្នុងការនាំមកនូវសន្តិភាព បន្ទាប់ពីសង្រ្គាមដែលសម្លាប់មនុស្ស រាប់លាននាក់ និងការបង្រួបបង្រួមវៀតណាមខាងជេីង និងខាងត្បូងឲ្យទៅជាប្រទេសដ៏ធំមួយ នៅអាសុីអាគ្នេយ៍។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី ៣០ មេសា នេះ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានពន្យល់ថា ជោគជ័យរបស់វៀតណាម ក្នុងការបង្រួមបង្រួមវៀតណាមទាំង២ ក៏ដោយសារកត្តាខាងក្រៅដូចជា:

ទី១ ការជួយពីបារាំងដោយ កាត់ដីកម្ពុជាក្រោមឲ្យវៀតណាម(ខាងត្បូង)នៅឆ្នាំ១៩៤៩។

ទី២ ការជួយពីចិន និងសូវៀតដល់វៀតណាម ក្នុងការធ្វេីសង្រ្គាម រំដោះវៀតណាមខាងត្បូង។

ទី៣ គឺការជួយពីកម្ពុជា និងឡាវក្នុងការផ្តល់ទឹកដីឲ្យវៀតណាមខាងជេីង និងវៀតកុងក្នុងការវាយលុកចូល មកវៀតណាមខាងត្បូង។

មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់ថា “ជាសរុបវៀតណាម គួរតែអរគុណខ្មែរដោយសារទឹកដី ដែលវៀតណាមបង្រួមបង្រួមគ្នា ជាសាធារណរដ្ឋសង្គម និយមវៀតណាមបច្ចុប្បន្ន ពីមុនជាទឹកដីកម្ពុជាក្រោម ហេីយការបង្រួបបង្រួមវៀតណាមទាំង២នេះ អាចធ្វេីបានក៏ដោយសារ មានការជួយពីកម្ពុជា ក្នុងការផ្តល់ទឹកដី ជាជម្រកក្នុងការធ្វេីសង្រ្គាមដែរ។ តាមរយ:ការផ្តល់ទឹកដី ឲ្យជាជម្រកនេះហេីយដែល ក៏នាំឲ្យខ្មែរធ្លាក់ចូលក្នុងសង្រ្គាម ជាមួយវៀតណាមដែរគឺ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ ថ្ងៃ១៧ មេសា ១៩៧៥ ហេីយក្រោយមកបន្តរហូត ដល់កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១”។

ជាមួយគ្នានោះ លោក យ៉ង សាំងកុមារ ថា ការលេីកឡេីងរបស់លោកខាងលេីនេះ គឺចង់ឲ្យយុវជនយេីងធ្វេីការ ស្វែងយល់បន្ថែមពីសិល្ប: ឬរបៀបនៃការដឹកនាំនយោបាយ របស់វៀតណាមក្នុងការសហការ ជាមួយអ្នកដឹកនាំបរទេសកន្លងមក ដូចជាអ្នកដឹកនាំបារាំង អាមេរិក ចិន សូវៀត ឡាវ និងកម្ពុជាដេីម្បីប្រយោជន៍ វែងឆ្ងាយរបស់ជាតិគេ។ សូមយុវជនខ្មែរសិក្សា ពីប្រវត្តិសាស្រ្តនយោបាយ ឲ្យបានច្រេីនដេីម្បីងាយស្រួល ក្នុងការចូលរួមការដឹកនាំប្រទេស បន្តទៅមុខឲ្យកាន់តែប្រសេីរឡេីង។ ខ្ញុំនឹងព្យាយាមសិក្សាបន្ថែមទៀត ដែរហេីយនឹងចងក្រងជាឯកសារប្រវត្តិសាស្រ្ត នយោបាយមួយសម្រាប់ចូលរួម ចំណែកក្នុងការផ្តល់ចំណេះដឹង ដល់កូនខ្មែរដែរ ៕

To Top