ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាល ជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាល ជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង២០០នាក់ ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹម បិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។

ក្នុង ឱកាស ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម តាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា ស្ថានភាពអ្នកឆ្លង កូវីដ១៩ នៅភ្នំពេញកើនឡើង ពីជាង៤០០ទៅ៥០០នាក់ ក្នុងមួយថ្ងៃ តែសម្រាប់តួរលេខថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ បានធ្លាក់ចុះមកនៅត្រឹមតែ ជាង២០០នាក់ប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយ បង្ហាញពីការថយចុះច្រើន អ្នកជម្ងឺកូវីដ-១៩ ។

ដូច្នេះជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំ តំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុន ឬអាចឈានទៅដល់ការបិទខ្ទប់ ត្រឹមតែលំនៅដ្ឋាន ដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈ ឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួល ក្នុងការធ្វើចរាចរណ៍ បំពេញការងារ និងរកស៊ីបាន៕



