ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា៖ ភ្ញៀវទេសចរសប្បាយរីករាយ ពេលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត ក្នុងតំបន់រមណីដ្ឋានអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភ្ញៀវទេសចរសប្បាយរីករាយ នៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាត ក្នុងតំបន់រមណីដ្ឋានអង្គរ ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «នៅពេលធ្វើ ដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក មន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារ ទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំង សម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយក ចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា»។

ជាមួយគ្នានេះដែរ កញ្ញា ស្រីរ័ត្ន អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាប បាននិយាយថា នៅពេលបានមកទស្សនារមណីដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការ ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញា បំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតង ស្រស់ស្អាតនៅក្នុងរមណីដ្ឋានអង្គរ។

កញ្ញាបន្តទៀតថា តំបន់រមណីដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍ និងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានា មានភាពបៃតងស្រស់ស្អាត។

ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបាន ប្រកាសបើករមណីដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសឡើងវិញនេះ ។ លោកបន្តថា នៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយ នៅសម្រស់ធម្មជាតិដ៏ស្រស់បំព្រង ដែលអាជ្ញាធរបានរៀបចំនេះ។

សូមរំលឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរា បានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ ៣កុំ និង៣ការពារ ឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕

To Top