Covid-19

អាជ្ញាធរស្រុកបន្ទាយស្រី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ ដែលទើបវិលត្រលប់មកពីភ្នំពេញ

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់ នៅក្នុងឃុំព្រះដាក់ ឈ្មោះ រ៉ូន រាន់ ដែលទើបវិលត្រលប់មកពីភ្នំពេញ ត្រូវបានរកឃើញ មានផ្ទុកវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនមានប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍នោះទេ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅក្នុងមណ្ឌលចត្តាឡីស័ក របស់ស្រុកបន្ទាយស្រី ខេត្តសៀមរាបតាំងពីថ្ងៃមកដល់ដំបូង។

ក្រោយពីទទួលបានការរាយការណ៍ ពីសំណាក់ភរិយាលោក រ៉ូន រាន់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់បណ្តោយនៃឃុំព្រះដាក់ ថាប្តីរបស់ខ្លួននិងមិត្តភ័ក្តិ ដែលបានទៅធ្វើការនៅភ្នំពេញ ម្នាក់ទៀត នឹងធ្វើដំណើរ តាមរយៈក្រុមហ៊ុនណារីតាវិល ត្រលប់ចូលមកដល់ ក្នុងមូលដ្ឋានវិញ នៅល្ងាចថ្ងៃ៦ ឧសភារួចមក ក្រុមការងារគ្រប់គ្រងកូវីដ១៩ របស់ស្រុកបន្ទាយស្រី បានតម្រូវឱ្យក្រុមគ្រួសារ លោករ៉ូន រាន់ រៀបចំម៉ូតូ២គ្រឿង ដើម្បីទៅទទួលយកពីចំណុច ស្វាយធំ នៃស្រុកបាគង ហើយបន្តដំណើរចូលទៅក្នុងមណ្ឌលចត្តាឡីស័ក ផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យសុខភាព ដោយបានគោរពតាមវិធានការសុវត្ថិភាព មិនមានប៉ះពាល់គ្នា និងប្រើប្រាស់ម៉ូតូដាច់ដោយឡែករៀងៗខ្លួន។ ដោយពិនិត្យឃើញ មានរោគសញ្ញាគួរឱ្យសង្ស័យ ទៅលើឈ្មោះ រ៉ូន រាន់ ក្រុមការងារបាន សម្រេចបញ្ជូនបន្តទៅយកសំណាក និងទទួលបានលទ្ធផលវិជ្ជមានកាលពីយប់ថ្ងៃ៧ ខែឧសភា។

ជាវិធានការបន្ថែម និងបន្ទាន់ រដ្ឋបាលស្រុកបានជូនដំណឹងភ្លាមៗ ទាំងយប់ដល់ក្រុមគ្រួសារអ្នកវិជ្ជមាន និងអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កទាំងអស់ ព្រមទាំងសម្រេចធ្វើចត្តាឡីស័ក នៅនឹងផ្ទះទៅលើភរិយាលោករ៉ូន រាន់ និងបន្តចត្តាឡីស័ក អ្នកនៅក្នុងមណ្ឌលស្រាប់ទាំង ១៣នាក់ រយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីក្តោបឱ្យអស់អ្នកពាក់ព័ន្ធ និងធានាឱ្យបានថាមិនមាន ការឆ្លងបន្តចូលទៅក្នុងសហគមន៍។ មិត្តភ័ក្តិ រួមដំណើរជាមួយលោក រ៉ូន រាន់ មកពីភ្នំពេញ ក៏ត្រូវបានបញ្ជូនទៅធ្វើតេស្ត យកសំណាកនៅក្នុងព្រឹកនេះផងដែរ ហើយរដ្ឋបាលស្រុក នឹងធ្វើការជូនដំណឹង ពីលទ្ធផលនៅពេលក្រោយទៀត។

លោក អភិបាលស្រុក បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្រុកបន្ទាយស្រីធ្លាប់មានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាច្រើនករណីរួចមកហើយ ប៉ុន្តែមិនទាន់មានការឆ្លងបន្តចូល ទៅក្នុងសហគមន៍នៅឡើយទេ។

រដ្ឋបាលស្រុកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងអស់ នឹងនៅតែបន្តចូលរួម សហការជាមួយក្រុមការងារគ្រប់គ្រងកូវីដ រាយការណ៍ឱ្យបានទាន់ពេលវេលា និងបន្តប្រុងប្រយ័ត្នចូលរួម អនុវត្តវិធានការការពារ ”៣ការពារ-៣កុំ” ក៏ដូចជាអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាត ដើម្បីថែរក្សាឱ្យស្រុកបន្ទាយស្រីរបស់យើង អាចឆ្លងផុតពីមេរោគកូវីដ១៩ ៕

To Top