ព័ត៌មានជាតិ

អភិបាលរាជធានី​ បញ្ជាក់ថា បើពលរដ្ឋ ណាមានជីវភាព ខ្វះខាតត្រូវការស្បៀងអាហារ សូមទាក់ទងមេភូមិ ឬទៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ប្រកាសថាបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា នៅក្នុងសង្កាត់ របស់បងប្អូននោះក្រុមការងារ នឹងចែកជូនបងប្អូនភ្លាម ។

លោកអភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារ សម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហារ របស់សប្បុរសជននានាថែមទៀត។

ក្នុងឱកាសនាំយក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង មានប្រសាសន៍ទៀតថា “កន្លងមកអាជ្ញាធររាជធានី ខណ្ឌនិងសង្កាត់ បានយកចិត្តទុកដាក់ណាស់ ក្នុងការជួយដោះស្រាយ ការលំបាករបស់បងប្អូន ជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះ បងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួល អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ” ។

លោកអភិបាលរាជធានី លើកឡើងទៀតថា សម្ដេចតេជោហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត ។ បន្ថែមពីនេះទៀត ក្នុងកាលៈទេសៈ នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ សម្ដេចតេជោ បានស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋ ជាបន្តបន្ទាប់ទៀត។ មិនថាតែកូវីដ-១៩ ទេ បងប្អូនដែលរងគ្រោះ ដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបាន ការយកចិត្តទុកដាក់ ពីសម្តេចតេជោហ៊ុន សែនផងដែរ ។

ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោ ចេញមុខជួយ មិនមែន ធ្វើយូរទៅក្រទៅៗ ដូចក្រុមមួយនោះនិយាយទេ សូមបងប្អូនកុំជឿការឃោសនា របស់ក្រុមមួយនោះឱ្យសោះ ពួកគេគ្មានអ្វីជួយបងប្អូនទេ សូម្បីតែម៉ាសមួយ អង្ករមួយគីឡូក្រាម ចែកជូនបងប្អូនក៏គ្មានដែរ៕

To Top