កំពង់ចាម៖ ក្នុងកិច្ចប្រជុំបូក សរុបការងាររបស់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អាជ្ញាធរខេត្តនៅគ្រប់គ្រង ស្ថានភាពបាន ទោះបីជាការឆ្លងរាលដាលជំងឺកូវីដ-១៩ កំពុងតែមានការកើនឡើង ជាបន្តបន្ទាប់ក៏ដោយ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា មកដល់ពេលនេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ។ ហើយអ្វីដែលជាការ រំពឹងទុកនោះ ជំងឺកូវីដ-១៩ នេះ អាចនៅមានឆ្លងរាលដាល បន្តទៀត ចេញពីរោងចក្រមួយ ទៅរោងចក្រមួយទៀត អាចពាក់ព័ន្ធ នៅគ្រប់រោងចក្រ ក្នុងខេត្តកំពង់ចាមតែម្ដង ដែលមានចំនួន ១៧ រោងចក្រ ដែលមានកម្មករ-កម្មការិនីសរុបប្រមាណជា ៤ ម៉ឺននាក់ ពោល ប្រសិនបើមាន ការឆ្លងរាលដាលត្រឹម ១០% នៃចំនួននោះ ក៏អាចមានកម្មករ-កម្មការិនី ចំនួន ៤ពាន់នាក់ដែរ ដែលឆ្លងជំងឺកូវីដ-១៩ ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា បច្ចុប្បន្នមន្ទីរពេទ្យមេគង្គកំពង់ចាម អាចដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មិនទាន់ពេញនៅឡើយទេ ប៉ុន្តែប្រសិនបើ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដាក់ពេញហើយនោះ អ្នកជំងឺកូវីដ-១៩ នឹងត្រូវរំលែកដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបានថ្លែងបន្តថា អាជ្ញាធរខេត្ត ក៏បានរៀបចំត្រៀមគ្រូពេទ្យគ្រប់ ចំនួន ក្នុងនោះមានក្រុមគ្រូពេទ្យ សម្រាប់ចាក់វ៉ាក់សាំង , មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម , និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយអន្តរាគមន៍ នៅពេលដែលមានតម្រូវ ការចាំបាច់ផងដែរ។ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តមានសម្ភារៈ បរិក្ខាពេទ្យគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ ដោយមានភាពម្ចាស់ការ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការបន្តអាជ្ញាធរខេត្ត បានរៀបចំ យុទ្ធសាស្ត្រ គ្រប់គ្រងស្ថានភាពកុំឲ្យជំងឺកូវីដ-១៩ នេះ ឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់វិធានការគ្រប់ បែបយ៉ាង ដើម្បីរងចាំវ៉ាក់សាំងមកដល់ ។