ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

កម្ពុជា ឈរលំដាប់លេខ២ ក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ បានច្រើនជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងចំនួនច្រើន ជូនប្រជាពលរដ្ឋរបស់ខ្លួន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជិត៤លានដូសរួចមកហើយ ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន រួមមាន ៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១.៣លានដូស , វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីចិន ចំនួន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូស។

សម្ដេចតេជោ បន្ដថា «តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូន ប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរ នៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបាន ចំនួនច្រើនជូនប្រជាពលរដ្ឋ» ៕

រាជរដ្ឋាភិបាលឲ្យពន្លឿន ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកែ សម្រួលវិធីសាស្ត្រ និងផែនការចាក់វ៉ាក់សាំងឲ្យក្លាយ ទៅជា «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ដើម្បីចាក់ឲ្យ បានលឿន និងឆាប់រហ័សក្នុងរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងទីប្រជុំជនធំនៃខេត្តកណ្តាល។

គិតត្រឹមថ្ងៃទី២៥ មេសា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,២៩៥,៦៦០នាក់។

យោងតាមសេចក្ដីសម្រេចស្ដីពី «ការបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិ បាលបញ្ជាក់ថា ការពន្លឿនក្នុងភូមិសាស្រ្តទាំង២ដែល មានមនុស្សច្រើនកុះករធ្វើការ និងរស់នៅសំដៅបង្កើតឲ្យមានភាពស៊ាំ សហគមន៍ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជាពិសេសបញ្ចៀសឲ្យបាននូវការបិទខ្ទប់ជាថ្មីសម្រាប់ភូមិសាស្ត្រនេះ»។

រាជរដ្ឋាភិបាលបន្ដថា ការអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ត្រូវធានាឲ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលនៃកិច្ចដំណើរការនេះ ពិសេស តាមរយៈគោលការណ៍នាំ យកសេវាទៅកៀកបំផុតជូនប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ក្នុងសេចក្ដីសម្រេចរាជរដ្ឋាភិបាល ក៏បានលើកឡើងថា ការរធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង «តំបន់លឿង» ត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តទៅជាធម្មតា ហើយសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុញ្ញាត លើកលែងតែមុខរបរមួយចំនួន មិនអនុញ្ញាតឲ្យបើកឡើយ៕

កូវីដ១៩! អង្គការសុខភាពពិភពលោកថា កម្ពុជា មិនទាន់យឺតពេល ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។

យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកស្រី លី អៃឡាន មានប្រសាសន៍ថា «យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរ ស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែ មានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ជាប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»។

សូមជម្រាបថា ភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះ បង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ ចំនួន៣ ដើម្បីអាចដោះស្រាយបញ្ហារាតត្បាត នៃជំងឺឆ្លងមួយនេះប្រកប ដោយប្រសិទ្ធភាពបាន ដូចជា ៖ ទី១-ថ្នាក់ដឹកនាំត្រូវតែបោះ ជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ,ទី២-សង្គមទាំងមូលត្រូវតែចូលរួម និងទី៣-ពលរដ្ឋគ្រប់គ្នា ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធានការ សុខភាពសាធារណៈទាំងអស់ដែលដាក់ចេញ។

លោកស្រី បន្ដថា «នៅពេលដែលសមាសធាតុទាំងអស់នេះរួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ យើងបានមើលឃើញការដឹកនាំ ដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជា ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងចាត់វិធានការ ដ៏លំបាកជាច្រើន។ ប៉ុន្ដែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គីគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរូប។ ការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាព ជោគជ័យក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺកូវីដ-១៩»។

លោកស្រី បន្ថែមថា ជំងឺកូវីដ-១៩ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផង ដែរ។ ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហា ផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារ អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើគ្រប់គ្រងស្ថានការផ្ទុះឡើង នៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ដូចជាផលប៉ះពាល់ដល់ សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

អង្គការសុខាភិបាល ក៏បានលើកឡើងទៀតថា គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញ យ៉ាងច្បាស់ ដូចជា ពេលបច្ចុប្បន្ននេះទ ហេតុដូច្នេះហើយទើបវិស័យឯកជនជាដៃគូសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ៕

អ្នកវិភាគ៖ រដ្ឋាភិបាលចាំបាច់ ត្រូវមានយន្តការមនុស្សធម៌ ផ្គត់ផ្គង់ស្បៀងដល់អ្នកអត់លុយទិញ ក្នុងតំបន់បិទខ្ទប់

ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមបានសម្ដែង ការស្វាគមន៍ចំពោះរាជរដ្ឋាភិបាល ដែលបង្កើតតូបលក់ដូរគ្រឿងបរិភោគ (ស្បៀង) នៅតំបន់បិទខ្ទប់ដោយសារកូវីដ-១៩ តែនៅចាំបាច់ត្រូវមានយន្តការ មនុស្សធម៌ផ្គត់ផ្គង់ស្បៀង ដល់អ្នកអត់លុយទិញ ព្រោះសង្គមរៀបចំល្អ គ្រប់គ្រងល្អរៀបចំយន្តការផ្គត់ផ្គង់ និងចែកចាយគ្រឿងបរិភោគ (ស្បៀង) និងគ្រឿងឧបភោគ (របស់របរ) ដែលចាំបាច់បំផុតសម្រាប់ ឲ្យមនុស្សរស់រានមានជីវិតបានត្រៀមទុក ជាស្រេចសម្រាប់គ្រាដែលសង្គមនោះ មានអាសន្នហើយយន្តការទីផ្សារ មិនអាចមានដំណើរការធម្មតាបាន ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ មេសានេះលោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមបានលើកឡើងថាបន្ថែមថា “យន្តការដែលល្អមានលក្ខណ:មនុស្សធម៌ ដែលរដ្ឋបង្កើតឡើងនិងគ្រប់គ្រង ឬក៏សប្បុរសជនបង្កើតឡើង ហើយរដ្ឋជាអ្នកប្រទាក់ប្រទង ។ សម្រាប់អ្នកមានលុយទិញ យើងត្រូវស្វាគមយន្តការផ្គត់ផ្គង់ និងចែកចាយលក្ខណ:ទីផ្សារ ដែលមានជាតូបលក់ដូរស្បៀង របស់ក្រសួងពាណិជ្ជកម្ម បើយន្តការនេះមានប្រសិទ្ធិភាព យ៉ាងហោចស្មើនឹងយន្តការទីផ្សារ តម្លៃស្មើឬទាបជាង ចំនួនប្រភេទនិងគុណភាពស្បៀងស្មើ ឬច្រើនជាង នៅជិតអ្នកទិញជាង ហើយអត់មានចំណាយលុយពន្ធរដ្ឋ។ យន្តការរដ្ឋដែលអាចសហការ ជាមួយកងទ័ពដែលបានចាក់វ៉ាក់សាំង ដើម្បីពង្រីកបើបាំបាច់។ តែយើងនៅតែចាំបាច់ត្រូវមាន យន្តការមនុស្សធម៌ ដែលផ្គត់ផ្គង់ស្បៀងភ្លាមៗ ដល់អ្នកដែលអត់លុយទិញស្បៀង នៅតូបលក់ដូររបស់ក្រសួងពាពិណ្ជកម្ម ឬតាមយន្តការទីផ្សារធម្មតាបាន” ៕

កម្ពុជា សម្រេចហាមឃាត់ ការធ្វើដំណើរទាំងអស់ មកពីប្រទេសឥណ្ឌា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពី ប្រទេសឥណ្ឌា ចូលក្នុងប្រទេសកម្ពុជាឡើយ ដោយត្រូវចាប់អនុវត្តពី៤៨ម៉ោងក្រោយ។

សូមរំលឹកថា រហូតដល់ពេលនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លាឡើង ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1 617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ BIT7 ទៅទៀត។

លោក បញ្ជាក់ថា «ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ ការធ្វើដំណើរចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ»៕

ទូត៖ ចិន-កម្ពុជា ជាបងប្អូននិងដៃគូល្អ ដែលស្គាល់ចិត្តគ្នា ទៅវិញទៅមក ប្រៀបដូច ដៃនិងជើង

ភ្នំពេញ៖ ស្របពេលដែល ជំនួយឥតសំណងជំហានទី៣ ពីរដ្ឋាភិបាលចិន ជូនប្រទេសកម្ពុជា បានដឹកមកដល់ នៅយប់ថ្ងៃទី២៨ ខែមេសានេះ ភ្លាមៗស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូច ដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នា ទៅវិញទៅមក។

សូមបញ្ជាក់ថា នៅយប់ ថ្ងៃទី២៨ ខែមេសា ជំនួយឥតសំណងជំហានទី ៣ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា ជាវ៉ាក់សាំងកូវីដចំនួន ៤០ ម៉ឺនដូសបានមកដល់ រាជធានីភ្នំពេញ តាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី ៣ បន្ទាប់ពីជំហានទី ១ ចំនួន ៦០ ម៉ឺនដូស និងជំហានទី២ ចំនួន ៧០ ម៉ឺនដូស។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា​ បានបញ្ជាក់ថា « ចិននិងកម្ពុជា ជាបងប្អូនល្អប្រៀបដូចដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាលនិងប្រជាជនចិនតែង ឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ»។

បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែង នៃជំងឺវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ ជាមួយភាគីកម្ពុជា។

ម៉្យាងវិញទៀតភាគីចិន បានប្រគល់ជំនួយ និងវ៉ាក់សាំងតាមការបញ្ជាទិញ យ៉ាងទាន់ពេលវេលា ជូនដល់ភាគីកម្ពុជា មួយវិញទៀត ក៏បានជួយភាគីកម្ពុជា លើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។

មន្ទីរពិសោធន៍តេស្តសំណាក ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន។

ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយ ជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិកជូនដល់ ក្រសួងសុខាភិបាលកម្ពុជា។

ទាំងនេះ បានបង្ហាញពីមិត្តភាព ដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនចំពោះប្រជាជនកម្ពុជា។

រដ្ឋាភិបាលចិនជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន៕

ទូតចិន ចាត់ទុក ការនាំផ្លែស្វាយកម្ពុជា​ ទៅចិនជាសមិទ្ធផលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្រោមស្ថានភាពជំងឺកូវីដ-១៩

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកថា ការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ជាផ្លូវការនោះ គឺជាសមិទ្ធ ផលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាង ចិន-កម្ពុជា ក្រោមស្ថានភាពនៃជំងឺកូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលគយចិន បានប្រកាសជាផ្លូវការ អំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជី ក្នុងការនាំចេញផ្លែស្វាយ កម្ពុជាទៅកាន់ប្រទេសចិន។

ស្ថានទូត បន្ដថា ទាំងនេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយ នៃភាគីទាំងពីរ ក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជា ទៅប្រទេសចិន។ ចម្ការ ចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ ចំនួន ៥ កន្លែង ទទួលបានការអនុញ្ញាត ក្នុងកិច្ចការនាំចេញមួយនេះ។

ស្ថានទូត បញ្ជាក់ថា «នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង ចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម»។

ជាងមួយគ្នានេះដែរ ស្ថានទូតចិន ប្រចាំកម្ពុជា ក៏បានរំលឹកថា កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជា បានចុះហត្ថ លេខាលើពិធីសារ ស្តីអំពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ហើយកាលពី ខែមីនា ឆ្នាំ២០២១ ភាគីចិន បានត្រួតពិនិត្យលើបញ្ជីឈ្មោះ នៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញខាងលើ។ ជាងនេះទៅទៀត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយចិន បានអនុម័ត និងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី២ ដែលអាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីដំណាំចេក។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៦ មេសា លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលបានអនុញ្ញាតជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជាទៅប្រទេសខ្លួន៕

សម្តេចតេជោ អបអរសាទរ ខួប២២ឆ្នាំ កម្ពុជា ចូលជាសមាជិក អាស៊ាន

ភ្នំពេញ ៖ ក្នុងឱកាសខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរ និងបានលើកពីប្រវត្តិកម្ពុជាបានក្លាយជាសមាជិកផងដែរ។

បើតាមហ្វេសប៊ុករបស់សម្តេច ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយក ប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា បន្ទាប់ពីការស្វះស្វែងតាម នយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឲ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ 

សម្តេចតេជោបន្ថែមថា អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 

នាយរដ្ឋមន្រ្តីលើកបន្តទៀតថា ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា ក្រោយចូលជាសមាជិកអាស៊ាន បាន១០ឆ្នាំកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ខាងមុខបើតាមគម្រោងកម្ពុជានឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំម្តងទៀត៕

សម្ដេចតេជោ ចែករំលែកបទពិសោធន៍ ជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដល់មេដឹកនាំអាស៊ាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីនាំមកនូវ សន្តិភាព ផ្សះផ្សាជាតិ និងឋិតថេរយូរអង្វែង ដល់ បណ្ដា មេដឹកនាំ អាស៊ាន ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ ត៌មាន ក្រសួងការបរទេសខ្មែរ។

