ព័ត៌មានជាតិ

ស្ថានទូតអាមេរិក មូលនិធិអាស៊ី និង​វិទ្យាស្ថាន​ជាតិ​ការ​ទូត ​និង​ទំនាក់​ទំនង​អន្តរជាតិ​ បើកសិក្ខាសាលារួមគ្នា ស្តីពីជំនាញកិច្ចការទូត

ស្ថានទូតអាមេរិកនៅភ្នំពេញ មូលនិធិអាស៊ីប្រចាំកម្ពុជា​ និង​វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តើមសិក្ខាសាលារួមគ្នា ស្តីពី​ជំនាញ​កិច្ចការ​ទូត នៅថ្ងៃ​នេះ ដើម្បីជំរុញការផ្លាស់ប្តូរមតិយោបល់ និងការអនុវត្តល្អៗ នៅក្នុងវិស័យគន្លឹះ ហើយ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា។ អ្នកដឹកនាំមកពីអង្គការ ស្ថាប័នក្នុងវិស័យឯកជន ក្រុម​អ្នកជំនាញ​ផ្តល់ប្រឹក្សា ស្ថាប័នទូត និងពហុភាគី បានចូលរួមជាមួយអ្នកការទូតកម្ពុជាវ័យក្មេងចំនួន ៣១ នាក់ នៅ​ក្នុង​សិក្ខាសាលាប្រចាំសប្តាហ៍ ដែលមានជាបន្តបន្ទាប់ចំនួន ៤ លើក ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​លើនិន្នាការ​សំខាន់ៗ ដូចជាមធ្យោបាយសម្រាប់ធ្វើការ ទាក់ទងជាមួយសាធារណជនបរទេស ដោយ​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​​ ដើម្បីជំរុញផលប្រយោជន៍ជាតិ ពហុនិយម និងបន្ស៊ីគ្នានូវទិន្នន័យ និងព័ត៌មាន​ សម្រាប់​អ្នក​ធ្វើ​គោល​នយោបាយ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​នៃសហរដ្ឋអាមេរិក បានថ្លែង​នៅក្នុងសុន្ទរកថា ​ទៅ​កាន់​អ្នកការ​ទូត​កម្ពុជា នៅ​ក្នុងវិទ្យាស្ថាន NIDIR ថា «បញ្ហា​ប្រឈម​​នៅ​ក្នុងសាកលលោក នាសម័យបច្ចុប្បន្ន មិន​ដែល​ធ្លាប់​មាន​ទេ ពីមុនមក ហើយសហគមន៍អន្តរជាតិពឹងលើអ្នកការទូត «ជំនាន់ក្រោយ» ហើយ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​សម្រាប់ បញ្ហាប្រឈមដ៏ស្មុគស្មាញទាំង​នេះ» ។ 

ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «សិក្ខាសាលា​នេះ​នឹង​ធ្វើឲ្យមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាល្អ សម្រាប់អ្នកការទូតវ័យក្មេងកម្ពុជា​របស់​យើង​ ដើម្បីទទួលបាន​ទស្សនៈថ្មីៗ លើប្រធានបទនានា ដែលខ្ញុំជឿជាក់ថា នឹង​ធ្វើ​ឲ្យ​អ្នកការ​ទូត​វ័យ​ក្មេង​កម្ពុជា​របស់​យើងមានចំណេះ និងជំនាញ ដែលគេត្រូវការ ដើម្បីធ្វើឲ្យខ្លួនគេរីកចម្រើនទៅមុខ នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ដែលមានភាពស្មុគស្មាញ»។ 

លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំ​នៅកម្ពុជា បានមានប្រសាសន៍ថា ៖ «នេះ​ជា​ឱកាសពិសេសមួយ សម្រាប់ធ្វើការចែករំលែកទស្សនៈនានា លើប្រធានបទដែលមានសារៈសំខាន់​នា សព្វ​ថ្ងៃនេះ​ជាមួយអ្នកការទូតវ័យក្មេងកម្ពុជា និងជំរុញឲ្យមានការផ្លាស់ប្តូរគ្នា ដោយបើកចំហ និង​ដោយ​ស្ថាបនា»។

គំនិតផ្តួចផ្តើម អាមេរិក-កម្ពុជា AmCam ២០២១ របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ពីការខិតខំធ្វើ សហប្រតិបត្តិការ​របស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ទាក់ទងនឹងវិបុលភាព សន្តិភាព គោលការណ៍ និង ភាព​ជាដៃគូ (https://kh.usembassy.gov/slide/u-s-embassy-phnom-penh-celebrates-people-to-people-ties/) ។

វិទ្យាស្ថាន NIDIR ត្រូវបានបង្កើតឡើងជាផ្លូវការ​ នៅឆ្នាំ ២០១៦ ជាគំនិតផ្តួចផ្តើម​របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមឆ័ត្រ​របស់​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិទ្យាស្ថាន​នេះមានបំណងកសាងសមត្ថភាពជំនាញអាជីព​របស់​អ្នកការទូតវ័យក្មេងអាជីពកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​កិច្ចការ​ទូត​នៅ​ក្នុងពិភពលោក ដែលកំពុងកមានការពិបាកកាន់តែច្រើនឡើង និងជាពិសេស លើកកម្ពស់ការចូលរួម និង​តួនាទី​​របស់ប្រទេសកម្ពុជា នៅក្នុងកិច្ចការតំបន់។

មូលនិធិ​អាស៊ី គឺជា​អង្គការអភិវឌ្ឍន៍អន្តរជាតិ មិនស្វែងរកកម្រៃចំណេញមួយ ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​ជីវិត​រស់នៅ នៅទូទាំងតំបន់អាស៊ីដែលកំពុងមានការអភិវឌ្ឍ និងមានភាពរស់រវើក។ ដោយ​បាន​ទទួល​ជំនាញ​ដ៏​ជ្រាលជ្រៅ​ពីអ្នក​នៅក្នុងស្រុក និងជាមួយនឹងបទពិសោធន៍រយៈពេល ៦ ទសវត្សរ៍ ការងារ​របស់​ខ្លួន​នៅ​ទូទាំង​តំបន់ ​សំដៅឈានទៅសម្រេចគោលដៅរួមចំនួន ៥ គឺពង្រឹងអភិបាលកិច្ច ផ្តល់លទ្ធភាពដល់ស្រ្តី ពង្រីកឱកាស​សេដ្ឋកិច្ច បង្កើនភាពធន់នៃបរិស្ថាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ ៕

To Top