ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ណែនាំមន្ដ្រីជំនាញ ត្រូវអនុវត្តន៍វិធានការបន្ទាន់ ទប់ស្កាត់ជំងឺ ដុំពកស្បែកគោ ក្របី

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានណែនាំមន្ដ្រីជំនាញ ត្រូវអនុវត្តវិធានការ ចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) នៅប្រទេសកម្ពុជា។

តាមសារាចរណែនាំរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «ដើម្បីទប់ ស្កាត់ការឆ្លងរាលដាល ជំងឺដុំពកស្បែកគោ ក្របី ចូលមកព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ ក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំ ដល់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី-ខេត្ត ជាពិសេស បណ្ដាខេត្ត ជាប់ព្រំដែន ប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការ ជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ» ។

លោក បន្ដថា «ត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ដុំពកស្បែកគោ ក្របី ដោយត្រូវធ្វើការតាមដាន ស្រាវជ្រាវយ៉ាងហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោ ក្របី នៅទូទាំង ប្រទេស និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យ នៅគ្រប់ទីកន្លែងចិញ្ចឹម កន្លែងប្រមូលផ្តុំ និងទីផ្សារ»។

លោក បន្ថែមថា ត្រូវទប់ស្កាត់ការនាំចូលគោ ក្របីរស់ និងផលិតផល គោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទដែលខុស ច្បាប់ ដោយសហការជាមួយ អាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ជាពិសេស សមត្ថកិច្ចនៅតាមច្រកព្រំដែន ហើយ បង្កើនការអង្កេតតាមដាន និងឃ្លាំមើលស្ថានភាព សុខភាពសត្វគោ ក្របី នៅតាមមូលដ្ឋាន កន្លែងចិញ្ចឹមសត្វ និងតាមកសិ ដ្ឋានជាប្រចាំ ព្រមទាំង ធ្វើការប្រមូលសំណាកដែលសង្ស័យ រួចបញ្ចូនមក មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីវិភាគរកមេរោគដោយអនុវត្តវិធានបសុពេទ្យ ឱ្យបានទាន់ពេលវេលា។

ជាងនេះទៅទៀត ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមសត្វគោ ក្របីគ្រប់កម្រិតពី ការរៀបចំ ទ្រុង ការថែទាំ ការផ្តល់ទឹកនិងចំណី ការអនុវត្តវិធានការអនាម័យ ការតាមដានសុខភាពសត្វ និងការអនុវត្ត វិធានជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងរាយការណ៍នូវករណីសង្ស័យនៃជំងឺដុំពកស្បែកគោ ក្របី។

សូមរំលឹកថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxviridac នៃ ប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយបាន ឆ្លងរាលដាលពាសពេញ ពិភពលោកក្នុងនោះមានទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top