លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក្រោមការអនុញ្ញាតពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព (Facilitation and Effective Communication)” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស. ប្រមាណជា២០រូប នាថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំធំ នៃ ប.ស.ស. រាជធានីភ្នំពេញ។
លោកបានថ្លែងដោយក្តីជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកបទពិសោធន៍ល្អៗ ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអភិវឌ្ឍលើការងារ ដែលមានស្រាប់ឱ្យកាន់តែប្រសើរ និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបន្តចែករំលែក ចំណេះដឹងទៅដល់មន្ត្រី និងបុគ្គលិកនៅតាមនាយកដ្ឋានរៀងៗខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោក បានបន្តទៀតថា៖ ក្នុងនាមយើងជាមន្ត្រី និងបុគ្គលិក ប.ស.ស. ត្រូវធ្វើយ៉ាងណាបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនិងគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តអនុវត្តតាមវិធានការ “បីកុំ បីការពារ” ទាំងអស់គ្នាឱ្យបានត្រឹមត្រូវ ឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកបាន សម្តែងនូវអំណរអរគុណ ចំពោះវត្តមាន របស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព (Facilitation and Effective Communication)” ដែលមានរយៈពេលបួនព្រឹក កន្លងមកនេះ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាក្រុមការងារដែលបានសហការ និងសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាល ដ៏មានសារសំខាន់នេះឡើង ប្រកបដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់ ក្រោមការឧបត្ថម្ភគាំទ្រថវិកាដោយ UNDESA។
សូមបញ្ជាក់ថា៖បន្ទាប់ពីបញ្ចប់កម្មវិធី លោក ហេង សុផាន់ណារិទ្ធ បានផ្ដល់កិត្តិយសអញ្ជើញប្រគល់វិញ្ញាបនបត្រជូនដោយផ្ទាល់ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ៕