ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

សម្ដេចតេជោ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យចេញ-ចូល និងធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ ផ្ទុះជំងឺកូវីដ-១៩

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិ និត្យការធ្វើដំណើរចេញ-ចូល ភូមិសាស្ត្ររបស់ខ្លួន ជាពិសេសនោះ ត្រូវធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩។

ក្នុងសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ត្រ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរ ដែលចេញមកពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលវិលត្រឡប់ ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោក ទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន ជាពិសេស ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូល ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនូវមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនប្រភេទថ្មី។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អភិបាលរាជធានី-ខេត្ត ដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដាក់ចេញរួមគ្នា នូវវិធានការចាំបាច់នានា ដែលត្រូវអនុវត្តក្នុងភូមិសាស្រ្តរាជធានី ខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា សំដៅគ្រប់គ្រងតំបន់ដែលមានការផ្ទុះឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឬដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះយោបល់ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នាចេញសេចក្តីណែនាំ អំពីវិធានការចាំបាច់នានា ដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានរកឃើញថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦,២៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥,៧៩១នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន១០,៣៩៤នាក់ និងអ្នកស្លាប់ ចំនួន១០៧នាក់៕

ពលរដ្ឋមកពីបណ្តាខេត្ត អាចចូលភ្នំពេញបាន ដោយគ្មានការយកសំណាក និងធ្វើចត្តាឡីស័កឡើយ ប្រសិនមកពីតំបន់គ្មានការឆ្លង

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយបែងចែកជា៣តំបន់ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពលរដ្ឋដែលមកពីបណ្តាខេត្តនានា ចង់ឡើងមកភ្នំពេញ អាចធ្វើទៅបាន ដោយមិនមានការយកសំណាក ឬធ្វើចត្តាឡីស័កឡើយ ប្រសិនបើអ្នកទាំងនោះ ត្រូវបានបញ្ជាក់ថា មកពីតំបន់មានសុវត្ថិភាព គ្មានការឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួន បានសម្រេចរាល់អ្នកថ្មី ដែលចូលក្នុងខេត្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅពិនិត្យ ។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរចេញ-ចូល ភូមិសាស្ត្ររបស់ខ្លួន ជាពិសេសនោះ ត្រូវធ្វើតេស្ដរហ័ស ដល់អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្ត តាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យ ការចេញ-ចូលភូមិសាស្ត្រ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរ ដែលចេញមកពីតំបន់ ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការ សុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ ដែលវិលត្រឡប់ ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្រ្ត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

ដោយឡែកក្នុងសន្និសីទសារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា “យើងដឹងហើយថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បិទបញ្ចប់ការបិទខ្ទប់ហើយ រាជធានីខេត្ត ហើយបានបើកឲ្យការធ្វើដំណើរ រវាងខេត្តមួយទៅខេត្តមួយ រួចទៅហើយ ពីរាជធានីភ្នំពេញ ទៅបណ្តាខេត្ត ចឹងយើងសួរថា អ្នកលឿង (តំបន់លឿង) ទៅខេត្ត ខ្ញុំថាទៅបាន ។ សេចក្តីសម្រេចថាទៅបាន ប៉ុន្តែពេលបងប្អូនទៅខេត្ត ត្រូវគោរពទៅតាម សារាចរពីរ សេចក្តីណែនាំ ពីរ របស់រាជរដ្ឋាភិបាល គឺសេចក្តីណែនាំ ០២ និង០៣ ត្រូវមើលអាហ្នឹង ។ ទី៣ ត្រូវគោរពនូវវិធាន របស់អាជ្ញាធរទីតាំងដែលយើងទៅ” ។

