ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីមនុស្ស ១០នាក់ស្លាប់ជាបន្ដបន្ទាប់ ក្នុងស្រុកល្វាឯម ក្រោយចូលរួមកំដរបុណ្យសព

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ រកករណីមានមនុស្សស្លាប់ ១០នាក់ជាបន្ដបន្ទាប់ នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ក្រោយពីពួកគាត់បានចូលរួមកំដរ ពិធីបុណ្យសព្វមួយកន្លែង។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ថា «យើងអត់ទាន់កំណត់អត្តសញ្ញាណបាន យើងកំពុងធ្វើការស្រាវជ្រាវករណីហ្នឹង ហើយមានអ្នកស្លាប់ ១០នាក់ ហើយពួកគាត់អ្នកខ្លះមានជំងឺប្រចាំកាយ ហើយអ្នកខ្លះទៀតហូបស្រាជាប្រចាំ ហើយស្របពេលសម្ពាធឈាមខ្សោយ»។

លោកឧត្តមសេនីយ៍ទោបន្ដថា មុនពេលកើតហេតុពួកគាត់នាំគ្នា កំដរពិធីបុណ្យសពមួយកន្លែង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល៕

To Top