ព័ត៌មានជាតិ

MoEYS E-Learning ជាឧបករណ៍អប់រំដ៏ប្រសើរ សម្រាប់គ្រូបង្រៀន និងអាណាព្យាបាល ជួយបង្រៀនកូននៅផ្ទះ

ភ្នំពេញ៖ កម្មវិធីស្វ័យសិក្សាមានឈ្មោះថា MoEYS E-Learning គឺជាឧបករណ៍អប់រំដ៏ប្រសើរសម្រាប់ លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាល ជួយ បង្រៀនកូននៅតាមផ្ទះ ហើយចង្អុលបង្ហាញ និងតម្រង់ ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម។

យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ភាគីទាំង២ បានប្រកាសដាក់ឲ្យប្រើជាផ្លូវការ នៃកម្មវិធីស្វ័យសិក្សាមានឈ្មោះថា MoEYS E-Learning ចាប់ពីថ្ងៃទី៧ ឧសភា។

ប្រភពដដែលបានបញ្ជាក់ថា កម្មវិធីស្វ័យសិក្សាដែល បានអភិវឌ្ឍន៍ឡើងតាមបែបឌីជីថល និងបច្ចេកវិទ្យានេះ នឹងផ្តល់ភាពងាយស្រួលរហ័ស និងចំណេញ ពេលវេលាដល់សិស្សានុសិស្សក្នុងការចូលទៅ ប្រើប្រាស់ និងអាចទាញយកប្រយោជន៍ ដ៏ច្រើនសម្បូរបែបផងដែរ។ កម្មវិធីនេះ នឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទានគន្លងជីវិតថ្មី ក្នុងវិស័យអប់រំនៅកម្ពុជាដែលសិស្សានុសិស្ស នៅកម្រិតចំណេះទូទៅអាចធ្វើស្វ័យសិក្សាបន្ថែម ស្របតាមភាពចាំបាច់ ។

សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ថា “នេះជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀតសម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាល ក្នុងការជួយ បង្រៀនកូននៅផ្ទះ ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម រំលឹកមេ រៀន ឬរៀនត្រៀមសម្រាប់មេរៀនណាមួយដែលចាំបាច់នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះ ទូទៅ»។

សេចក្តីថ្លែងការណ៍ថា នេះក៏ជាឧបករណ៍ស្វ័យសិក្សា តាមប្រព័ន្ធឌីជីថលមានលក្ខណៈ បើកទូលាយសម្រាប់សិស្សានុសិស្សទូទៅនេះ គឺជាជម្រើសដ៏ល្អ ប្រសើរដែលផ្តល់ឲ្យសិស្សានុសិស្ស គ្រប់រូបនូវឯកសារ និងឧបករណ៍សិក្សាចាំបាច់នានាឲ្យមានក្នុងដៃ។

ដើម្បីទទួលបាន និងអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូអាណាព្យាបាល និងសាធារណជន ត្រូវចូលទៅក្នុង App Store, Google Play ឬ AppGallery ដើម្បីទាញយកកម្មវិធីស្វ័យសិក្សា MoEYS E-Learning និងអានសេចក្ដីណែនាំបច្ចេកទេស ដែលមានក្នុងកម្មវិធី ស្រាប់៕

To Top