លោកអភិបាលរង បានបញ្ជាក់ថា “ចំពោះបណ្តាខេត្តចូលរាជធានី ក៏ចូលបានដែរ ព្រោះយើងអត់មានដាក់ប៉ារាស់ទេ បងប្អូននៅបណ្តាខេត្ត អាចចូលមករាជធានីភ្នំពេញបាន ប៉ុន្តែបងប្អូនត្រូវគោរពតាមការណែនាំ របស់អាជ្ញាធរ រាជធានីភ្នំពេញ មានន័យបើសិនជាបងប្អូន សើបដឹងថាមកពីតំបន់ក្រហមពីបណ្តាខេត្តផ្សេង ឬតំបន់បិទខ្ទប់ពីបណ្តាខេត្តផ្សេង យើងដឹង នឹងតម្រូវឲ្យគាត់ទៅយកសំណាក បន្ទាប់មកត្រូវចត្តាឡីស័ក ។ តែបើសិនបងប្អូន ចេញមកពីកន្លែងមានសុវត្ថិភាព ពីបណ្តាខេត្តដទៃហើយ តើយើងខ្ញុំចាំបាច់អី ទៅយកសំណាកបងប្អូន ចាំបាច់អីត្រូវទៅយកបងប្អូន ចត្តាឡីស័ក ។ ដូច្នេះអ្វីដែលបងប្អូនអាច ធ្វើដំណើរមករាជធានីភ្នំពេញបាន គឺបងប្អូនត្រូវចេញ ពីតំបន់មួយដែល គ្មានការឆ្លង គឺចូលបាន” ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបែងចែកជា ៣តំបន់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលត្រូវអនុវត្តិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូចចាប់ផ្តើម អនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕

អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល អាចដាក់ចេញវិធានការបិទខ្ទប់ផ្នែក ណាមួយក្រោមដែន សមត្ថកិច្ចរបស់ខ្លួន

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ឬវិធានការចាំបាច់ផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺអភិបាលរាជធានី ភ្នំពេញ និងខេត្តកណ្ដាល អាចបិទខ្ទប់តំបន់ណាមួយក្រោមសមត្ថកិច្ចរបស់ខ្លួន។

តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលសម្រេច បញ្ចប់បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយអនុវត្តចាប់ពីថ្ងៃទី៦ ឧសភា តទៅ ដោយ ជំនួសមកវិញនូវវិធានការថ្មី សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដាល។

រាជរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំង ការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន»។

ក្នុងករណីនេះដែរ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី៣ ឧសភា ថា «ហេតុនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១»។

លោក បន្ដថា ត្រូវបន្តអនុវត្តវិធានការថ្មី ដែលនឹងត្រូវបានដាក់ចេញដោយ អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ឧសភា តទៅ សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។

សូមរំលឹកថា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត៕

សម្ដេចតេជោ បញ្ជាអភិបាលរាជធានី-ខេត្ត ឱ្យកែប្រែសេចក្ដីសម្រេចសម្រួល ដល់ការធ្វើដំណើរឆ្លងខេត្ត របស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តណាចេញសេចក្ដី សម្រេចតម្រូវឱ្យប្រជាពលរដ្ឋ ធ្វើចត្តាឡីស័ក ពេលចូលមូលដ្ឋានរបស់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ និងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឡើងវិញ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយបញ្ចប់បិទ ខ្ទប់ឆ្លងកាត់រាជធានី-ខេត្ត សម្ដេច ក៏បានប្រគល់ភារកិច្ចជូន អភិបាលរាជធានី-ខេត្ត ក្នុងនោះ មានខេត្តមួយចំនួន ប្រកាស ថា ប្រជាពលរដ្ឋចូលខេត្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ការធ្វើដូច្នេះ ស្មើនឹងបិទប្រទេសឡើងវិញ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានបំរាមរហូតទៅដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួន ឯងដែលចូលខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋ នៅក្នុងរដ្ឋនោះ ទេ ។ ដូចជា ខ្ញុំត្រូវធ្វើដំណើរ ឥណ្ឌូនេស៊ី ត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បើធ្វើយ៉ាងដូច្នេះវាស្មើនឹង ការបិទរដ្ឋឡើងវិញ ឬបិទប្រទេសឡើងវិញ»។

សម្ដេចតេជោ បន្ដថា «ត្រូវបន្ដធ្វើចត្តាឡីស័កចំពោះអ្នកសង្ស័យថាមានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណា ក់ ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្ដែមិនមែនគ្រប់មនុស្សឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើដូច្នេះ ប្រជាពលរដ្ឋហាក់ដូចនៅក្នុ ងទ្រុងដដែល។ ចឹងសូមឱ្យ ឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្ដីសម្រេចហួសទៅហើយ ទៅកែប្រែសម្រេចនោះទេ ជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ»៕

