ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ៖ បន្ទាប់ពីថ្ងៃ៥ ឧសភា តំបន់ប្រឈម និងតំបន់ក្រហមនៅបន្តបិទ តែរួមតូចជាងមុន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលរាជ ធានីតាមរយៈ video conference នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា ក្រោយបញ្ចប់ការបិទខ្ទប់ នៅថ្ងៃទី៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ នៅតែរក្សាតំបន់៣ដដែល គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ ។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ហើយជាងនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់រួចហើយថា ពុំមានហេតុផលណា ដែលត្រូវបន្តបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ទៀតនោះទេ លើកលែងតែតំបន់មួយចំនួន ដែល នៅប្រឈមប៉ុណ្ណោះ ។

លោក ឃួង ស្រេង បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបើកឲ្យចរាចរណ៍ឡើងវិញ នៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាល ជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។

លោកអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា ចំពោះតំបន់លឿងរក្សាការអនុវត្តវិធានការដដែល ដោយ មិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។ ដោយឡែក សម្រាប់តំបន់លឿងទុំ ត្រូវរក្សាបម្រាមដដែលៗ ហើយសម្រាប់ តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទ ខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត ។ អ្វីដែលត្រូវអនុវត្ត គឺត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមក នៅទ្រង់ទ្រាយ តូចជាងមុន៕

To Top