ព័ត៌មានជាតិ

អាមេរិក ដាក់ទណ្ឌកម្ម ថ្នាក់ដឹកនាំពួកហូធី ដោយចោទ ពីបទបង្កឲ្យមាន វិបត្តិមនុស្សជាតិ ធ្ងន់ធ្ងរ

បរទេស ៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ ទើបបានដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំពួកឧទ្ទាម ហូធី ជាន់ខ្ពស់ពីររូប ដោយចោទពួកគេពីចាត់វិធានការ នៅក្នុងប្រទេសយេម៉ែន អូសបន្លាយសង្គ្រាមស៊ីវិល ក្នុងប្រទេស នៅតំបន់មជ្ឈិមបូព៌ាមួយនេះ និងបង្កឲ្យមានវិបត្តិ មនុស្សជាតិធ្ងន់ធ្ងរ ។

ចំពោះមន្ត្រីជាន់ខ្ពស់ រងទណ្ឌកម្មទាំងពីររូបនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា លោក Muhammad Abd Al-Karim al-Ghamari កំពុងទទួលរកការ ដាក់ទណ្ឌកម្ម តាមរយៈបទបញ្ជា ប្រតិបត្តិមួយ ដែលមានគោលដៅបង្កក ទ្រព្យសម្បត្តិរបស់អ្នក ដែលគម្រាមកំហែងដល់សន្តិភាព សន្តិសុខនិងស្ថិរភាព នៅក្នុងប្រទេសយេម៉ែន ។

ចំណែកទីភ្នាក់ងារសហព័ន្ធ បានចោទប្រកាន់លោក al-Ghamari ពីបទរៀបចំផែនការ វាយប្រហារនៅក្នុងខេត្ត Marib ដែលគម្រាមកំហែង ធ្វើឲ្យមានភាពកាន់ តែអាក្រក់ឡើង ចំពោះអ្វីដែលទីភ្នាក់ងារ អង្គការសហប្រជាជាតិ ពិពណ៌នាថា ថាជាវិបត្តិមនុស្សជាតិដ៏អាក្រក់បំផុត ក្នុងពិភពលោក។

លោក Andrea M. Gacki ជានាយកការិយាល័យ ទ្រព្យសម្បត្តិបរទេសនៅក្រសួង រតនាគារអាមេរិក បានមានប្រសាសន៍ថា “ក្នុងនាមជាមន្ត្រីយោធា ជាន់ខ្ពស់របស់ពួកឧទ្ទាមហូធី លោក Muhammad Abd Al-Karim al-Ghamari ត្រូវតែទទួល ខុសត្រូវ ដោយត្រង់ ចំពោះការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្ត Marib បង្កឲ្យមានមនុស្សឈឺចាប់ ។ សហរដ្ឋអាមេរិក នឹងបន្តឲ្យថ្នាក់ដឹកនាំពួក ហូធីទទួលសុខត្រូវ ចំពោះទង្វើដែលរួមចំណែកបង្ក ឲ្យមានវិបត្តិមនុស្សជាតិ នៅយេម៉ែន” ៕ប្រែសម្រួល៖ប៉ាង កុង

To Top