សម្ដេចតេជោ បន្ថែមថា ការកែសម្រួលសេចក្ដីសម្រេចនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឆ្លងកាត់រាជធានី -ខេត្ត។ សម្ដេចថា បើសិន អភិបាលរាជធានី-ខេត្ត ឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ស្មើនឹងចែកកម្ពុជា ២៥ ប្រទេស តើឱ្យប្រជាពលរដ្ឋយើងរស់យ៉ាងម៉េច?។ សម្ដេចបន្ដថា ប្រជាពលរដ្ឋចូលខេត្តមួយ ទៅខេត្តមួយ ធ្វើចត្តាឡីស័ក ស្មើនឹងធ្វើចត្តាឡីកស័កពេញប្រទេស ដូច្នេះ ធ្វើឱ្យគាំងសេដ្ឋកិច្ចរបស់ជាតិផងដែរ។

សម្ដេចតេជោ ក៏បានគាំទ្រនូវការអនុវត្តវិធានការទន់ភ្លន់ តែម៉ឺងម៉ាត់របស់ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងការអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។ សម្ដេច បានផ្ដាំផ្ញើដល់អភិបាលធានី-ខេត្តទាំងអស់ ត្រូវធ្វើចត្តាឡីស័កចំពោះអ្នក សង្ស័យឆ្លងជំងឺកូវីដ-១៩ ដើម្បីយកសំណាក់គាត់ និងឱ្យធ្វើចត្តាឡីស័ក។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «អភិបាលរាជធានី-ខេត្ត ត្រូវមើលព្រៃទាំងមូល ប្រសើរជាងមើលព្រៃមួយដើមៗ» ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ នៅក្នុងខេត្តរបស់ខ្លួន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧,៦២១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៦៨៤៣នាក់ និងស្លាប់សរុប ចំនួ១១៤នាក់៕

លោក សយ សុភាព៖ កុំយកលេសពីការអត់ស្បៀង ធ្វើសកម្មភាព បង្កើតចលាចល នាំឆ្ពោះទៅដល់បដិវត្តន៍

ភ្នំពេញ ៖ តាមរយៈរូបភា ពជាច្រើនសន្លឹក ដែលបង្ហាញ ពីការដាច់ស្បៀងរបស់ពលរដ្ឋមួយចំនួនក្នុងរដូវកាលកូវីដ១៩ ហើយទាមទារពីអ្វីដែលខ្លួនចង់បាននោះ លោក សយ សុភាព បានលើកឡើងថា សូមកុំ យកលេសនេះធ្វើសកម្មភាពបង្កើតចលាចលនាំឆ្ពោះទៅដល់ការធ្វើបដិវត្តន៍ពណ៌។

លោក សយ សុភាពក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងថា ចំពោះសកម្មភាពទាមទារ របស់ពលរដ្ឋមួយ ចំនួននេះគឺមានអ្នក នៅពីក្រោយខ្នង។

លោក សយ សុភាព ក៏បានថ្លែងទៅដល់អ្នកធ្វើការងារ ពាក់ព័ន្ធនឹងសិទ្ធិពលករ និងកម្មករខ្លះថា កុំថាខ្លួនធ្វើសកម្មភាពអ្វីមួយហើយ គេមិនដឹងនោះ គឺធ្វើអ្វីក៏ដឹងដែរ។

លោកថា អ្នកមិនអាចប្រើប្រាស់មូលនិធិរបស់លោក ដូចនៅភូមា ឬបណ្តាប្រទេសខ្លះមកបង្កចលាចលនៅស្រុកខ្មែរបានទេ។

លោក សយ សុភាពបានស្នើឲ្យអ្នកទាំងនោះប្រយ័ត្នប្រយែង ចំពោះសកម្មភាពផង។

លោកសង្កត់ធ្ងន់ថា “កុំអាងអីទាមទារសិទ្ធិ ហើយយកលេសនេះ ធ្វើសកម្មភាពបង្កើតចលាចល នាំឆ្ពោះទៅដល់បដិវត្តន៍ ប្តូររបប ដែលផ្ទុយស្រឡះ ទាំងស្រុងពីរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជា ឆ្នាំ១៩៩៣”។

