ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទចំពោះខ្មែរឥស្លាម ទាំងក្នុង និងក្រៅប្រទេស ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។
តាមរយៈហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១»។
សម្ដេចតេជោ ក៏បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ។
សម្ដេចតេជោ បន្ដថា នៅក្នុងពេលវេលាដែលប្រទេស កម្ពុជាកំពុងតែប្រយុទ្ធ ប្រឆាំងជម្ងឺឆ្លង កូវិដ-១៩ ដ៍កាចសាហាវនេះ សម្ដេច អំពាវនាវ ឱ្យបងប្អូនបង្កេីនការប្រុងប្រយ័ត្ន ទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានឆក់យកជីវិតមនុស្សចំនួន ១៣៦ នាក់រួចមកហេីយនៅប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ គឺមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ ដោយត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ជាប់ជានិច្ច ។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា «សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ។ ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីខានឡើយ»៕