Covid-19

កំណត់ត្រា ៤ស្ថាប័ន ស្តីពីសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងចេញនៅដើមខែមិថុនា

កំណត់ត្រាទី១ មានចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា៖ សង្រ្គាមដំណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះ​មរណៈ – ជំងឺកូវីដ-១៩” ដែលផ្តោតលើសកម្មភាព រួមរបស់ថ្នាក់ជាតិ ពិសេសរបស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានប្រមាណ១០០០ទំព័រ។

កំណត់ត្រាទី២ មានចំណងជើងថា “ក្រសួងព័ត៌មាន ៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលផ្តោតតែពីសកម្មភាពរបស់ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានក្រោមចំណុះ និងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មដំណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះ​មរណៈនៃជំងឺកូវីដ-១៩ ដែលមានជាង៣០០ទំព័រ។

កំណត់ត្រាទី៣ មានចំណងជើងថា “រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលផ្តោតតែពីសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញតែប៉ុណ្ណោះ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងបន្តនៅក្នុងសហគមន៍កាន់តែច្រើន ដែលមានប្រមាណ៧០០ទំព័រ។ ដើម្បីបេសក​កម្មនេះ និងគិតគូរពីសុខុ​មាល​​​ភាព​របស់ប្រជាពលរដ្ឋ រួមទាំងជនបរទេស​​ផង ពិសេសថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅ​លើទឹកដីដែនសមត្ថ​កិច្ចរបស់ខ្លួនក្នុងខណ្ឌទាំង១៤ គឺថ្នាក់​ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលរាជធានីភ្នំពេញ​ ដោយមានការបញ្ជាផ្ទាល់ពីប្រមុខរាជរដ្ឋាភបាលផង គឺបា​ន​បំពេញ​​​ការងារទាំងយប់ទាំងថ្ងៃ ដែល​ពេលខ្លះរហូត​ម៉ោងទៀបភ្លឺ មិនថាសៅរ៍ និងអាទិត្យឡើយ រហូតសម្រាកនៅការិយាល័យ ដើម្បីធ្វើការរួមគ្នា ងាយស្រួលពិភាក្សា និងចុះអន្តរាគមឱ្យ​បានទាន់ពេលវេលានៅតាមគោលដៅនីមួយៗ។

កំណត់ត្រាទី៤មានចំណងជង់ថា “រដ្ឋបាលខេត្តកំពង់ស្ពឺ ៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែល​ផ្តោតស្ទើរគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធតែទៅនឹងការងារការបង្ការ និងទប់ស្កាត់​​ជំងឺកូវីដ១៩តែប៉ុណ្ណោះ ដែលមានប្រមាណ៥០០ទំព័រ។ ពិតជាមិនងាយស្រួលនោះទេ ព្រោះថា ខេត្តកំពង់ជាទីតាំងឆ្លងកាត់រវាងរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលតំបន់ទាំងបីនេះមានការផ្ទុះជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសការឆ្លងក្នុងសហគមន៍ពី “ព្រឹត្តិការណ៍២០កុម្ភៈ” ឆ្នាំ២០២១។

លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់ ហើយដែលជាអ្នកចងក្រងកំណត់ត្រាទាំងនោះ​បានបញ្ជាក់ថា ឯកសារកាលប្បវត្តិចំនួន៤នោះគឺក្នុងបំណងទុកជាឯកសារជំនួយស្មារតីសម្រាប់​អនុជន។

បើ​​តាមលោក ឆាយ​ សុផល កំណត់ត្រានេះគឺលោកបានធ្វើជាមួយក្រុមការងារ ដោយ​កត់​ត្រា​ទុកស្ទើរគ្រប់ សកម្មភាពប្រចាំថ្ងៃទាក់ទិននឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចាប់តាំងពីជំងឺនេះបានកើត​មានជាលើកដំបូងនៅកម្ពុជានាថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០២០ រហូតមានឧបទ្ទវការណ៍ជាបន្តបន្ទាប់ រួមមាន “ព្រឹត្តិការណ៍៣វិច្ឆិកា” ឆ្នាំ២០២០ “ព្រឹត្តិការណ៍២៨វិច្ឆិកា” ឆ្នាំ២០២០ និងការឆ្លងក្នុងសហគមន៍ពី “ព្រឹត្តិការណ៍២០កុម្ភៈ” ឆ្នាំ២០២១ ដែល​បណ្តាលឱ្យមនុស្សស្លាប់រយនាក់និងឆ្លងខ្ទង់ម៉ឹននាក់ បើទោះជាបានជាសះស្បើយរាប់ពាន់នាក់ក៏ដោយ។

