ព័ត៌មានជាតិ

អាជ្ញាធររាជធានី នឹងបង្រួមតំបន់ក្រហម​ ឲ្យនៅតូចរហូតដល់តាមខ្នងផ្ទះ នៅថ្ងៃ១៩ឧសភា ខាងមុខនេះ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់ មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ ឲ្យមកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើម អនុវត្តនៅថ្ងៃ១៩ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩ ខណៈដែលវិធានការ ការពាររបស់ក្រសួង សុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឲ្យ បានម៉ឺងម៉ាត់បំផុត ។

លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទីតាំង ឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួម តំបន់ក្រហម ឲ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យពិភាក្សាទៅលើ ទីតាំងតំបន់ក្រហមទាំងអស់ នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះ ឲ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអាគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ឧសភាខាងមុខនេះ ។

ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋាន ត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាង ការនាំជំងឺកូវីដ-១៩ ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់ នៅក្នុងមូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ ទៅមូលដ្ឋានគេផ្សេង។

លោកឃួង ស្រេង អភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវ ឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាព ប្រជាពលរដ្ឋនិងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ៕

To Top