ភ្នំពេញ៖ ការបង្រួមតំបន់បិទខ្ទប់ឱ្យនៅរួមតូច ជាកិច្ចការងារមួយ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើ ដើម្បីសម្រួលការលំបាក ជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ចេញ-ចូល ទៅធ្វើការងារនិង ប្រកបមុខរបរ រកស៊ីចិញ្ចឹមជីវិត បានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើន សប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឱ្យបាន ការរីករាលដាលជំងឺកូវីដ-១៩ ។
ដើម្បីឱ្យការងារ នៃការបង្រួមតំបន់បិទខ្ទប់ ឲ្យនៅរួមតូចនេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាល ខណ្ឌទាំង១៤ បានបើកកិច្ចប្រជុំ តាមរយៈ video conference មួយ ដើម្បីពិនិត្យ ពិភាក្សានិង កំណត់ទីតាំង ឱ្យបានច្បាស់លាស់ មុននៃការសម្រេចដាក់ តំបន់ ដែលត្រូវបង្រួមនេះ ឱ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ ។
ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានធ្វើការណែនាំ អោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ អោយបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមាន ករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅ តំបន់លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះ ពិភាក្សាគ្នា ដើម្បីកំណត់ទីតាំង តំបន់ប្រឈមនោះ មកនៅរួមតូច ។
លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “ដូច្នេះសុំអាជ្ញាធរយើង ត្រូវសិក្សាកំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗ ឱ្យនៅរួមតូចនេះ នៅថ្ងៃ១២ ឧសភានេះ”។
ក្នុងកិច្ចប្រជុំនោះដែរ គ្រប់ខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាព នៃការគ្រប់គ្រងកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ដោយតំបន់ខ្លះ ដែលធ្លាប់ជាតំបន់ក្រហម និង តំបន់លឿងទុំ បានស្នើឱ្យប្រែក្លាយមកជា ជាតំបន់លឿង ដោយតំបន់នោះ មិនមានការរីករាលដាល ជម្ងឺកូវីដ-១៩ បន្តទៀត ។ តំបន់ខ្លះទៀតសូមឱ្យនៅរក្សាតំបន់ ក្រហម ឬតំបន់លឿងទុំដដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួន មិនត្រូវបានបិទខ្ទប់ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះ ដែលមានវិជ្ជមាន កូវីដ-១៩ តែប៉ុណ្ណោះ ៕