ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍

ពិតជាសំណាង! ស្រ្តីម្នាក់មិនឲ្យប្តីចូលផ្ទះ ខណៈប្តីមកពីតំបន់ឆ្ងាយ

ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

“អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់ លើកឡើងពីស្រ្តីរូបនោះ។

លោក ឃឹម ហ្វីណង់បានរៀបរាប់ថា ពិតជាគួរឲ្យកោតសរសើរដល់ស្រ្តីនេះ ដែលជាអ្នកភូមិថ្នល់បណ្តោយ ក្នុងឃុំព្រះដាក់ ។

លោកថា “បងស្រីម្នាក់នេះបានគិតពីប្រយោជន៍រួមជាធំ សុខចិត្តមិនឲ្យប្តីរបស់ខ្លួនដែលមកពីឆ្ងាយចូលផ្ទះ និងបានរាយការណ៍ទុកជាមុន ជូនដល់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីរាលដាលឆ្លង ក្នុងសហគមន៍បានទាន់ពេលវេលា”។

អភិបាលស្រុកបន្ទាយស្រីបន្តថា ប្រសិនបើស្រ្តីខាងលើ មិនបានរាយការណ៍ទៅអាជ្ញាធរជាមុនទេ គឺប្រហែលជាយឺតពេលមួយជំហាន ហើយអាចនាំឲ្យភូមិទាំងមូលត្រូវបានបិទ និងរំខានដល់មនុស្ស រាប់ពាន់នាក់ទៀតផងក៏មិនដឹង។

លោកសង្ឃឹមថា អ្នកបន្ទាយស្រីដទៃទៀត នឹងយកគំរូតាម ដើម្បីជួយការពារបន្ទាយស្រីឲ្យ រួចផុតពីការផ្ទុះឆ្លងនៅក្នុងសហគមន៍ ៕

ក្រសួងធនធានទឹក នឹងចាត់វិធានការ តាមច្បាប់ ចំពោះបុគ្គលណា បន្ដផ្សព្វផ្សាយព័ត៌មាន មិនពិតពីអាកាសធាតុ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា បន្ដផ្សព្វផ្សាយព័ត៌មានស្ដីពី «ស្ថានភាពអាកាសធាតុមិនពិត» ដែលធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងរយៈពេលកន្លងមកនេះ មានជនអនាមិកមួយចំនួន បានបង្កើតផេក Facebook ឈ្មោះថា «Cambodia. Weather Service» ដោយបានបង្ហោះ ព័ត៌មានមួយចំនួនស្តីពី ស្ថានភាពអាកាសធាតុដែលមិនត្រឹមត្រូវ នាំឲ្យមានការយល់ច្រឡំ ពីប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រសួងធនធានទឹកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួង នឹងមានចំណាត់ការ តាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្ដការបង្ហោះ ផ្សព្វផ្សាយព័ត៌មាន ស្ដីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»

ក្រសួងបន្ដថា សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួង ដែលជាស្ថាប័នរដ្ឋតែមួយគត់ របស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយ តាមសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការ របស់ក្រសួង ដែលមានឈ្មោះថា «ក្រសួងធនធានទឹក និងឧតុនិយម /Ministry of Water Resources and Meteorology» ដូច្នេះរាល់ផេកទាំងឡាយ ឬគណនីយហ្វេសបុក ណាមួយបានបង្ហោះ និងធ្វើការផ្សព្វផ្សាយពីស្ថានភាព អាកាសធាតុនៅកម្ពុជា មិនមែនជាការពិតនោះឡើយ ។

ក្រសួងបន្ថែមថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន អាកាសធាតុ ដែល មិនមែនជាស្ថាប័ន ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក ច្រានចោលទាំងស្រុង និងមិនទទួលខុសត្រូវឡើយ និងចាត់ទុកថា ជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឲ្យមានការយល់ខុស និងបង្កជាចលាចល លើស្ថានភាពអាកាសធាតុ ជាក់ស្ដែងនៅកម្ពុជា ៕

