ភ្នំពេញ ៖ តាងនាមឱ្យគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួងការបរទេស បានប្រកាសអញ្ជើញ បេក្ខជនកម្ពុជា ចូលរួមប្រកួតប្រជែង រចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ២០២២ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ ឧសភានេះ បានឲ្យដឹងថា និមិត្តសញ្ញា ដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់ លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានា របស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទី ជាប្រធានអាស៊ាន នៅឆ្នាំ២០២២។
ការរចនានិមិត្តសញ្ញានេះ ត្រូវផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមានជូនភ្ជាប់ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏សូមផ្តល់ជូននូវគំរូនិមិត្តសញ្ញា ប្រធានអាស៊ានមុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា ដូចមានភ្ជាប់មកជាមួយគ្នានេះដែរ។
បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ ជាទឹកប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន) ហើយបេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុង១រូប ចំនួន ១.០០០.០០០រៀល (មួយលាន)។
បេក្ខជនដែលមានបំណង ចូលរួមប្រកួតប្រជែង ត្រូវផ្ញើនិមិត្តសញ្ញា ដោយពន្យល់ ពីអត្ថន័យនៃនិមិត្តសញ្ញា (Logo) មកអ៊ីមែល aseanlogo2022@gmail.com ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ធ្វើការវាយតម្លៃ ៕




