ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាឱ្យភាគីពាក់ព័ន្ធ ត្រូវស្រាវជ្រាវករណី អ្នកវិជ្ជមានជំងឺកូវីដ-១៩ហើយ នៅតែបន្ដមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដទៀត ខណៈសម្ដេច ចាត់ទុកថា ទាំងនេះជាចេតនា មកចម្លងអ្នកដទៃ ហើយខុសច្បាប់ទៅទៀត។
សម្ដេច ទៀ បាញ់ ចេញបទបញ្ជាបែបនេះ ក្រោយពីបុគ្គលមួយចំនួន ដឹងថាខ្លួនមានជំងឺកូវីដ-១៩ហើយ នៅតែបន្ដមកចាក់វ៉ាក់សាំងទៀត ដែលជាមហន្ដរាយខ្លាំងណាស់ ដល់យុទ្ធនាការចាក់វ៉ាក់សាំង របស់ជាតិ ។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «តាមព័ត៌មានហ្នឹង មានអ្នកដែលដឹងថា មានកូវីដហើយ គឺនៅតែបណ្ដោយ ឱ្យមកចាក់ថ្នាំនេះ ខ្ញុំយល់ឃើញថា រឿងនេះគឺត្រូវផ្សព្វផ្សាយទូទៅតែម្ដង ។ សមត្ថកិច្ចដែលមាន ការពាក់ព័ន្ធទាំងអស់ បើសិនជាបណ្ដោយឱ្យមនុស្សមានកូវីដហើយ ឱ្យចូលមកចាក់វ៉ាក់ សាំងនេះ គឺត្រូវទទួលខុសត្រូវតាមមុខច្បាប់ ។ ខ្ញុំគិតថា វាជាចេតនាហើយ ដើម្បីយកមកចម្លងដល់អ្នកដទៃ ដែលនេះខុសច្បាប់យ៉ាង ធ្ងន់ធ្ងរបំផុត» ។
សម្ដេច បញ្ជាថា «ឥលូវនេះត្រូវតែស្រាវជ្រាវរក បើសិនមានផែនការនេះមែន ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ហើយនេះមិនមែនជារឿងធម្មតាទេ ដែលនាំការចម្លងដល់អ្នកប្រតិបត្តិការ ដែលនាំឲ្យមានការ ខូចខាតធ្ងន់ធ្ងរណាស់»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២០,២២៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨,១៧០នាក់ និងស្លាប់ ចំនួន១៣១នាក់ ៕