លោក សុខ ឥសាន៖ សម រង្ស៊ី ពេលពលរដ្ឋខ្វះខាត ក្នុងវិបត្តិកូវីដគ្មានអើពើ តែពេលរដ្ឋាភិបាល ដោះស្រាយរួច ទើបឆោរឡោររកស្បៀងជួយ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានថ្លែងការរិះគន់ចំៗទៅលើលោក សម រង្ស៊ីដែលលោកបានដាក់រហស្សនាមឲ្យថា ជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះថា នៅពេលប្រជាពលរដ្ឋខ្មែរកំពុងពិបាក ដោយការខ្វះខាតក្នុងពេលកំពុងផ្ទុះ ជំងឺកូវីដខ្លាំងកាលពីមួយខែ មុនអត់មានចេញមកអើពើជួយទេ ប៉ុន្តែដល់ពេលប្រមុខរាជរដ្ឋាភិបាល បានខិតខំរិះរកវិធីដោះស្រាយ បានដោយផ្គត់ផ្គង់ចំណីអាហារទាន់ពេលវេលា ទើបឯងស្វះស្វែងមកជួយរកស្បៀងឲ្យ ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោក សុខ ឥសាន បានថ្លែងថា “នៅពេលដែលប្រជាជនខ្វះខាត់ជីវភាព ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ អត់អើពើទេមានតែរារាំង តែនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយរួចហើយ ទើបធ្វើឯងឆោរឡោររកស្បៀង” ។

ជាមួយគ្នានេះ លោកថាឲ្យលោក សម រង្ស៊ីបន្តថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ បានតាំងខ្លួនជាចៅហ្វាយ របស់ប្រទេសមួយចំនួនដោយចេញ មកបង្គាប់បញ្ជាឲ្យធ្វើតាមខ្លួន។

ពាក់ព័ន្ធនឹងការបិទភ្នំពេញ និងតាខ្មៅនាពេលកន្លងមកដែលលោក សម រង្ស៊ីវាយប្រហារនោះ ត្រូវបានលោក សុខ ឥសាន ថ្លែងទៀតថា គឺទណ្ឌិតមេឧទ្ទាមក្រៅច្បាប់រិះគន់តែកម្ពុជា តែមិនហ៊ានមាត់លើរដ្ឋាភិបាល បារាំងដែលបិទបើកៗ ប្រទេសបារាំង២ដងជា៣ដង ពោលគឺអត់លឺមាត់ទាល់តែសោះ ។

លោកថា ការបង្រួមតំបន់បិទខ្ចប់នៅរាជធានីភ្នំពេញ ធ្វើឡើងស្របទៅតាមសភាពការណ៍ជាក់ស្តែង ដែលកូវីដ១៩ថយចុះ ។ ការមានប្រសាសន៍របស់លោក សុខ ឥសាន នេះបន្ទាប់ពីវិទ្យុអាស៊ីសេរីផ្សាយថា “លោក សម រង្ស៊ី ផ្ញើលិខិតមួយច្បាប់ជូន សមាជិកសភាសហរដ្ឋអាមេរិកដោយ ស្នើសុំឲ្យជួយអន្តរាគមន៍ដល់ ប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ក្នុងវិបត្តិជំងឺកូវីដ១៩។ លោក សម រង្ស៊ី លើកឡើងថា ក្នុងនាមជាជនជាតិខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតឲ្យធ្វើជាតំណាងរបស់ពួកគាត់ រយៈពេល ២៥ឆ្នាំមកនេះ លោកអំពាវនាវដល់សមាជិកសភា សហរដ្ឋអាមេរិកឲ្យជួយគិតគូរដល់កង្វល់ ទាំងឡាយជុំវិញស្ថានភាពអាសន្ន ដែលពលរដ្ឋ ២លាន៣ សែននាក់ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល កំពុងទទួលរងគ្រោះ”។

សូមបញ្ជាក់ថា ដោយសារការផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣នោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ការបិទខ្ទប់ពីការឆ្លងខេត្តមួយ ទៅខេត្តមួយទាំងស្រុងជាពិសេសភ្នំពេញ និងតាខ្មៅកាលពីថ្ងៃទី១៥ មេសា ហើយស្ថានភាពធូរស្រាលវិញ ក៏បានបើកឲ្យដំណើរការឡើងវិញ លើកលែងតែតំបន់មួយចំនួន ផ្ទុះខ្លាំងក៏នៅតែបន្តរឹតត្បិត ៕

សម្តេចតេជោ៖ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាទទួលបានវ៉ាក់សាំង ចាក់បង្ការជំងឺកូវីដ១៩ជាង ៤លានដូសរួចមកហើយ។ នេះបើតាមការបង្ហាញ ក្នុងហ្វេសប៊ុកសម្តេចតេជោក្នុងឱកាស វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជានាព្រឹកថ្ងៃ១១ ឧសភា។