លោកបន្តថា កុំព្យាយាមរុញអ្នកមិនដឹងអី ឲ្យរងគ្រោះ ចំពោះទង្វើក្រុមរបស់ អស់លោកម្តងហើយម្តទៀត។

ជាមួុយគ្នានេះដែរ លោក សយ សុភាពបានលើកជាសំណួរថា តើពួកគាត់សរសេរដោយចិត្តឯង ឬ ការៀបចំ។ លោកបាននិយាយបញ្ឆិតបញ្ឆៀងថា សូមកុំយកកូនខ្មែរ ដែលគេចពីកូវីដ១៩ ទៅបំរើឧបាយកលទុច្ចរិកទៀត។

លោកបន្ថែមថា “ខ្ញុំចង់ប្រាប់ថាសកម្មភាពនេះ ហើយដែលចង់ធ្វើបងិវត្តន៍ ផ្តួលរាជរដ្ឋាភិបាល ជ្រកក្រោមលេស ជំងឺកូវីដ១៩នោះ។ ដៃម្ខាងចង់សហការល្អ ដៃម្ខាងបូញមាត់បោះដៃឲ្យម្ខាងទៀត…។ ស្ទីលដដែលៗ។អ្នកបន្ទរជ្រកក្រោមស្លាកផ្សេង ប្រយ័ត្នប្រយែង។ មេរបស់អស់លោកទទួលបាន ដីកាមួយហើយ”។

ក្នុងសម័យកាលកូវីដនេះ គឺប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើពលរដ្ឋ​គ្រប់ពេលវេលាដោយ បានចែកអំណោយ ស្នើឲ្យធនាគារបន្ធូរបន្ថយ ការបង់ប្រាក់ចំពោះរដ្ឋជាដើម៕

អ្នកនាំពាក្យ រាជរដ្ឋាភិបាល ឲ្យបញ្ឈប់ជាបន្ទាន់សកម្ម ភាពវាយប្រហារដ្ឋាភិបាល ហើយបើនៅបន្តនឹងផ្ដន្ទាទោសមិនលើកលែង

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ផ្សព្វផ្សាយ វាយប្រហារ លើរាជរដ្ឋាភិបាល ពេលកំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ -១៩ ហើយបើនៅតែបន្តនឹងត្រូវផ្ដន្ទាទោស ដោយពុំមានការលើកលែង។

នេះបើតាមកសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ការស្នើនេះដោយសារកន្លងមក នៅតាមបណ្ដាញសង្គម មានជនឆ្លៀត ឱកាសមួយចំនួន បានបំផុសព័ត៌មាន ក្នុងន័យញុះញង់ និងបង្កើតចលាចល នៅក្នុងស្ថានភាព ដែលប្រជាជាតិ កំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ បណ្ដាលឲ្យមានភាព សោកសៅបំផុត ចំពោះការបាត់បង់ជីវិត ប្រជាពលរដ្ឋជាបន្តបន្ទាប់ ៕

សម្ដេចតេជោ ប្រកាសចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈ Comment នៅលើទំព័រ Facebook របស់សម្តេច ដោយឆ្លើយតបនឹងសំណូមអ្នកលេងហ្វេសបុកម្នាក់ឈ្មោះ «Ben KH» ដែលបានលើកជាសំណូមពរនៅលើទំព័រ ហ្វេសបុករបស់ សម្តេចស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះថា ពេទ្យមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់ទេ។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱយបានមុន»។

សម្ដេចតេជោ បន្ដថា «សូមបងប្អូនអត់ធ្មត់រង់ចាំ បន្តិចវ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱយបានគ្រប់ៗគ្នា។ ខ្ញុំប្រើពាក្យថា ស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យ មានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»៕

សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ ពីប្រជាពលរដ្ឋ ដោយរង់ចាំ ចាក់វ៉ាក់សាំង តាមលំដាប់ លំដោយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដោយមូលហេតុថា អ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតាមលំដាប់អាទិភាព ដូច្នេះ ត្រូវរង់ចាំតាមលំដាប់លំដោយជាមុនសិន ព្រោះថា គ្រូពេទ្យមានតិច រីឯអ្នកចាក់មានច្រើន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានហ្វេសប៊ុកឈ្មោះ Bro Jimmy ចូលខំមិនហ្វេសប៊ុក សម្ដេចថា «ពុក គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយ អត់ទាន់បានចាក់ទេ»។

