ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានធ្វើការក្រើនរំលឹកក្រុមការងារ អភិវឌ្ឍយុវជនទាំង២ខេត្ត ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រ ហើយជៀសឲ្យបានជាដាច់ខាត ការប្រព្រឹត្តសកម្មភាពមិនគប្បីទៅលើពួកគាត់។

ក្នុងពិធីប្រកាសក្រុមការងារ កិត្តិយសសម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបង, ប្រធានកិត្តិយសនៃក្រុមការងារ អភិវឌ្ឍន៍យុវជនខេត្តព្រៃវែង និងសមាសភាពក្រុមការងារអភិវឌ្ឍ យុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ និងក្រុមការងារគណបក្សគ្រប់ លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំង សាមគ្គីបំពេញភារកិច្ច បំរើជាតិ និងប្រជាជន ជាពិសេស នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្នុងមូលដ្ឋានខេត្ត ដូចជា គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ជាដើម។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សូមក្រើនរំលឹកក្រុមការងារ អភិវឌ្ឍយុវជនខេត្តបាត់ដំបង ត្រូវខិតខំធ្វើអំពើល្អជា មួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយចៀសឱ្យបានជាដាច់ខាតនូវ ការប្រព្រឹត្តសកម្មភាពមិន គាប្បីទៅលើប្រជាពលរដ្ឋ ដោយសម្ដេចបានផ្ដល់ការប្រៀបធៀបថា ទាំងអំពើល្អ និងអំពើអាក្រក់ ប្រៀបបានទៅនឹង ស្រមោលអន្ទោលតាមប្រាណ ពោលគឺប្រសិនណាបើយើងធ្វើអំពើល្អ នោះយើងនឹងជួបអំពើល្អច្រើននៅក្នុងជីវិត ប៉ុន្តែប្រសិនបើយើងប្រព្រឹត្តតែអំពើអាក្រក់ មិនគប្បីនោះនិងជៀសផុតពីការជួបរឿងរ៉ាវ មិនល្អជាក់ជាមិនខានឡើយ»។

សម្ដេចក្រឡាហោម ក៏បានកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងមានការអត់ធ្មត់ខ្ពស់ ក្នុងការអនុវត្តវិធានការដាក់ ចេញដោយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេនៅក្នុងការអនុវត្តវិធានការ បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ព្រមទាំងការអនុវត្តវិធានការ ទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងវិធានការបន្តបន្ទាប់ទៀត៕