វ៉ាក់សាំងទាំងជាង៤លានដូសនោះ រួមមាន ៖ ស៊ីណូហ្វាម(Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧លានដូស , វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

សម្តេចតេជោបន្តថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ ជាបន្តបន្ទាប់ទៀតដើម្បីចាក់ ជូនប្រជាពលរដ្ឋឲ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំទប់ស្កាត់ការចម្លងរាលដាល ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កនុងខែឧសភានេះ ក្រោយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស មកដល់នាថ្ងៃនេះ នឹងមកដល់ជាបន្តបន្ទាប់គឺថ្ងៃទី១៦ ឧសភាមក៥០ ម៉ឺនដូស ហើយថ្ងៃទី២៣ឧសភាចំនួន១ លានដូសទៀត ៕

លោក កឹម សុខា ចែកអំណោយ ឲ្យប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់

ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។

អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។

លោក កឹម សុខា ថ្លែងក្នុងហ្វេសប៊ុកថា បើខ្មែរមានទុក្ខ ត្រូវតែខ្មែរជួយខ្មែរ បើខ្មែរមានបញ្ហាក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរនិងខ្មែរដែរ ទោះបីកន្លងមកតែងតែមានអន្តរជាតិជួយក៏ដោយ។

លោកថា ទោះបីពេលនេះ លោកមិនមានសិទ្ធិធ្វើនយោបាយក្តី តែលោកមិនបិទភ្នែកសម្ងំសុខតែឯង មិនគិតតែបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ។

លោកបញ្ជាក់ថា “ខ្ញុំធ្វើអ្វីៗដើម្បីខ្មែរ ជាក់ស្តែងគឺទន្ទឹមនឹងធ្វើទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ និងខ្មែរនៅក្នុងប្រទេសកម្ពុជាដើម្បីប្រយោជន៍ខ្មែរ ខ្ញុំក៏តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់ និងចូលរួមជួយជាជំនួយមនុស្សធម៌ដល់បងប្អូនជនរួមជាតិដែលរងគ្រោះកន្លងមកក៏ដូចជាបច្ចុប្បន្ន និងបន្តទៅថ្ងៃមុខទៀតផងដែរ” ៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹមថា ក្រុមហ៊ុនបរទេស​ នឹងមើលឃើញបរិស្ថាន វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍ វត្តមានរបស់ពួកគេ ។

ក្នុងពិធីប្រកាសឱ្យប្រើបាស់ប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់អភិវឌ្ឍន៍ចីរភាព នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធវិដេអូ លោក សុខ ចិន្តាសោភា បានអំណរគុណចំពោះ វេទិកា សេដ្ឋកិច្ចពិភពលោក បានសហការរៀបចំប្រព័ន្ធ ទិន្នន័យនេះ ដើម្បីផ្តល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រាប់សម្រួលដល់ការ ធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់រវាង អ្នកផ្គត់ផ្គង់ ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់អភិវឌ្ឍន៍ចីរភាព ។

លោក បញ្ជាក់ថា «ស្នើសុំឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះ ឱ្យបានទូលំទូលាយ ដោយសង្ឃឹ មយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈខិតខំជំរុញការវិនិយោគ ដែលមានទង្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានចីរភាព»។

នាឱកាសនោះ លោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន (Matthew Stephenson) នាយកគោលនយោបាយ និងសហគមន៍ នៃនាយក-ដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នៃ វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា ក្រុមហ៊ុនបរទេស ដែលស្វែងរក ការវិនិយោគអនុលោមតាម គោលការណ៍បរិស្ថាន, សង្គម, និង អភិបាលកិច្ច (ESG) អាចដាក់ការវិនិយោគ នៅកម្ពុជា ជា មួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការ ប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀត អាចបង្វែរការតម្រង់ទិស ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកប ដោយចីរភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញការធ្វើធុរកិច្ចរួមគ្នា ជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

សូមបញ្ជាក់ថា ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកា សេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំ របស់កម្ពុជា ដែលមានគោលនយោបាយបើកចំហ ដ៏ប្រសើរចំពោះការវិនិយោគ៕