ក្នុងកិច្ចកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលរៀបចំនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សាជាតិ ឋិតថេរយូរអង្វែង និងបានស្នើឡើង នូវជំហានជាក់ស្តែងមួយចំនួន ដូចជា ៖ ទី១-ការបញ្ឈប់អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ ព័ន្ធ ទី២-ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង៣-ការអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នា ជាឯកច្ឆន្ទលើប្រាំ ចំណុច។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទាន ដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់ បង្ហូរឈាមគ្នាសន្តិភាព និងភាពសុខដុមចីរកាល។

ឆ្លៀតឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រី្ត បានមានប្រសាសន៍ផងដែរ អំពីការចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ច ខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន បើទោះបីមានការរាំងស្ទះដោយសារជំងឺ កូវីដ-១៩ ក៏ដោយ។ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងដៃគូខាងក្រៅ ព្រមទាំងគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន។

នាឱកាសនោះ មេដឹកនាំអាស៊ាន បានពិនិត្យមើលវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ដែលកំពុងបន្ត ដំណើរការទៅមុខ និងពិភាក្សាអំពីការងារឆ្ពោះទៅរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឆ្លើយតប និងស្តារឡើងវិញពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ស្តីពីទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានលើកអំពី សារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូររវាងអាស៊ាន និងដៃគូខាងក្រៅគ្រប់លំដាប់ថ្នាក់ ហើយក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។

ជាងនេះទៅទៀត មេដឹកនាំអាស៊ានបានសម្រេចការឯកភាពគ្នាជាឯកច្ឆន្ទ លើប្រាំចំណុចស្តីពីជំហានចាំបាច់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កលក្ខណៈសម្រាប់កិច្ចសន្ទនា និងបោះ ជំហានទៅមុខជាបន្តបន្ទាប់ទៅរកសំណោះ ស្រាយដោយសន្តិវិធី រួមមាន ៖ ទី១-ការបញ្ឈប់រាល់អំពើហឹង្សា ,ទី២-កិច្ចសន្ទនាប្រកបដោយស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍ប្រជាជន ,ទី៣-ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា ,ទី៤-ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និងទី៥- ទស្សនកិច្ចរបស់ប្រេសិតពិសេស នៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ប្រសិនអាស៊ាន យករូបមន្តត្រ័យការ កម្ពុជានឹងដើរតួ សំខាន់លើបញ្ហាវិបត្តិភូមា

ភ្នំពេញ៖ កម្ពុជាបានស្នើរូបមន្តត្រ័យការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្ឆាំ២០២១ ដោយ សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹងក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។

រូបមន្តត្រ័យការរបស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន និង រដ្ឋមន្រ្តីការបរទេសអនាគត ប្រធានអាស៊ានបន្ទាប់»។

កម្ពុជាបានធ្លាប់ជួបរូបមន្តនេះកាលពីឆ្នាំ១៩៩៧ ក្រោយពីកងទ័ពស្មោះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ នាយករដ្ឋមន្ត្រីទី១ និង សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រទី២ បានប្រយុទ្ធគ្នាកណ្តាល រាជធានីភ្នំពេញ ៥-៦កក្កដា ១៩៩៧។

អាស៊ានបានលើកយន្តការត្រ័យការ ដើម្បីជួយផ្សះផ្សាកម្ពុជា ដោយអាស៊ានចាត់បញ្ជូនរដ្ឋមន្ត្រីការបរទេស ៣រូបសម្រាប់សម្របសម្រួល ជាមួយភាគីពាក់ព័ន្ធកម្ពុជា និង ប្រទេសពាក់ព័ន្ធ។

រដ្ឋមន្ត្រី៣រូបមាន លោក អាលី អាឡាតាស់ រដ្ឋមន្ត្រីការ បរទេសឥណ្ឌូនេសុីអតីតប្រធានអាស៊ាន រដ្ឋមន្ត្រីកាបរទេសថៃ លោក ប្រាជួប ឆៃយ៉ាសាន ប្រធានអាស៊ាន និងរដ្ឋមន្ត្រីកាបរទេស ហ្វីលីពីន លោក ដរមុីងហ្គូ សាយហ្សុន។

