ស្វាយរៀង ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង (ក ប ប) នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះឆ្មក់បង្រ្កាបទំនិញផលិតផល អាល់កុលក្លែងក្លាយ បានជិត ៣០០ លីត្រ ក្នុងនោះក៏បានចុះត្រួតពិនិត្យ ជែលលលាងដៃ និងតាមដានតំលៃអាល់កុល ម៉ាស់ នៅតាមបណ្ដា ឪសថស្ថានស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងផងដែរ ។
លោក ផឹង និល ប្រធានសាខា (កបប) ខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា នៅព្រឹកនេះមន្ត្រីជំនាញបាន ចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានចំនួន ៦ ទីតាំងនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃទាំង ៦ ទីតាំងដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយ អាល់កុល១កាន ស្មើ ៣០លីត្រ អាល់កុល៤៥យួរ មាន១២ ដប ក្នុង១ដបចំណុះ០,៥ លីត្រ សរុបស្មើ និង២៧០ លីត្រ ។ ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុ ដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះ ធ្វើការកម្ទេចចោលតែម្តង ។
លោកផឹង និល បានបន្តថាអាល់កុល ក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត ។
លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ ចូលរួមសហការ និងអាជ្ញាធរ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភព ឲ្យបានត្រឹមត្រូវ មុននឹងទិញយកមកប្រើប្រាស់៕