ដឹងមូលហេតុពិត ដែលបុរសជាប្តី សម្លាប់ប្រពន្ធ និងកូនទាំង៥នាក់

ភ្នំពេញ ៖ ស្តាប់ការរៀបរាប់ របស់បុរសជាប្តី រៀបចំសម្លាប់ប្រពន្ធ-កូនពិត ជាសាហាវយង់ឃ្នង កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សាហាវយ៉ាងនេះ គឺគ្រាន់តែប្រពន្ធជេរខ្លួន ហើយខឹងសម្បារ បានយកកាំបិត ចាក់ប្រពន្ធ២កាំបិតស្លាប់ភ្លាម ហើយទាត់កូន អាយុ៣ឆ្នាំ ស្លាប់ផងដែរ បន្ទាប់មកដោយឃើញកូនប្រុសបង អាយុ៩ឆ្នាំ និងកូនភ្លោះ អាយុ៧ឆ្នាំ ២នាក់ទៀត យំស្លន់ស្លោ ឃាតកជាប្តីបានយកពូក មកបិតច្រកជណ្តើឡៅតឿ មិនអោយកុមារទាំង៣ចុះរួច ហើយក៏បានដុតសម្លាប់ទាំងអស់ តែម្តងទៅ ។ នេះបើតាមការរៀបរាប់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ឧសភា។

ស្រ្តីជាប្រពន្ធដែលស្លាប់នោះ គឺមានផ្ទៃពោះផងដែរ ដូច្នេះសរុបកូនទាំងអស់មាន៥នាក់ ។

សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងមានករណីអគ្គិភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ៧ម៉ែត្រ គុណ ១២ ម៉ែត្រសង់ពីដែកបាំងនិងប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្រោយការផ្ទុះរឿងឆេះផ្ទះធ្វើឲ្យប្រពន្ធ-កូនស្លាប់៦នាក់នោះក៏មានសង្ស័យ ហើយសមត្ថកិច្ចបើកការស្រាវជ្រាវផងដែរ ទើបបានដឹងរឿងរ៉ាវពិតប្រាកដថា ប្តីជាឃាតក។

ក្នុងសំណុំរឿងនេះ បានចូលរួមពីភាគីពាក់ព័ន្ធ បើកការស៊ើបអង្កេតដូចជា ៖ ក្រុមការងារស៊ើបអង្កេតបទ ល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋាននគរបាល បច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ៕

លោក ជិន ម៉ាលីន ស្នើឲ្យសាធារណៈជន កុំដើរតួជំនួសតុលាការ-សមត្ថកិច្ច ជុំវិញវិវាទឧកញ៉ា ហេង សៀ និង មាន ពេជ្ររីតា

ភ្នំពេញ ៖ ក្រោយឃើញអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួន បញ្ចេញអារម្មណ៍ដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យ កាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ាហេង សៀ និងពិធីការិនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតាទាំងមិនបានដឹងច្បាស់ ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យអ្នកទាំងនេះ កុំដើរតួជំនួសតុលាការ និងសមត្ថកិច្ច ត្រូវទុកឲ្យស្ថាប័នច្បាប់ ជាអ្នកដោះស្រាយរកឲ្យឃើញរឿងពិតវិញ ។

លោក ជិន ម៉ាលីនបន្តលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១២ ឧសភាថា អ្នកដែលបញ្ចេញអារម្មណ៍ចំពោះជំលោះរវាងឧកញ៉ាហេង សៀ និងពិធីការិនី មាន ពេជ្ររីតា គឺពួកគេគ្រាន់តែទទួលព័ត៌មាននិងរូបភាពតៗគ្នាពីខាងក្រៅតែប៉ុណ្ណោះ ។

លោកថា សំណុំរឿងនេះ តុលាការនិងសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងដំណើរការនីតិវិធីតាមផ្លូវច្បាប់ មិនទាន់ឈានដល់ ការសម្រេចសេចក្តីនៅឡើយទេថា អ្នកណាខុសអ្នកណាត្រូវ។

អ្នកនាំពាក្យបន្តថា “ផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការសន្មត់ជាមុនថា គ្មានទោសមុនតុលាការសម្រេច យើងគួរទុកការងារនេះ ជូនសមត្ថកិច្ចនិងតុលាការធ្វើការស៊ើបអង្កេតនិងសម្រេចសេចក្តីក្នុងសំណុំរឿងនេះដោយផ្អែកលើ អង្គហេតុនិងអង្គច្បាប់ពិតប្រាកដ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ភាគីវិវាទទាំងពីរ ។ ភាគីទាំងពីរនេះ ក៏បានប្តឹងទៅតុលាការរៀងៗខ្លួនរួចហើយដែរ ដើម្បីការពារសិទ្ធិរបស់ខ្លួន តាមផ្លូវច្បាប់ ដោយមានជំនួយផ្នែកច្បាប់ពីមេធាវីទាំងសងខាងផងដែរ” ។