លោក ឆាយ សុផល បានបញ្ជាក់ថា “មួយថ្ងៃៗតាំងពីព្រលឹម ទល់ព្រលប់ ខ្ញុំអង្គុយសំកុកនៅមុខកុំព្យូទ័រ តាមដានដំណឹងផ្សេងៗ តាមគេហទំព័រព័ត៌មានសំខាន់ៗ ទាំងជាតិនិងបរទេស ព្រម​ទាំងទំព័រហ្វេស​ប៊ុកថ្នាក់ដឹកនាំប្រទេស និងឥស្សរជននយោបាយមួយចំនួន គឺប្រៀបដូចសត្វភេ​សំកុកចាំឆ្វក់ចាប់ត្រីអីចឹងដែរ។ នៅពេលបានដំណឹងមក ខ្ញុំក៏សំយោគវាដាក់តាមកាលបរិច្ឆេទ តាមប្រភេទ និងតាមស្ថាប័ននីមួយៗ ដូចជាឧទារហណ៍ដំណឹងទាក់ទឹននឹងវ៉ាក់សាំង ដំណឹងពី ការស្លាប់អ្នកជំងឺ ដំនឹងពីច្បាប់និងអនុក្រិត្យ ដំណឹងទាក់ទិននឹងការងារជាមួយបរទេស គឺយើងដាក់តាមផ្នែក តាមជំពូក​ គឺមិនឱ្យលាយឡំគ្នាឡើយ”។

លោក ឆាយ សុផល បាននិយាយបែបកំប្លែងថា “អ្នកខ្លះសន្សំរឿងក៏បានរឿងមកវិញ។ ឯខ្ញុំសន្សំរឿងដែរ តែបែរជាបានឯកសារកាលប្បវត្តិទៅវិញ ឬក៏ថាជាឯកសារប្រវត្តិសាស្រ្តនៃមនុស្ស​ជាតិក៏បាន។ បងប្អូនខ្មែរយើងខ្លះឆាប់ភ្លេចណាស់! ដូច្នេះ កំណត់ត្រានេះនឹងក្លាយជាឯកសារជំនួយស្មារតី ដើម្បីរម្លឹកថា តើថ្នាក់ដឹក​នាំប្រទេស ប្រធាន​និងមន្រ្តីស្ថានប័ន និងអង្គភាពទាំងថ្នាក់​ជាតិនិងក្រោមជាតិអស់ រដ្ឋនិងមិនមែនរដ្ឋ បានខិតខំប្រឹងប្រែងប៉ុណ្ណា ហើយប្រជាពលរដ្ឋរបស់យើង ជួបការលំបាកយ៉ាងដូចម្តេច នៅក្នុងកាលៈទេសៈកលិយុគ​នៃការវាយលុកជំងឺកូវីដ-១៩នេះ”។

លោក ឆាយ សុផល បានរម្លឹកថា “គិត​ស្រមៃទៅមើលហ៍ ថាតើ​ស្ថាន​​ភាពបាន​ធ្លាក់​ដល់កម្រិតណា នៅពេលដែលសាលារៀន មជ្ឈម​ណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​​នានា មជ្ឈមណ្ឌលរៀបចំពិធីអាពាហ៍ពិពាហ៍ ឬកន្លែងស៊ីការ​ធំៗ សណ្ឋាគារផ្កាយ៥ ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ រួមទាំងពហុកីឡដ្ឋានជាតិ​និង​ស្តាត​ចាស់ផង ត្រូវបានប្រែក្លាយទៅជាមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងស្រាល​​និងធ្ងន់ ខណៈមន្ទីរពេទ្យនានាពោរពេញទៅដោយអ្នកជំងឺគ្រប់​ប្រភេទ ក្នុងនោះក៏មានអ្នកជំងឺកូវីដ-១៩ដែរ”។

