ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនសហការ បើកកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធ ២០២២ឲ្យជោគជ័យ

ភ្នំពេញ ៖ ក្នុងនាមជាថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាត្រៀមខ្លួន សហការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ២០២២ ខាងមុខឲ្យបានជោគជ័យ។

បើតាមការប្រកាស របស់ក្រសួង នៅព្រឹកថ្ងៃទី១០ ឧសភានេះ គណៈកម្មការជាតិរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូ ដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ។ ក្នុងនោះលោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការត្រៀមខ្លួន របស់ក្រសួង ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោម សរសរស្តម្ភ សេដ្ឋកិច្ចរបស់អាស៊ាន។

លោកបញ្ជាក់ថា «ទទួលយកអនុសាសន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាថា នឹងសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេច បាននូវភាពជោគជ័យ របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២»។

លោកបានរំលេចថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធី ក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមមាន ៖ កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០២០ កន្លងទៅ។

ក្រៅពីនេះ ក្រសួងក៏បាននឹងកំពុងជំរុញ នីតិវិធីសេសសល់ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរក ការចុះហត្ថលេខា ឲ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចា កិច្ចព្រមព្រៀង ជាមួយដៃគូពាណិជ្ជកម្ម ផ្សេងទៀត (ជប៉ុន ឥណ្ឌា) នៅពេលការសិក្សាបានបញ្ចប់ ៕

To Top