នយោបាយ

សម្ដេចតេជោ ៖ បើខ្ញុំមិនពឹងចិន ទៅឲ្យខ្ញុំទៅពឹងអ្នកណា? (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរសហគមន៍អន្ដរជាតិវិញក្រោយចោទថា កម្ពុជាលំអៀងទៅភាគីចិនថា បើកម្ពុជាមិនពឹងចិន តើឲ្យកម្ពុជាទៅពឹងអ្នកណា? ដោយសម្តេចថា ចិនជួយកម្ពុជាយ៉ាងច្រើនលើសលុប។

ជារឿយៗសហគមន៍អន្តរជាតិ និងអ្នកវិភាគដែលមាននិន្នការទៅរកអតីតបក្សបានចោទប្រកាន់សម្តេចតេជោថា មានភាពលំអៀងទៅរកចិន ប៉ុន្តែសម្តេចថា កម្ពុជាបើកការទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងពិភពលោកដោយមិនរើសអើងឡើយ។

ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដតួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វាគ្មិនចោទសួរ សម្ដេចតេជោ ថា «អ្នកខ្លះនិយាយថា ប្រទេសកម្ពុជា ដូចជាពឹងផ្អែកទៅលើចិនខ្លាំងពេក តើសម្ដេចតេជោ យល់យ៉ាងណាពីការព្រួយបារម្ភ របស់សហគមន៍អន្ដរជាតិ»? ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគួរនិយាយដោយត្រង់ៗថា បើខ្ញុំមិនពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា? និយាយឲ្យពិត និយាយការពិតនៅទីនេះ បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ទុកឲ្យប្រជាជនកម្ពុជា ឆ្លងទន្លេ ឆ្លងព្រែក ដោយជិះទូកដរ ដោយឆ្លងស្ពានឬស្សី ឬឈើ ប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរឬយ៉ាងណា?»។

សម្ដេចតេជោ រំលឹកថា កាលពីទស្សវត្សទី៩០ ជប៉ុនក៏បានផ្ដល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជា ដូចជា កសាងហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ប្រជាជនកម្ពុជា ។ ជាងនេះទៅទៀត ជប៉ុនក៏បានកសាងស្ពានឆ្លងកាត់ទន្លេនៅកម្ពុជាផងដែរ ហេតុអ្វីមិនចោទកម្ពុជាដែរទៅ?។

នាយករដ្ឋមន្រ្តីបន្តថា បន្ទាប់ពីជប៉ុន ចិនក៏បានកសាងស្ពាននៅកម្ពុជា ខណៈមានផ្លូវជាង៣ពាន់គីឡូម៉ែត្រជាជំនួយរបស់ចិន ។

សម្ដេចតេជោ ក៏បានចោទសួរបកទៅសហមគន៍អន្ដរជាតិ អ្នកវិភាគ បក្សប្រឆាំងថា បើកុំមានជំនួយរបស់ចិន តើកម្ពុជាគួរទៅពឹងអ្នកណា? សម្ដេចបន្តថា កម្ពុជាមិនបិទទ្វារសម្រាប់ទទួលជំនួយឡើយ គឺរង់ចាំទទួលជំនួយជានិច្ចពីបណ្ដាប្រទេសនានា ។

ក្រោយពីមានរបាយការណ៍ខ្លះ បានលើកឡើងថា កម្ពុជាផ្ដល់ទីតាំងឲ្យប្រទេសចិនប្រើប្រាស់ជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននោះ សម្ដេចតេជោបានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតប្រទេសផ្សេងបោះមូលដ្ឋានទ័ពនៅកម្ពុជាឡើយ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតមិនឲ្យអ្នកណាមួយប្រើប្រាស់ទេ បោះទីតាំងលើទឹកដីរបស់ខ្លួនទេ ហើយក៏មិនអនុញ្ញាតឲ្យកម្ពុជាទៅបោះទីតាំងនៅលើប្រទេសផ្សេង លើកលែងតែក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដែលពេលនេះកម្ពុជាមានកងទ័ពនៅលីបង់ នៅស៊ូដង់ខាងត្បួង នៅម៉ាលី និងនៅអាហ្វី្រកណ្ដាល យើងមិនបោះកងទ័ពប្រចាំការនៅទីនោះ ក្រៅក្របខណ្ឌអង្គការសហប្រជាជាតិទេ»។

សម្ដេចតេជោបន្ដថា នៅសមុទ្ររបស់កម្ពុជា គឺទទួលស្វាគមន៍ទាំងអស់នៃនាវាបរទេសចូលចតនៅកំពង់ផែរបស់ខ្លួន ដូច្នេះការចោទប្រកាន់ទៅលើបញ្ហាទាំងនេះ វាជារឿងអយុត្តិធម៌សម្រាប់កម្ពុជា និងអយុត្តិធម៌សម្រាប់ចិនផងដែរ៕

To Top