លោករដ្ឋមន្ត្រីការបរទេសទាំង៣ បានទៅជួប ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន លោក គៀន គីចៀន និងគាល់ព្រះមហាក្សត្យកម្ពុជា ព្រះបាទ នរោត្តម សីហនុដែលពេលនោះព្រះករុណា កំពុងគង់ប្រថាប់ នៅទីក្រុងប៉េកាំងស្រាប់ នាថ្ងៃ១៦-១៧ កក្កដា ឆ្នាំ១៩៩៧ បន្ទាប់មកហោះពីប៉េកាំង ដល់ភ្នំពេញ ជួប សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២និង លោក អុឹង ហួត នាយករដ្ឋមន្ត្រទី១លើកបន្ទុប ក្រោយ ព្រឹត្តិការណ៍៥-៦ កក្កដា ឆ្នាំ១៩៩៧ រួចបានទៅគាល់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិនៅទីក្រុងបាងកក ប្រទេសថៃ។ លទ្ទផលការទូតនៅពេលនោះប្រទេសកម្ពុជាបាន រៀបចំការបោឆ្នោតជាសកលនៅខែកក្កដា ឆ្នាំ១៩៩៨ គណបក្សប្រជាជនកម្ពុជា របស់សម្តេចហ៊ុន សែនឈ្នះ ៧៣អសនៈនៃរដ្ឋសភា។

អ្នកវិភាគបាននិយាយថា រូបមន្តត្រ័យការសម្រាប់ប្រទេសភូមា ប្រទេសកម្ពុជា មិនត្រឹមតែជាប្រធានអាស៊ានទេសូម្បីតំណែង អគ្គលេខាធិការអាស៊ាន ក៏ជាបេក្ខជនរបស់កម្ពុជាដែរ។ ដូច្នេះកម្ពុជាអាចមានសម្ថភាពខ្លះ ក្នុងការស្វែងរកដំណោះស្រាយនយោបាយភូមា។

ម៉្យាងកន្លងមក កម្ពុជាក៏ធ្លាប់ត្រូវបានអន្តរជាតិ ពឹងពាក់ឲ្យ សម្តេចតេជោ ហ៊ុន សែន ជួយដែរលើបញ្ហាភូមានេះ។ នេះបើតាមប្រសាសន៍ របស់សម្តេចតេជោ ធ្លាប់បានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទកាសែត ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១២នៅភ្នំពេញ។

អ្នវិភាគបានបន្តថា កម្ពុជាត្រូវបានគេមើលឃើញថា ស្និតបំផុតទៅនឹងប្រទេសចិនដែលចិនក៏ស្និតនឹង ភូមា។ ម៉្យាង ភូមិសាស្ត្រនយោបាយ និងម្យ៉ាងទៀតកម្ពុជាធ្លាប់មានបញ្ហាស្រដៀងគ្នា ផ្នែកណានោះនាពេលកន្លងទៅហើយ កម្ពុជាមានបទពិសោធន៍ នយោបាយ ឈ្នះ ឈ្នះដែលម្ចាស់សេណារីយោ កំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺ បុរសខ្លាំងខាងកសាងសន្តិភាពសម្តេចតេជោ ហ៊ុន សែន៕

សូមបញ្ជាក់ថា ប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា ធ្លាប់បានចូលរួមដោះស្រាយ បណ្ដាប្រទេសមួយចំនួន នៅអាស៊ី ក្នុងរជ្ជការ សម្ដេចព្រះ នរោត្ដម សីហនុ គង់ជាប្រមុខរដ្ឋ។

ព្រះបាទ នរោត្ដម សីហនុ ធ្លាប់បានជួយរៀបចំ ឱ្យមានសន្និសីទ ហ្សឺណែវ លើកទី២ នៅក្នុងប្រទេសឡាវ ក្នុងអំឡុងឆ្នាំ១៩៦២។

យោងតាមសៀវភៅ អាស៊ីអាគ្នេយ៍ ២០ឆ្នាំ ក្នុងសង្គ្រាម CIA ត្រង់ទំព័រ១០៤ បានសរសេរថា« ក្រោមការជួយយខ្នះខ្នែង ដុតដៃដុតជើង របស់សម្ដេចព្រះ នរោត្ដម សីហនុ បានបង្កឱកាសអោយ ព្រះអង្គម្ចាស់ឡាវ ទាំងបីអង្គ ប៊ួន អ៊ួម ចម្ប៉ាសាក់ (ស្ដាំនិយម) សុវណ្ណៈ ភូម៉ា (អព្យាក្រឹត) និងសូផានុវង្ស (កុម្មុយនិស្ដប៉ាថេតឡាវ) ជួបទល់មុខនៅក្រុងហ្សួរិក ដើម្បីព្រមព្រៀង ជាគោលការបង្កើតរដ្ឋាភិបាលចម្រុះ ត្រីភាគី ដោយមានព្រះអង្គ សុវណ្ណៈ ភូម៉ា គឺជានាយករដ្ឋមន្រ្តី ចំណែកព្រះអង្គម្ចាស់ សូផានុវង្ស និងឧត្ដមសេនីយ៍ ភូមី ណូសុវណ្ណ ជាឧបនាយករដ្ឋមន្រ្តី រហូតដល់មានការបោះឆ្នោត»។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀត សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ធា្លប់បានផ្សះផ្សារ ឥណ្ឌានិងចិន នៅក្នុងជម្លោះព្រំដែន ក្នុងទ.សតី៦០ ដែលព្រះអង្គបានបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៦០៕

