ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជកា រទាំងអស់ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ ដើម្បីធានាឱ្យការផ្តល់ សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ លោក កើត រិទ្ធ ក៏បានផ្តល់ការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែ មានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំង កិច្ចសហការកាន់តែល្អប្រសើរ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់ សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោក បញ្ជាក់ថា «សូមក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ជាប់ជានិច្ចស្របតាមបរិបទនៃកំណែទម្រង់ថ្មី ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត»។
ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានលើកឡើងទៀតថា ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុង ស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា៕