ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់ ២នាក់ ក្រោយលួចនាំពលករខ្មែរ ជាង ២០នាក់ ឆ្លងដែនចូលថៃ

ភ្នំពេញ៖ មេខ្យល់ចំនួន២នាក់ ដែលសកម្ម ក្នុងការនាំពលករឆ្លងដែន ខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពួកគេកំពុងដឹកនាំពលករ២៥នាក់ឆ្លងដែនទៅប្រទេសថៃនៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោមបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំង នគរបាលការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករង ប៉ោយប៉ែត និងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែន ខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។

ជាក់ស្តែងវេលាម៉ោង ១:៣០នាទី រហូតដល់ម៉ោង៣ទៀបភ្លឺ ថៃ្ងទី១០ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាត ក៏ជួបមេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែន ចេញទៅថៃ ហើយមេខ្យល់បានរត់ទៅសំងំ ក្នុងផ្ទះស្ថិតក្នុងឃុំម៉ាឡៃ លុះដល់វេលាម៉ោង ៧ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបាន។

មេខ្យល់ដែលត្រូវបានចាប់ខ្លួន ទី១ឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទី២.ឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ពួកគេទាំង២នាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅស្នាក់ការ កងរាជអាវុធហត្ថស្រុកម៉ាឡៃ ។ ចំណែកឯពលករទាំង២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ៕

To Top