សម្ដេចតេជោ៖ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅពេលនេះ សុខភាពរបស់សម្ដេច ល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយ នៅម្នាក់ឯងអត់ប្រពន្ធអត់កូន អត់ចៅ ដោយសារសម្ដេច ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រោយវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី។

ការចេញមកអះអាងរបស់ សម្ដេចតេជោ បែបនេះធ្វើឡើងក្រោយ ពីមានការចាប់អារម្មណ៏ ពីសំណាក់មជ្ឍដ្ឋានខាងក្រៅ ជុំវិញករណីសំឡេង សម្ដេចផ្ញើរទៅកាន់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោកស្រី ឱ វណ្ណឌីន ប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ឱរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម កាលពីយប់ថ្ងៃទី២៧ មេសា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះជាថ្ងៃទី៤ នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូន សារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូន ប្រជាជននៅតំបន់ក្រហម ដោយកម្លាំងកងទ័ព »។

សម្ដេចបញ្ជាក់ថា «មានបងប្អូនមួយចំនួនចាប់អារម្មណ៍ លើសម្លេងរបស់ខ្ញុំ ដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយ ក្នុងពេលដែលខ្ញុំធាក់កង់ ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយ នៅម្នាក់ឯងអត់ប្រពន្ធអត់កូន អត់ចៅ ដោយសារខ្លួន ខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេច និងបញ្ជាគ្រប់គ្រង ប្រទេសនៅដំណើការ ធម្មតាមិនមានអ្វីរាំងស្ទះឡើយ »៕

តុលាការ បង្គាប់ឱ្យចាប់ខ្លួន សម រង្ស៊ី ក្រោមបទចោទ រារាំងការអនុវត្តវិធានការរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្កាប់ឱ្យចាប់ខ្លួន សម រង្ស៊ី ដោយចោទប្រកាន់ពីបទ រារាំងដល់កា រអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១។

សូមជម្រាបថា តុលាការ បង្កាប់ឱ្យចាប់ខ្លួន សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ អគ្គស្នងការដ្ឋាននគរបាល ជាតិ ដែលប្តឹង សម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម។

ក្នុងលិខិតដីការ បង្គាប់ឱ្យចាប់ខ្លួន សម រង្ស៊ី ថ្មីៗនេះថា «ត្រូវចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បទល្មើសព្រហ្ម ទណ្ឌដែលបញ្ញត្តិឱ្យផ្ដន្ទាទោស តាមមាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងៗទៀត និងតាមមត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចាត់ទុក សម រង្ស៉ី ថា ជាឧក្រិដ្ឋជន ក្រោយពីរារាំងការអនុវត្តវិធានការរាជរដ្ឋាភិបាល។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមឧក្រិដ្ឋជន រូបនេះ៕

គ ប ម៖ វៀតណាម គួរដឹងគុណខ្មែរ ចំពោះព្រឹត្តការណ៍ ប្រវត្តិសាស្រ្តថ្ងៃ ៣០ មេសា ១៩៧៥

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)បានលើកឡើងថា វៀតណាមគួរតែរំលឹកគុណដល់ខ្មែរ ដែរចំពោះព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ថ្ងៃ ៣០ មេសា ១៩៧៥ ព្រោះចំពោះវៀតណាមថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសំខាន់ ក្នុងការនាំមកនូវសន្តិភាព បន្ទាប់ពីសង្រ្គាមដែលសម្លាប់មនុស្ស រាប់លាននាក់ និងការបង្រួបបង្រួមវៀតណាមខាងជេីង និងខាងត្បូងឲ្យទៅជាប្រទេសដ៏ធំមួយ នៅអាសុីអាគ្នេយ៍។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី ៣០ មេសា នេះ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានពន្យល់ថា ជោគជ័យរបស់វៀតណាម ក្នុងការបង្រួមបង្រួមវៀតណាមទាំង២ ក៏ដោយសារកត្តាខាងក្រៅដូចជា:

