ភ្នំពេញ ៖ លោក ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវណែនាំ គ្រប់វត្តអារាម ឲ្យតុបតែងលម្អ បានសមរម្យ ក្នុងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៨យាងចូល ៦៩ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខ ។
ក្នុងនោះគ្រប់វត្តអារាម ត្រូវធ្វើការបោសសម្អាតទីធ្លាក្នុងវត្ត និងកន្លែងសក្ការៈគោរពបូជាឲ្យបានស្អាត តុបតែងលម្អទង់ជាតិ ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរៀបចំតាំង ព្រះបរមឆាយល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ដោយតុបតែងលម្អឲ្យបានសមរម្យ»។
លោករដ្ឋមន្ដ្រីក៏បានណែនាំ ដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវសហការជា មួយសាលាគណ រាជធានី-ខេត្ត ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម ព្រះមហាក្សត្រផងដែរ ៕



