ព័ត៌មានជាតិ

សម្ដេចតេជោ ៖ រកឃើញមនុស្សទី២លាន​ ចាក់វ៉ាក់សាំងកូវីដ១៩ នឹងត្រូវទទួលរង្វាន់ លើកទឹកចិត្ត ១០លានរៀល

ភ្នំពេញ ៖ រកឃើញមនុស្សទី២លានហើយ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលនឹងត្រូវទទួលបានរង្វាន់ លើកទឹកចិត្តចំនួន១០លានរៀល ។ អ្នកចាក់ទី២លាននេះ បានទៅលើស្រ្តី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

ការផ្តល់រង្វាន់លើកទឹកចិត្តនេះ នឹងប្រគល់ជូនដោយលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង ។

សម្តេចតេជោបានថ្លែងថា លោក ហ៊ុន ម៉ាណែតជាអ្នកចាក់ម្ជុលទី១ បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃ១០ ខែកុម្ភៈ ២០២១ បន្ទាប់មកថ្ងៃ១១ ខែមេសា ២០២១ បានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំង គឺលោកលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។

សម្តេចបន្តថា ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើង ល្អជាងអង្គុយបក់ផ្សែង ព្រោះគ្មានជម្រើសណាល្អជាងការខិតខំស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាជននោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀត នៅស្ទើរគ្រប់ប្រទេសតម្រូវឲ្យខិតខំរកវិធីទប់ស្កាត់ការឆ្លង និងការបាត់បង់ជីវិត ប្រជាជនតាមរយៈការចាក់វ៉ាក់សាំង ។

សម្តេចតេជោបន្ថែមថា ក្នុងចំណោមប្រជាជន ទាំងចាស់ទាំងក្មេង១៦លាននាក់ ដែលនឹងត្រូវចាក់វ៉ាក់សាំងមានតែ ១០លាននាក់ប៉ុណ្ណោះ។ ដំណើរការចាក់វ៉ាក់សាំងនេះ កំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ ។ ដោយចាក់នៅរាជធានីភ្នំពេញ មានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញ ទៅបណ្តាខេត្តតាមលំដាប់អាទិភាព ៕

To Top