ទី១ ការជួយពីបារាំងដោយ កាត់ដីកម្ពុជាក្រោមឲ្យវៀតណាម(ខាងត្បូង)នៅឆ្នាំ១៩៤៩។

ទី២ ការជួយពីចិន និងសូវៀតដល់វៀតណាម ក្នុងការធ្វេីសង្រ្គាម រំដោះវៀតណាមខាងត្បូង។

ទី៣ គឺការជួយពីកម្ពុជា និងឡាវក្នុងការផ្តល់ទឹកដីឲ្យវៀតណាមខាងជេីង និងវៀតកុងក្នុងការវាយលុកចូល មកវៀតណាមខាងត្បូង។

មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់ថា “ជាសរុបវៀតណាម គួរតែអរគុណខ្មែរដោយសារទឹកដី ដែលវៀតណាមបង្រួមបង្រួមគ្នា ជាសាធារណរដ្ឋសង្គម និយមវៀតណាមបច្ចុប្បន្ន ពីមុនជាទឹកដីកម្ពុជាក្រោម ហេីយការបង្រួបបង្រួមវៀតណាមទាំង២នេះ អាចធ្វេីបានក៏ដោយសារ មានការជួយពីកម្ពុជា ក្នុងការផ្តល់ទឹកដី ជាជម្រកក្នុងការធ្វេីសង្រ្គាមដែរ។ តាមរយ:ការផ្តល់ទឹកដី ឲ្យជាជម្រកនេះហេីយដែល ក៏នាំឲ្យខ្មែរធ្លាក់ចូលក្នុងសង្រ្គាម ជាមួយវៀតណាមដែរគឺ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ ថ្ងៃ១៧ មេសា ១៩៧៥ ហេីយក្រោយមកបន្តរហូត ដល់កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១”។

ជាមួយគ្នានោះ លោក យ៉ង សាំងកុមារ ថា ការលេីកឡេីងរបស់លោកខាងលេីនេះ គឺចង់ឲ្យយុវជនយេីងធ្វេីការ ស្វែងយល់បន្ថែមពីសិល្ប: ឬរបៀបនៃការដឹកនាំនយោបាយ របស់វៀតណាមក្នុងការសហការ ជាមួយអ្នកដឹកនាំបរទេសកន្លងមក ដូចជាអ្នកដឹកនាំបារាំង អាមេរិក ចិន សូវៀត ឡាវ និងកម្ពុជាដេីម្បីប្រយោជន៍ វែងឆ្ងាយរបស់ជាតិគេ។ សូមយុវជនខ្មែរសិក្សា ពីប្រវត្តិសាស្រ្តនយោបាយ ឲ្យបានច្រេីនដេីម្បីងាយស្រួល ក្នុងការចូលរួមការដឹកនាំប្រទេស បន្តទៅមុខឲ្យកាន់តែប្រសេីរឡេីង។ ខ្ញុំនឹងព្យាយាមសិក្សាបន្ថែមទៀត ដែរហេីយនឹងចងក្រងជាឯកសារប្រវត្តិសាស្រ្ត នយោបាយមួយសម្រាប់ចូលរួម ចំណែកក្នុងការផ្តល់ចំណេះដឹង ដល់កូនខ្មែរដែរ ៕

អ្នកវិភាគ ៖ កូនខ្មែរ ត្រូវហ៊ានប្រាប់ ជនជាតិវៀតណាម ថា មិនមែន កម្ពុជា តែម្នាក់ឯងទេ ដែលជំពាក់គុណ វៀតណាម ប៉ុន្តែវៀតណាម ក៏ជំពាក់គុណកម្ពុជា យ៉ាងសម្បើមណាស់ដែរ

