Covid-19

ពលរដ្ឋមកពីបណ្តាខេត្ត អាចចូលភ្នំពេញបាន ដោយគ្មានការយកសំណាក និងធ្វើចត្តាឡីស័កឡើយ ប្រសិនមកពីតំបន់គ្មានការឆ្លង (Video)

" "

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយបែងចែកជា៣តំបន់ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពលរដ្ឋដែលមកពីបណ្តាខេត្តនានា ចង់ឡើងមកភ្នំពេញ អាចធ្វើទៅបាន ដោយមិនមានការយកសំណាក ឬធ្វើចត្តាឡីស័កឡើយ ប្រសិនបើអ្នកទាំងនោះ ត្រូវបានបញ្ជាក់ថា មកពីតំបន់មានសុវត្ថិភាព គ្មានការឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួន បានសម្រេចរាល់អ្នកថ្មី ដែលចូលក្នុងខេត្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅពិនិត្យ ។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរចេញ-ចូល ភូមិសាស្ត្ររបស់ខ្លួន ជាពិសេសនោះ ត្រូវធ្វើតេស្ដរហ័ស ដល់អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្ត តាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យ ការចេញ-ចូលភូមិសាស្ត្រ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរ ដែលចេញមកពីតំបន់ ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការ សុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ ដែលវិលត្រឡប់ ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្រ្ត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

" "

ដោយឡែកក្នុងសន្និសីទសារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា “យើងដឹងហើយថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បិទបញ្ចប់ការបិទខ្ទប់ហើយ រាជធានីខេត្ត ហើយបានបើកឲ្យការធ្វើដំណើរ រវាងខេត្តមួយទៅខេត្តមួយ រួចទៅហើយ ពីរាជធានីភ្នំពេញ ទៅបណ្តាខេត្ត ចឹងយើងសួរថា អ្នកលឿង (តំបន់លឿង) ទៅខេត្ត ខ្ញុំថាទៅបាន ។ សេចក្តីសម្រេចថាទៅបាន ប៉ុន្តែពេលបងប្អូនទៅខេត្ត ត្រូវគោរពទៅតាម សារាចរពីរ សេចក្តីណែនាំ ពីរ របស់រាជរដ្ឋាភិបាល គឺសេចក្តីណែនាំ ០២ និង០៣ ត្រូវមើលអាហ្នឹង ។ ទី៣ ត្រូវគោរពនូវវិធាន របស់អាជ្ញាធរទីតាំងដែលយើងទៅ” ។

" "

លោកអភិបាលរង បានបញ្ជាក់ថា “ចំពោះបណ្តាខេត្តចូលរាជធានី ក៏ចូលបានដែរ ព្រោះយើងអត់មានដាក់ប៉ារាស់ទេ បងប្អូននៅបណ្តាខេត្ត អាចចូលមករាជធានីភ្នំពេញបាន ប៉ុន្តែបងប្អូនត្រូវគោរពតាមការណែនាំ របស់អាជ្ញាធរ រាជធានីភ្នំពេញ មានន័យបើសិនជាបងប្អូន សើបដឹងថាមកពីតំបន់ក្រហមពីបណ្តាខេត្តផ្សេង ឬតំបន់បិទខ្ទប់ពីបណ្តាខេត្តផ្សេង យើងដឹង នឹងតម្រូវឲ្យគាត់ទៅយកសំណាក បន្ទាប់មកត្រូវចត្តាឡីស័ក ។ តែបើសិនបងប្អូន ចេញមកពីកន្លែងមានសុវត្ថិភាព ពីបណ្តាខេត្តដទៃហើយ តើយើងខ្ញុំចាំបាច់អី ទៅយកសំណាកបងប្អូន ចាំបាច់អីត្រូវទៅយកបងប្អូន ចត្តាឡីស័ក ។ ដូច្នេះអ្វីដែលបងប្អូនអាច ធ្វើដំណើរមករាជធានីភ្នំពេញបាន គឺបងប្អូនត្រូវចេញ ពីតំបន់មួយដែល គ្មានការឆ្លង គឺចូលបាន” ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបែងចែកជា ៣តំបន់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលត្រូវអនុវត្តិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូចចាប់ផ្តើម អនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕

To Top