ជាការឆ្លើយ សម្ដេចតេជោ មានប្រសាសន៍ថា «សូមចាំបន្តិច ដោយយើងចាក់មានមុនមានក្រោយតាមលំដាប់អាទិភាព ព្រោះគ្រូពេទ្យមានតិច ឯអ្នកត្រូវចាក់មានច្រើន។ សុំការយោគយល់»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,៧៧៥,០៦១នាក់៕

ប្រមុខការពារជាតិ អំពាវនាវពលរដ្ឋ ក្នុងតំបន់ក្រហម ឲ្យទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាមកាលកំណត់ របស់អាជ្ញាធរ ចៀសវាងភាព កកកុញ

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទៅ ទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាង នូវភាពកកកុញ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា នេះ សម្ដេច ទៀ បាញ់ បានអំពាវនាវ យ៉ាងដូច្នេះថា « សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ ក្រហម នៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់ របស់អាជ្ញាធរ ដើម្បីចៀស វាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ “៣ការពារ ៣កុំ”»

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្រុមការងារអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យរួចរាល់ត្រឹម ខែឧសភា ឆ្នាំ២០២១ ៕

អគ្គមេបញ្ជាការរង៖ ចាក់វ៉ាក់សាំងកូវីដ១៩ មិនយកលុយឡើយ បើបុគ្គលណាយកនឹង ចាត់ការតាមច្បាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមិនមាន ការយកថវិកាឡើយ ហើយបើមានបុគ្គលណាទារ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទទក ។

លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្ត ចាក់វ៉ាក់សាំងត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អសយដ្ឋាន និងទីលំនៅច្បាស់លាស់។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម បានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងខណ្ឌចំនួន៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌកំបូល ,ពោធិ៍សែនជ័យ , មានជ័យ និងខណ្ឌដង្កោ។ ក្នុងរយៈពេល២ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋបានជិត៦ម៉ឺននាក់ ៕

លោកស្រី ឱ វណ្ណឌីន៖ ការផ្ទុះឡើងវិញនូវមេរោគកូវីដ-១៩ នឹងអាចកើតឡើង ប្រសិនយើងធ្វេសប្រហែស

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩ គឺវានៅជាមួយ យើងជានិច្ច ថ្វីត្បិត រាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញ មេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនបើយើង មានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួន មានរួចទៅហើយ រហូតបិទខ្ទប់លើកទី២ និងលើកទី៣ ដោយសារការវិលត្រឡប់ វីរុសកូវីដ-១៩ ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅពេលយើងបញ្ចប់ការបិទខ្ទប់នេះ ប្រជាពលរដ្ឋច្បាស់ ជាចេញទៅខាងក្រៅ ហើយការចម្លងវីរុសកូវីដ-១៩ វានឹងអាចលោតហក់ឡើងវិញ ហើយវាខ្លាំងជាងយើងបិទខ្ទប់ លើកទី១ទៀត ។

លោកស្រីជឿថា បងប្អូនមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ ប៉ុន្តែបងប្អូនត្រូវចូលរួម អនុវត្តវិធានការណែនាំ របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ពិសេស បុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយ វីរុសកូវីដ-១៩ ដោយមិនត្រូវឲ្យវីរុសកូវីដ-១៩ ឆ្លងមកខ្លួនឯងទេ តាមរយៈវិធានការ ៣កុំ ៣ ការពារ និង ២ចូលរួម កុំទៅទីតាំងណាដែលមានការប្រមូលផ្ដុំមនុស្សច្រើន ពិសេសទៅទៀតនោះមានតែបុគ្គលគ្រប់ៗរូបប៉ុណ្ណោះ ដែលអាចការពារ មិនឲ្យឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបាន ហើយនឹងឈានទៅកាត់ផ្តាច់ ការចម្លង ក្នុងសហគមន៍ ៕