ភ្នំពេញ ៖ លោក តាន់ វុទ្ធា អ្នកវិភាគជំនាន់ថ្មី បានលើកឡើង វៀតណាម ត្រូវតែដឹងគុណខ្មែរ អំពីប្រវត្តិ «ផ្លូវលំហូជីមិញ » ដែលសង់ក្នុងដីខ្មែរ ចម្ងាយជាង១២០០ គីឡូម៉ែត្រ ពីខេត្តរតនគិរី រហូតដល់ខេត្តកំពត ព្រោះនេះសច្ចធម៌ ប្រវត្តិសាស្រ្ត ខណៈថ្ងៃទី៣០ មេសា ២០២១ គឺជាខួបលើកទី៤៦ឆ្នាំ នៃទិវាបង្រួបបង្រួមប្រទេស (Reunification Day) របស់វៀតណាម ដែលទ័ពព្រៃកុម្មុយនិស្ត នៃរណសិរ្សរំដោះវៀតណាមខាងត្បូង (Vietcong) និងកងទ័ពកុម្មុយនិស្ត វៀតណាមខាងជើង បានវាយសង្រ្គប់ដណ្តើម កាន់កាប់ទីក្រុង Saigon វៀតណាមខាងត្បូង នៅថ្ងៃទី៣០ មេសា ១៩៧៥។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ មេសា នេះ លោក តាន់ វុទ្ធា បានលើកឡើងថា “កូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗ ត្រូវហ៊ានប្រាប់ទៅជនជាតិ វៀតណាម អោយចងចាំអោយច្បាស់ៗថា មិនមែនកម្ពុជា តែម្នាក់ឯងទេ ដែលជំពាក់គុណ វៀតណាមថ្ងៃ ០៧ មករា ១៩៧៩ ប៉ុន្តែវៀតណាមក៏ជំពាក់គុណកម្ពុជា យ៉ាងសម្បើមណាស់ដែរ ពាក់ព័ន្ធនឹងប្រវត្តិ «ផ្លូវលំហូជីមិញ» សង់ក្នុងទឹកដីខ្មែរ ជាង១២០០ គ.ម ពីខេត្តរតនគីរី ដល់ខេត្តកំពត ក្នុងសង្រ្គាមវៀតណាម ឬសង្រ្គាមឥណ្ឌូចិនលើកទី២ ដែលនាំឱ្យមានការបង្រួបបង្រួម វៀតណាមទាំងពីរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយដែលបានធ្វើអោយប្រទេសវៀតណាមធំ កម្លាំងខ្លាំង និងកើនប្រជាជនរហូតដល់ជិត១០០ លាននាក់” ។

លោក តាន់ វុទ្ធា បានលើកឡើងបន្ថែមថា ” រឿងរ៉ាវប្រវត្តិសាស្រ្តទាំងនេះ វាប្រទាក់ក្រទ្បាគ្នាទាំងអស់ ពោលគឺ បើគ្មានសង្រ្គាមវៀតណាម ក៏គ្មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីតំណែងដែរ (ដោយសារព្រះអង្គជួយយួន) ហើយបើគ្មានរដ្ឋប្រហារ១៨មីនា ១៩៧០ ទម្លាក់ហ្លួង, ស្រុកខ្មែរក៏គ្មានសង្រ្គាមអ្វីធំដុំដែរ ចំណែកពួកទមិទ្ប(ទ្មិល) ខ្មែរក្រហម ក៏នឹងគ្មានឱកាសអ្វី បានមកកាន់អំណាច កាប់សម្លាប់ប្រជាជនកម្ពុជា អស់រាប់លានដែរ ព្រោះខ្មែរតិចណាស់ ដែលយល់ និងស្រលាញ់លទ្ធិកុម្មុយនិស្ត ។

នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត មិនអាចប្រកែកបានទេ ។ គុណមានទៅ មានមក ។ (រូបភាពទី១) ខ្សែពណ៌ក្រហម គឺជាផ្លូវលំហូជីមិញ ជាផ្លូវយុទ្ធសាស្រ្តសំខាន់បំផុត ដែលចិនជួយលុយ និងសង់ដោយវិស្វករគុយបា ដើម្បីចល័តទ័ព អាវុធ គ្រាប់រំសេវ ស្បៀង ថ្នាំពេទ្យ ពីវៀតណាមខាងជើង មកវៀតណាមខាងត្បូង។ បើគ្មានផ្លូវលំហូជីមិញឆ្លងកាត់ប្រទេសកម្ពុជាជាង១២០០ គ.ម ទេ, ទោះជាទ័ពព្រៃកុម្មុយនិស្តវៀតណាមខាងជើងពូកែច្បាំង ហើយច្បាំង៥០០ឆ្នាំទៀត ក៏មិនអាចយកឈ្នះលើកងទ័ពអាមេរិក និងវៀតណាមខាងត្បូងបានដែរ ។ ក្នុងសង្រ្គាមសម័យសាមកុក ជូ កឺលាង លើកទ័ពនគរស៊ូមកច្បាំង ជាមួយកងទ័ពនគរអ៊ួយ ដើម្បីបង្រួមភូមិភាគ កណ្តាលជិត១០ដង ចាញ់នគរអ៊ួយទាំងជិត១០ដង ដោយសារភូមិសាស្រ្តកដបមិនអំណោយផលដល់ កងទ័ពនគរស៊ូជញ្ជូនស្បៀង អាវុធ និងចល័តទ័ព” ៕

To Top