ព័ត៌មានជាតិ

ដឹងមូលហេតុពិត ដែលបុរសជាប្តី សម្លាប់ប្រពន្ធ និងកូនទាំង៥នាក់

ភ្នំពេញ ៖ ស្តាប់ការរៀបរាប់ របស់បុរសជាប្តី រៀបចំសម្លាប់ប្រពន្ធ-កូនពិត ជាសាហាវយង់ឃ្នង កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សាហាវយ៉ាងនេះ គឺគ្រាន់តែប្រពន្ធជេរខ្លួន ហើយខឹងសម្បារ បានយកកាំបិត ចាក់ប្រពន្ធ២កាំបិតស្លាប់ភ្លាម ហើយទាត់កូន អាយុ៣ឆ្នាំ ស្លាប់ផងដែរ បន្ទាប់មកដោយឃើញកូនប្រុសបង អាយុ៩ឆ្នាំ និងកូនភ្លោះ អាយុ៧ឆ្នាំ ២នាក់ទៀត យំស្លន់ស្លោ ឃាតកជាប្តីបានយកពូក មកបិតច្រកជណ្តើឡៅតឿ មិនអោយកុមារទាំង៣ចុះរួច ហើយក៏បានដុតសម្លាប់ទាំងអស់ តែម្តងទៅ ។ នេះបើតាមការរៀបរាប់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ឧសភា។

ស្រ្តីជាប្រពន្ធដែលស្លាប់នោះ គឺមានផ្ទៃពោះផងដែរ ដូច្នេះសរុបកូនទាំងអស់មាន៥នាក់ ។

សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងមានករណីអគ្គិភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ៧ម៉ែត្រ គុណ ១២ ម៉ែត្រសង់ពីដែកបាំងនិងប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្រោយការផ្ទុះរឿងឆេះផ្ទះធ្វើឲ្យប្រពន្ធ-កូនស្លាប់៦នាក់នោះក៏មានសង្ស័យ ហើយសមត្ថកិច្ចបើកការស្រាវជ្រាវផងដែរ ទើបបានដឹងរឿងរ៉ាវពិតប្រាកដថា ប្តីជាឃាតក។

ក្នុងសំណុំរឿងនេះ បានចូលរួមពីភាគីពាក់ព័ន្ធ បើកការស៊ើបអង្កេតដូចជា ៖ ក្រុមការងារស៊ើបអង្កេតបទ ល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋាននគរបាល បច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ៕

To Top