ព័ត៌មានជាតិ

ប.ស.ស. បង្កើតក្រុមជនបង្គោល​ ដើម្បីឆ្លើយតបរហ័ស​ ទៅនឹងចម្ងល់ សមាជិករបស់ខ្លួន អំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ដោយមានការអនុញ្ញាត​ ពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ នេះលោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​ សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការរៀបចំបង្កើត ក្រុមជនបង្គោល ដើម្បីឆ្លើយតបរហ័ស ទៅនឹងចម្ងល់សមាជិករបស់ខ្លួន ក្នុងគ្រាដែលជំងឺកូវីដ-១៩ កំពុងតែបន្តរីករាលដាល ក្នុងពិភពលោក រួមទាំងកម្ពុជា យើងផងដែរ ។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ឱ្យដឹងថា ក្នុងគ្រាដែលជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល ប.ស.ស. បានសម្រេចផ្អាក ជាបណ្តោះអាសន្ន ក្នុងការចុះអប់រំផ្សព្វផ្សាយរបស់ខ្លួន ដោយផ្ទាល់​ដល់សមាជិករបស់ខ្លួន ដូច្នេះការបង្កើតឱ្យមាន ក្រុមជនបង្គោលនេះឡើង គឺដើម្បីសម្របសម្រួលឆ្លើយតប និងដោះស្រាយ រាល់ចម្ងល់ផ្សេងៗរបស់បងប្អូន ដែលជាសមាជិក ប.ស.ស. ក៏ដូចជាសាធារណជន ទូទៅផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក ហេង សុផាន់ណារិទ្ធ បានជម្រុញ និងលើកទឹកចិត្ត​ដល់ក្រុមជនបង្គោលទាំងអស់ ​ត្រូវចេះសហការគ្នា និងចូលរួមឆ្លើយតប ទៅកាន់សមាជិក ប.ស.ស. ក៏ដូចជាសាធារណជន ដែលមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ សេវា ប.ស.ស. ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗ ឱ្យបានទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីក្រុមជនបង្គោល ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃគ្រប់នាយកដ្ឋានទាំងអស់ នៃ ប.ស.ស. សរុបជាង ២០នាក់៕

To Top