ភ្នំពេញ ៖ អយ្យការសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង លោក ឃន ឈុនតារា និងអ្នកស្រី តាំង គីមហៀង ដែលត្រូវជាកូនប្រសារ និងកូនបង្កើតរបស់លោកឧកញ៉ា ហេង សៀ ក្រោយពួកគេសារភាពថា បានជួលមនុស្សប្រុស-ស្រី២នាក់ស្រដៀង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតាឲ្យថតរូបវិដេអូឃ្លីប ធ្វើត្រាប់តាមនៃដំណើរការ ជំលោះរវាងភាគទាំង២ (ហេង សៀ និងកញ្ញា មាន ពេជ្ររីតា) កាលពីថ្ងៃ១៤ ឧសភា ។
យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យអយ្យការសាលាដំបូង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីថ្ងៃ១៤ ឧសភា មានរូបភាព អាសអាភាសជាច្រើនសន្លឹក ត្រូវបានចែកចាយជាបន្ដបន្ទាប់ នៅលើ បណ្ដាញ សង្គមបង្កើត ឲ្យមានការភ័ន្តច្រឡំ ជាសាធារណៈថា ជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កិត្តិយស មាន ពេជ្រតា ។ មុនពេលមានការចែកចាយរូបភាព អាសអាភាសទាំងនេះ សា្ថប័នមានសមត្ថកិច្ច មានភស្តុតាងបឋម បញ្ជាក់ថា មានការជ្រើសរើសមនុស្ស ចំនួនពីរនាក់ដែលម្នាក់ មានភិនភាគប្រហាក់ ប្រហែលកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគ ប្រហាក់ប្រហែលឧកញ៉ា ហេង សៀ ដើម្បីថតជាវីដេអូឃ្លីប ។
សេចក្តីថ្លែងការណ៍បន្តថា ក្រោយការស៊ើបអង្កេត រយៈពេល២ថ្ងៃ បង្ហាញថាឈ្មោះ ឃន ឈុនតារា ជាកូនប្រសារ និងឈ្មោះ តាំង គីមហៀង កូនបង្កើតឧកញ៉ា ពិតជាបានជ្រើសរើសមនុស្ស ពីរនាក់ស្រដៀង ឪពុកខ្លួននិងមាន ពេជ្ររីតា ដើម្បីថតសម្តែង ត្រាប់អង្គហេតុ នៃជម្លោះរវាងអ្នកទាំងនេះ ក្នុងរថយន្តពិតប្រាកដមែន ។
លិខិតរបស់អ្នកនាំពាក្យ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងទៀតថា ឈ្មោះ ឃន ឈុនតារា បានប្រាប់សមត្ថកិច្ចថា ខ្លួនគាត់ក៏បានទទួលរូបភាព អាសអាភាស ដែលមានប្រភពមិនច្បាស់លាស់ តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram ។ ករណីនេះ សាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាមិនឲ្យករណីនេះ កើតមានជាថ្មីទៀតឡើយ ។
ប្រភពបញ្ជាក់ថា “អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់ នូវលទ្ធផលនការស៊ើបអង្កេត ករណីខាងលើនេះនិងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពនៃការផលិតរូបភាព អាសអាភាស ដែលត្រូវបានចែកចាយ លើបណ្ដាញសង្គម ។ អំពើផលិតរូបភាពអាសអាភាស ដើម្បីចែកចាយ ជាសាធារណៈនេះ គឺជាអំពើធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គមនិង សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។
សូមបញ្ជាក់ថា លោក ឃន ឈុនតារា ត្រូវបានចាប់ខ្លួន កាលពីរាត្រីថ្ងៃទី១៥ ឧសភាក្រោយមានការចោទ ប្រកាន់ជួលមនុស្សថតរូប អាសអាភាស រវាងឪពុកក្មេក និងមាន ពេជ្ររីតា ។ ក្រោយចាប់ខ្លួនប្តី មិនដល់ជាង២ម៉ោងផងអ្នកស្រីតាំង គីមហៀង ក៏ត្រូវបានចាប់ខ្លួនម្នាក់ទៀត ពីបទរួមគំនិតជាប្តី ៕