ព័ត៌មានជាតិ

អាល្លឺម៉ង់ សន្យាផ្តល់ជំនួយ​​ ឥតសំណង ៦៣លានដុល្លារ សម្រាប់កាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាជន កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៥៣លានអឺរ៉ូ ស្មើ នឹង ៦៣លានដុល្លារ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន កម្ពុជា ឆ្នាំ២០២១-២០២២ ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

ក្នុងកិច្ចប្រជុំចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ថ្មីៗនេះ ដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នោះ ភាគីអាល្លឺម៉ង់ បានបញ្ជាក់ថា «សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ សមមូលនឹង ៦៣ លានដុល្លារអាមេរិក ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២២»។

ជាងនេះទៅទៀត ទំហំហិរញ្ញប្បទានឥតសំណងនេះ រួមមាន ៖ ២៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង ២៧លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ។ បន្ថែមលើនេះ នាខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន៤,៨ លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ។ បើបូកបញ្ចូល ទាំងហិរញ្ញប្បទាន ដែលបានសន្យាផ្ដល់ក្នុងកិច្ចចរចានេះ ទំហំហិរញ្ញប្បទានសរុបបានកើនដល់ ៥៧,៨ លានអឺរ៉ូ សមមូលនឹង ៦៩ លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខភាពសកល គិតត្រឹមខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៣,៨ លានអឺរ៉ូ សមមូលនឹង ១៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រ ដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។ ហិរញ្ញប្បទាននេះ ត្រូវបាន ប្រើប្រាស់ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។

នាឱកាសនោះដែរ លោក ឈៀង យ៉ាណារ៉ា ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា៕

To Top