ព័ត៌មានជាតិ

កម្ពុជា-អាមេរិក បញ្ជាក់ពីការប្ដេជ្ញាចិត្ត ខិតខំដោះស្រាយរួមគ្នា ទោះបីមាន​ការខ្វែងគំនិត លើបញ្ហាមួយចំនួនកន្លងមក

ភ្នំពេញ៖ ជាស្ថានការដ៏ល្អប្រសើរមួយ នៅក្នុងការស្ដារឡើងវិញ នូវទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានធ្លាក់ក្នុងស្ថានភាព អាប់អួរក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសហរដ្ឋអាមេរិក បានចោទកម្ពុជាថា បានរំលោភសិទ្ធមនុស្ស ប្រជាធិបតេយ្យ ក្រោយពីមានការចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង និងសកម្មជនមួយចំនួនទៀត បូករួមទាំងបញ្ហា មួយចំនួនផ្សេងទៀត ដូចជា បញ្ហាទន្លេមេគង្គ កំពង់ផែរាម និងតំបន់តារាសាគរ នៅខេត្តកោះកុង ជាដើម ។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន ១ លាន ១ សែនដូស ដល់កម្ពុជា តាមរយៈយន្តការកូវាក់ នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត ។

នៅក្នុងជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងលោក ផាក ទ្រីម៉ាហ្វី (Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ឧសភា ភាគីទាំងពីរ នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្ត ខិតខំដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយ ជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនោះទេ ។

លោក Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាព ជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាក នៃជំងឺរាតត្បាតកូវីដ-១៩។

លោក Patrick Murphy បានលើកឡើងថា «សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំ ជាប់លាប់មួយ របស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេល នៃការរាតត្បាតជាសាកល នៃមេរោគ ដោយបានផ្តល់ថវិកា ចំនួនជាង ១១ លានដុល្លារ ជាជំនួយ ផ្តល់ឲ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ ១៩ ជំនួយបច្ចេកទេសសំខាន់ៗ ជាបន្ថែម លើកម្មវិធីសហការជាដៃគូ ជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកា ចំនួនជាង ៤ ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឲ្យ លើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធី នេះ ប្រទេសកម្ពុជានឹងទទួលបាន វ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត »។

ជាការឆ្លើយតប ប្រមុខការទូតកកម្ពុជា បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះជំនួយរបស់សហរដ្ឋអាមេរិក ទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។

លោក បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំង ជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមាន ការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហា កូវីដ-១៩ យ៉ាងណាក៏ដោយ។

ភាគីទាំងពីរគួសបញ្ជាក់ថា «ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយជា ឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនោះទេ»។

ឆ្លៀតក្នុងឱកាសនោះលោក ប្រាក់ សុខុន បានប្រាប់លោកទូត អាមេរិក ថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ ជាក់លក្សដ៏សំខាន់ក្នុងការដោះស្រាយ ជំលោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយ បានលុះត្រាតែ ១) តម្រូវឲ្យឈប់មាន ការប្រើអំពើហឹង្សារ ២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នា ដោយមានការជួយជ្រោមជ្រែង ពី អាស៊ាន ហើយ ៣) អនុញាត្តិឲ្យការផ្តល់ ជំនួយមនុស្សធម៌ អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញ មីយ៉ាន់ម៉ា វិលទៅរកស្ថានភាព ប្រក្រតីឡើងវិញ (normalcy) ។

ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍របស់ សម្តេចតេជោ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គោលការណ៍ “ការឯកភាពគ្នាជាឯកឆន្ទប្រាំចំណុច” ដែលជាលទ្ធផល នៃកិច្ចប្រជុំរបស់មេដឹកនាំ អាស៊ានកន្លងទៅ។

បន្ថែមលើនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ពីការត្រៀមខ្លួន របស់កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលបានបង្ហាញសមានចិត្តគាំទ្រ ជួយទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទី ជាប្រធានអាស៊ានទទួល បានជោគជ័យនៅឆ្នាំក្រោយ៕

To Top