ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយ ឧបត្ថម្ភជីវភាព ប្រជាពលរដ្ឋទទួលរងគ្រោះ និង ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈជំងឺបាន និងកំពុងរីករាលដាល ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។
ក្នុងឱកាសទទួលស្បៀងអាហារ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ហ៊ុន ឡាក់ ដែលបានឧបត្ថម្ភ មីចំនួន២០០កេស, ត្រីខចំនួន២០០កេស, ដុំស៊ុបមាន់ពីរប្រភេទចំនួន ២៧៥កេស និងម្សៅស៊ុបមាន់ចំនួន២៥កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញ ពីការគិតគូ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាក្នុងកាលៈទេសៈប្រទេសជាតិ បាននិងកំពុងជួបប្រទះគ្រោះភ័យ នៃ ការរាតត្បាត់ពីមេរោគកូវីដ១៩ ៕