លោកលើកជាសំណូមពរថា ក្នុងនាមជាពលរដ្ឋសកម្ម និងឈឺឆ្អាលស្រឡាញ់យុត្តិធម៌ គឺអាចតាមដាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដំណើរការ នៃការស៊ើបអង្កេត និងសម្រេចសេចក្តីក្នុងសំណុំរឿងនេះបាន ។

ដូច្នេះលោកបញ្ជាក់ថា “បងប្អូនយើងអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួនផងដែរបានបញ្ចេញអារម្មណ៍ តាមបណ្តាញសង្គមដោយដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុង សំណុំរឿងវិវាទរវាងឧកញ៉ានិងពិធីការនី ទាំងមិនបានដឹងច្បាស់ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ ត្រូវទុកតុលាការនិងសមត្ថកិច្ចជាអ្នកដោះស្រាយ”។

សូមបញ្ជាក់ថា កាលពីថ្ងៃ១២ ឧសភា ជំលោះរវាងឧកញ៉ាហេង សៀ និងពិធីការិនី មាន ពេជ្ររីតាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញវិដេអូរបស់ កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាង ពីសំណាកលោក ឧកញ៉ា កាលពីថ្ងៃ៤ ឧសភា ។ មុនឈានដល់ការធ្លាយវិដេអូរបស់កញ្ញារូបស្រស់នេះ គឺលោក ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញាមាន ពេជ្ររីតា លួច ទូរស័ព្ទ និងចាក់ខ្លួន២កាំបិទ ហើយពិធីការិនីនេះ ក៏បានប្តឹងវិញថា លោកឧកញ៉ា បៀតបៀនផ្លូវភេទនៅក្នុងរថយន្ត ៕

លោក សុខ ទូច ៖ ក្មាន់កាំភ្លើង តាមបាញ់មន្ត្រី ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ភ្នំពេញ ៖ កាលពីម៉ោង ៨យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានក្មាន់កាំភ្លើង បានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន ២គ្រាប់ ប៉ុន្តែមិនបានត្រូវមន្រ្តីនោះទេ ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សុខ ទូច នៅថ្ងៃទី១៣ ឧសភា ។

លោក សុខ ទូច បានបញ្ជាក់ថា «ក្រោយពីយើងបានចាប់ឈើ ជាបន្តបន្ទាប់នៅថ្ងៃទី១០-១១ រួចមក នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨នាទីយប់ មានក្មាន់កាំភ្លើងបានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន២គ្រាប់ តែគ្រាប់ទីពីរមិនផ្ទុះទេ ហើយមិនត្រូវមន្ត្រីឧទ្យានរបស់យើងទេ ។ ទំនងជាប្រភេទកាំភ្លើងកែច្នៃ ព្រោះនៅកន្លែងកើតហេតុនោះ មិនមានបន្សល់សំបកផ្ទុះ (ឡតគ្រាប់)ទេ» ។

លោកបន្តថា សកម្មភាពនេះ ជាការគម្រាម និងបំបាក់ស្មារតីមន្ត្រីឧទ្យាន តែយ៉ាងណាលោកអះអាងថា មិនខ្លាចទេ ផ្ទុយទៅវិញនឹងបន្តធ្វើការងារទៀត។ ក្រោយហេតុការណ៍នេះ ក្រុមការងារឧទ្យាន បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធ្វើកំណត់ហេតុ ៕

លោកស្រី រដ្ឋលេខាធិការ​ ទីស្តីការគណៈរដ្ឋមន្រ្តី អាយុ៧១ឆ្នាំ ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកស្រី មាសសាឯម ដានី អាយុ៧១ឆ្នាំ ដែលជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឆ្លងជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្ត កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃ១៣ ឧសភា។

លោកស្រី បានទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃ៣ ឧសភា។

លោកស្រីបានចាប់ផ្តើមមិនស្រួលក្នុងខ្លួន នៅថ្ងៃ៦-៧ឧសភា និងបានធ្វើតេស្តថ្ងៃ១២ ឧសភា នៅគេហដ្ឋាន របស់លោកស្រី នៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕

To Top