ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានបានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤០.៤២៦.៥០០រៀល ជូនដល់ គ្រួសារសពលោក វរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង អាវុធហត្ថខណ្ឌចំការមន ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។
ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារសពផងដែរ។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