ឧបករណ៍តេស្តរហ័ស ជួយបង្កើនសមត្ថភាពស្វែងរកអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាហេតុ ធ្វើឱ្យតួលេខ អ្នកឆ្លងកើនឡើង ជាប្រចាំ

ភ្នំពេញ ៖ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា មូលហេតុធ្វើឱ្យតួលេខអ្នកឆ្ល ងជំងឺកូវីដ-១៩ មានការកើនឡើង ដោយសារក្រុមគ្រូពេទ្យប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមានឬអវិជ្ជមាន ក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ។

លោក ហុក គឹមចេង បានឱ្យដឹងបែបនេះ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនមានការងឿងឆ្ងល់ថា «ហេតុអ្វីបានជាចំនួន អ្នកឆ្លងថ្មីកើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ»។

លោក ហុក គឹមចេង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី៤ ខែឧ សភា ឆ្នាំ២០២១ ថា ក្រោយពីធ្វើតេស្ដរហ័សរួច ក៏បញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍ដែរ។

លោក បានថ្លែងថា «តាមពិតទៅមានការឆ្លងជំងឺកូវីដ-១៩ច្រើន ហើយយើងប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ យើងរកឃើញអ្នកជំងឺកូវីដភ្លាមៗ ដូច្នេះ យើងរកឃើញអ្នកជំងឺកាន់តែច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃ»។

លោក បានបន្ដថា ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មានការថយចុះ ជាពិសេសនោះ ឈានទៅការគ្រប់គ្រងជំងឺកូវីដ-១៩។

ជាងនេះទៅទៀត លោក ហុក គឹមចេង ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំងកូវីដ-១៩ និងនៅផ្ទះ (បើមិនមានការចាំបាច់ កុំចេញក្រៅផ្ទះ) ទាំងនេះជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់ប្រជាពលរដ្ឋ យកឈ្នះសត្រូវអត់ស្រមោល កូវីដ-១៩។

ថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បានណែនាំដល់ម្ចាស់មន្ទីរពេទ្យេឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សកូវីដ-១៩ ត្រូវធ្វើការកំណត់តម្លៃឱ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទ ត្រូវដាក់បង្ហាញតម្លៃនៅទីសាធារណៈ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦,២៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥,៧៩១នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន១០,៣៩៤នាក់ និងអ្នកស្លាប់ ចំនួន១០៧នាក់៕

នារីម្នាក់លួចគេចវេះចេញ តំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹង ថាមានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ម្នាក់​ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញ តំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩) ហើយអ្នកជំងឺរូបនេះ បានប៉ះពាល់ ដោយប្រយោល ជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យា ការងារជាមួយគ្នាចំនួន ២០នាក់ បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារ ក្នុងខេត្តព្រះសីហនុ។

ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនា មិនគោរពវិធានការរដ្ឋបាល ដែលមានចែង នៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ចំពោះ បុគ្គលល្មើសខាងលើ ឱ្យបានតឹងរ៉ឹងបំផុត ៕

ស្នងការរងខេត្តព្រះវិហារ ម្នាក់ឆ្លងជំងឺកូវីដ-១៩ បានទទួលមរណភាព

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ចៅ ស៉ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្លងជំងឺកូវីដ-១៩ ហើយទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមលិខិត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៤ ឧសភា បានរៀបរាប់ថា លោកវរសេនីយ៍ឯក ចៅ ស៉ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ-១៩។

កន្លងមក លោកវរសេនីយ៍ឯក ចៅ ស៉ីផន មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាម បណ្ដាលឲ្យស្លាប់ មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យ សម្រាកព្យាបាល នៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូន ទៅសម្រាកព្យាបាល នៅរាជធានីភ្នំពេញ៕

កូរ៉េ ផ្តល់ជំនួយ ជាគ្រឿងបរិក្ខារពេទ្យ តម្លៃ ៣០ម៉ឺនដុល្លារដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយមនុស្សធម៌ នូវគ្រឿងបរិក្ខារពេទ្យ ជាទឹកប្រាក់ស្មើនឹង៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េបានសម្រេចជួយ ដល់កម្ពុជា ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដោយផ្តល់នូវគ្រឿងប រិក្ខារពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ ម៉ឺនដុល្លារ។

