ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ចុះស្រាវជ្រាវ កម្មករ-កម្មការិនី ពាក់ព័ន្ធនឹងអ្នក កើតជំងឺកូវីដ-១៩ ក្នុងរោងចក្រ លី ឈាងខប ស្រុកបាធាយ

កំពង់ចាម ៖ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួល លទ្ធផលវិជ្ជមានកូវីត-១៩ ទៅលើកម្មការិនី ចំនួន ៧នាក់ នៅរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទាន់ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មានកម្មករ-កម្មការិនី ប្រមាណជា ជាង ២០០នាក់ ត្រូវបានរកឃើញថា បានប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងអ្នកកើតជំងឺកូវីដ-១៩ ចំនួន៧នាក់ ដែលជាកម្មករ-កម្មការនី ធ្វើការនៅក្នុងរោងចក្រ លី ឈាងខប ។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់នោះ ត្រូវបាននាំមកធ្វើតេស្ត ពិនិត្យសំណាង ដើម្បីរកមេរោគ ជំងឺកូវីដ-១៩ និងបាននាំពួកគាត់ទៅ ធ្វើចត្តាឡីស័កនៅមណ្ឌល ធ្វើចត្តាឡីស័ក ស្រុកបាធាយតែម្ដង ។ ចំណែករោងចក្រលី ឈាងខប ត្រូវបានសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ន។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ចំពោះភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំងស្រុកបាធាយ មានកម្មករ-កម្មការិនី ចំនួន ៦នាក់ ដែលវិជ្ជមានកូវីដ-១៩ ពួកគាត់មានលំនៅដ្ឋាននៅភូមិនោះ ហេតុដូច្នេះ អាជ្ញាធរខេត្តត្រូវសម្រេច បិទខ្ទប់ភូមិនោះផងដែរ ។

លោកអភិបាលខេត្ត ក៏បានឲ្យដឹងផងដែរថា លើផ្លូវជាតិលេខ ៦ A នៅចំណុចផ្លូវបំបែកស្គន់ ក្នុងស្រុកជើងព្រៃ ស្ពោះទៅខេត្តកំពង់ធំ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់ជូនដាក់ភ្លើង សញ្ញាចរាចរណ៍ នៅចំណុចនោះ ដើម្បីកាត់បន្ថយ ការគ្រោះថ្នាក់ចរាចរណ៍ តាមការស្នើសុំ របស់អាជ្ញាធរខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាភ្លើងសញ្ញាសារាចរនោះ នឹងរៀបចំដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

To Top