ព័ត៌មានជាតិ

ការដំឡើងពន្ធថ្នាំជក់ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់ ពិការ និងឈឺ (Video)

ភ្នំពេញ៖ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថ យចំនួនអ្នកស្លាប់ ពិការ និងឈឺ ហើយការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការ យាយីជាសកល នៃការផ្ទុះឡើងជំងឺកូវីដ១៩ និងក្រោមហេតុផលថា អ្នកជក់បារីរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងអ្នកមិនជក់បារី ប្រសិនបើឆ្លងជំងឺកូវីដ១៩ ហើយអង្គការសុខភាពពិភពលោក បានកំណត់យក «ការផ្ដាច់បារី» ជាប្រធានបទសម្រាប់ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២១នេះ។

អង្គការចលនាដើម្បីសុខភាព លើកឡើងទៀតថា «វិធានការដែលមានប្រសិទ្ធខ្ពស់ ក្នុងការជួយគាំទ្រឱ្យប្រជាពលរដ្ឋអាច ផ្ដាច់បារី បានជោគជ័យ គឺការដំឡើងពន្ធថ្នាំជក់។ នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់តិចជាងមុន ឬ ផ្ដាច់បារីទាំងស្រុង ដែលនាំទៅរក ការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ ជាពិសេស ការទប់ស្កាត់ និងការព្យាបាលជំងឺកូវីដ-១៩»។

ប្រភពដដែល បន្ដថា មានមតិបំភ័ន្តមួយចំនួន បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យបាត់បង់ចំនូលពន្ធរដ្ឋ ប៉ះពាល់ដល់ឱកាសការងារ ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឱ្យមានការគេចមិនបង់ពន្ធ។ ប៉ុន្តែប្រទេសជាច្រើន ដែលបានដំឡើងពន្ធថ្នាំជក់រួចហើយ ក្នុងនោះ ប្រទេសអាស៊ាន មានហ្វីលីពីន និងថៃ បានបង្ហាញថា បន្ទាប់ពីដំឡើងពន្ធប្រជាពលរដ្ឋជាច្រើនបានផ្ដាច់បារី ហើយរដ្ឋាភិបាលទទួលបាន ពន្ធបន្ថែមពីថ្នាំជក់យ៉ាងច្រើន ដែលរដ្ឋាភិបាលអាចប្រើប្រាស់ថវិកាទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាពលើកកម្ពស់ សុខភាពសាធារណៈបានយ៉ាងច្រើន។

ជាងនេះទៅទៀត នៅកម្ពុជា ករណីសិក្សាមួយរបស់ អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥% នៃតំលៃបារីលក់រាយ។

សូមរំលឹកថា ទូទាំងពិភពលោកថ្នាំជក់ធ្វើអោយមនុស្សស្លាប់ ប្រមាណ ៨លាន នាក់រៀងរាល់ឆ្នាំ ដោយសារជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺ ជាច្រើនមុខផ្សេងទៀត ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាកម្ពុជាមានប្រមាណ ១៥០០០នាក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិកត្រូវបានខាតបង់៕

To Top