ព័ត៌មានជាតិ

លោកហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត ឧបត្ថម្ភគ្រែ ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីពន្លឿនរៀបចំ មន្ទីពេទ្យមេគង្គ

កំពង់ចាម ៖ ខណៈពេលមន្ទីពេទ្យ មេគង្គកំពង់ចាម ដំណើរការជួសជុលបាន ៩៥% នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភគ្រែចំនួន ១០០ គ្រែ និងលោក ហ៊ុន ម៉ានិត បានឧបត្ថម្ភគ្រែចំនួន ១៥០គ្រែ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីរៀបចំប្រើប្រាស់ សម្រាប់អ្នកជំងឺកូវីត-១៩ ព្យាបាលក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម ។

នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា មន្ទីពេទ្យមេគង្គកំពង់ចាម មកដល់ពេលនេះ ជួសជុលបាន ៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ។ ទន្ទឹមនិងនេះដែរ លោកហ៊ុន ម៉ាណែត បានឧបត្ថម្ភគ្រែចំនួន១០០ និងលោក ហ៊ុន ម៉ានិត បានជួយឧបត្ថម្ភគ្រែចំនួន១៥០ រៀបចំសម្រាប់អ្នកជម្ងឺក្នុងមន្ទីពេទ្យមេគង្គកំពង់ចាម ។

លោកនាយករដ្ឋបាល សាលាខេត្ត បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺ បានរហូតដល់ទៅប្រមាណ ជាជាង ២០០ នាក់ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ។

To Top