លោកបន្តថា ទន្ទឹមនឹងនោះ ការិយាល័យទាំងរដ្ឋនិងឯកជន រោងចក្រ សហគ្រាស ទីផ្សារតូចធំ តំបន់ទេសចរណ៍គ្រប់ច្រកល្ហក និងសាលារៀនគ្រប់កម្រិត គ្រប់​ប្រភេទត្រូវបានបិទ ខណៈតំបន់​មួយចំនួន ពិសេសរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុត្រូវបានបិទខ្ទប់មិនឱ្យមាន​មនុស្សចេញចូល ដោយស្ថិតក្នុងបម្រាម ហើយត្រូវ​រងការពិន័យ និងជាប់ទោស ប្រសិន​បើ​​ហ៊ានបំពាន​​​ចេញក្រៅផ្ទះ។

នៅក្នុងផ្នែកមួយនៃអារម្ភកថា លោក ឆាយ សុផល បានសរសេរថា “ព្រះសង្ឃនៅទីវត្តអារាម​មួយចំនួនត្រូវខ្វះចង្ហាន់ ដែលតម្រូវឱ្យនាយករដ្ឋមន្រ្តី បញ្ជាកម្លាំងអង្គរក្សដឹកស្បៀងយកទៅប្រគេន។ ពាណិជ្ជកម្ម អាជីវកម្ម ទីផ្សារ និងចង្វាក់ផលិតកម្មតូចធំ ស្ទើរគ្រប់ប្រភេទបានរាំង​ស្ទះ ដែលធ្វើឱ្យប៉ះពាល់ទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ខណៈដែលរាជរដ្ឋាភិ​បាល បានចំណាយប្រាក់រាប់រយលានដុល្លារ និងបញ្ចេញអង្កររាប់ពាន់តោនពីឃ្លាំង ដោយប្រើមធ្យោ​បាយសរុប និងកម្លាំង​សរុបទាំងកងទ័ព នគរបាល កងរាជអាវុធហត្ថ កងអង្គរក្សនាយករដ្ឋមន្រ្តី កងសេនាជន និងមន្រ្តី​ក្រសួង មន្ទីរ ​ស្ថាប័ន​គ្រប់ប្រភេទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងប្រតិ​បត្តិ​​​​ការ​ជួយ​សង្រ្គោះ​ជីវិត និងសម្រួលជីវភាពប្រជាពលរដ្ឋ។

ស្មេរបានបន្តថា “ជាង​នេះទៅទៀត ពិត​ជាគួរឱ្យសង្វេគណាស់ នៅពេលដែលអ្នកជំងឺកូវីដ-១៩​ ខ្ទង់​រយនាក់បានស្លាប់ទៅ ត្រូវបានក្រុមជំនាញវេជ្ជសាស្រ្តដឹក យកទៅបញ្ចុះនិងបូជានៅទីដាច់ស្រយាល ដោយមិនអនុញ្ញាតឱ្យមានការចូលរួមពីបងប្អូនកូនចៅ ញាតិសន្តានណាម្នាក់ចូលរួមរៀបចំ ពិធីសាសានាតាមទំនៀមទម្លាប់ឡើយ គឺបានត្រឹមតែរៀបចំពិធីគោរពបូជា បន្តិចបន្តួចពីចម្ងាយនៅក្នុងគេហ​ដ្ឋាន​តែប៉ុណ្ណោះ។ តើនរណាមិនស្រណោះ ហើយនរណាមិនស្រក់ទឹកភ្នែក ស្រែកទ្រហោយំ នៅពេលដែល ឪពុក ម្តាយ កូន ចៅ បង ប្អូន ជីដូនជីតាសាច់ញាតិជាទីគោរបស្រលាញ់ ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ មិនត្រូវបានគេអនុញ្ញាតឱ្យសួរសុខទុក្ខដោយផ្ទាល់ គឺបានត្រឹមតែទូរស័ព្ទ និងតាមប្រព័ន្ធវីដេអូ (Video Call) ហើយនៅពេលស្លាប់ទៅ មិនបានឃើញមុខជាចុងក្រោយ ដោយសពត្រូវបានគេដឹកយកទៅបាត់គ្មានស្រមោល?”

To Top