លោកស្រី សឿង រដ្ឋចាវី បានថ្លែងអំណរគុណចំពោះសណ្តានចិត្ត និងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវការជំនួយជាចាំបាច់។ លោកជំទាវបានបន្ដថា ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េ កន្លងមកបានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រីបានបន្ថែមថា “ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិភាពបានទេនៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជាជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា”។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចាគភ្លាមៗនូវថវិកាចំនួន ២០ម៉ឺនដុល្លារអាម៉េរិក និងឧបករណ៍ធ្វើតេសរកមេរោគកូវីដ១៩ ដែលមានតម្លៃស្មើនឹង ១០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។ ទន្ទឹមនេះ សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងការឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយៈ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC Program: Agenda for Building Resilience Against COVID 19) ប្រមាណ ១លានដុល្លាអាម៉រិក ក្នុងនោះរួមមាន ការផ្តល់ជូនតង់សម្រាប់ធ្វើតេស្ដរកវីរុសចំនួន ២០ និងបន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ ចំនួន៦០។ ផ្តល់គ្រឿងឧបភោគបរិភោគ និងឱសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍នៅកម្ពុជា នៅចំណុចច្រកចូល និងមណ្ឌលចត្តាឡីស័ក្ត ផ្តោតលើខេត្តចំនួន ៥ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង៕

ក្រសួងការងារ ដាស់តឿន ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យមានការឆ្លង រាលដាលជំងឺកូវីដ-១៩ ជាថ្មី

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ បានដាស់តឿន ទៅដល់ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាព អាជីវកម្មឡើងវិញនេះ ទៅជាឱកាស ធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យ មានការបិទរោងចក្រនោះឡើង វិញដោយ រដ្ឋបាលរាជធានី ឬខេត្ត។

ការដាស់តឿននេះធ្វើឡើងក្រោយ រដ្ឋបាលសាលារាជធានីភ្នំពេញ និងខេត្តកណ្ដាលរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាព ផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំង កម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។

លោកហេង សួរ បានរំឮកថាគ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ ព្រមទាំងគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា បានគាំទ្រការផ្តើមសង្វាក់ ផលិតកម្ម នៃរោងចក្រ ក្នុងវិស័យកាត់ដេរ ជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជិតសរុប និងឆ្លាស់វេនគ្នា រៀងរាល់ពេល ២សប្តាហ៍។

លោកបន្តថា អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសគួរពិនិត្យ លើសេចក្តីថ្លែងការ របស់គណៈកម្មការក្រុមប្រឹក្សាការងារនាថ្ងទី៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

សូមរំលឹកថា យោងសេចក្តីសម្រេចលេខ ១០០/២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងយោងសេចក្តីសម្រេចលេខ ០៨៥ របស់រដ្ឋបាលខេត្តកណ្តាល នោះរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។

អ្នកគ្រប់គ្រងរោងចក្រ ត្រូវយកថ្ងៃទី១ នៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ (ថ្ងៃទី០៦ ខែឧសភា) ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០% ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០%ទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ ដែលមានរយៈពេល២សប្តាហ៍ដូចគ្នា។
ទន្ទឹមនឹងនេះត្រូវពិនិត្យលើ៖
១. ស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីនបម្រើឱ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់ក្នុងអាគារផលិតកម្ម
២. វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាសឱ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ ,ការបាញ់អាល់កុលពេលចូលនិងចេញពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ
៣. ការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឱ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ
៤. ត្រៀមរំឮកម្មករនិយោជីតឱ្យពាក់ម៉ាសជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឱ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ៕

CDC អនុម័តគម្រោង វិនិយោគថ្មី ចំនួន២ មានទុន វិនិយោគ ជាង៤,៧លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគថ្មី ចំនួន២បន្ថែមទៀត ដែលមានទុន វិនិយោគ ជាង៤,៧លានដុល្លារ និងអាចបង្កើតការងារជាច្រើនកន្លែងផងដែរ ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖

ទី១- GREEN POWER BIOCHEMICAL CO., LTD: គម្រោងបង្កើតរោងចក្រ ផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ២១៣កន្លែង។

និងទី២-CONTENDER COMPOSITE CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿង បន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៣៨៨នាក់៕

To Top