ព័ត៌មានជាតិ

សប្បុរសជនបន្ត ផ្ដល់អំណោយ ជូនរដ្ឋបាល ខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩

កំពង់ចាម ៖ លោកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាអង្ករ ២០តោន និងមីចំនួន ១៥០កេស ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ។

ជាមួយគ្នានេះដែរ មានសប្បុរសជនផ្សេងទៀត ក៏បាននាំអំណោយជាច្រើនផ្ដល់ជូនគណៈកម្មការខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះ មានលោកឧកញ៉ា ស៊ុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia Co.Ltd បានផ្ដល់អំណោយអាល់កុល ៥កាន ម៉ាសចំនួន ២៥ កេស មីចំនួន ១០០កេស និងត្រីខកំប៉ុង ១២កេសធំ ។ រីឯ តំណាងសមាគមសាសនាចក្រ នៃព្រះយ៉េស៊ូគ្រឹស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បាននាំអំណោយមានដូចជា អាវពេទ្យចំនួន ១០០ សម្រាប់ ម៉ាសចំនួន ៥០.០០០ ម៉ាស់ និងស្រោមដៃ ១.០០០ ប្រអប់ ។

ដោយឡែក ខាងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បាននាំអំណោយជាអង្ករចំនួន ៥តោន និង ព្រះអង្គ សេង ម៉េងលក្ខ័ណ ប្រធានលខាធិការរដ្ឋាន សាលាគណខេត្តកំពង់ចាម បានកៀងគរ ផ្នែកព្រះសង្ឃនិងបាននាំអំណោយជាទឹកបរិសុទ្ធចំនួន ១.៩៩០ យួរ ផ្ដល់ជូនប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ_១៩ ខេត្តកំពង់ចាមផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន និងលោក-លោកស្រី សប្បុរសជនទាំងអស់ ដែលបានដឹកនាំអំណោយមកប្រគល់ជូន រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ចូលរួមការប្រយុទ្ធទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម៕

To Top