ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម រៀបចំវិទ្យាល័យ ព្រះសីហនុ ធ្វើមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យ និងរៀបចំ វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើជាមន្ទីរពេទ្យបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅពេលមន្ទីពេទ្យមេគង្គកំពង់ចាមមានអ្នកជំងឺពេញ ។

តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ មានចំនួនកើនឡើងជាបន្តបន្ទាប់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ គ្រប់បណ្ដាក្រុងស្រុកទូទាំងខេត្ត ដើម្បីពង្រីកកន្លែងធ្វើចត្តាឡីស័ក ព្រមទាំងរៀបចំបន្ថែមមន្ទីរពេទ្យ ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ ។

មន្ត្រីរដ្ឋបាលសាលាខេត្ត បានឲ្យដឹងទៀតថា មកដល់ពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំយកវិទ្យាល័យព្រះសីហនុ ធ្វើជាកន្លែងសម្រាប់ក្រុមគ្រូពេទ្យព្យាបាលអ្នកជម្ងឺកូវីដ -១៩ បន្ថែម បន្ទាប់ពីអ្នកជម្ងឺ ពេញគ្រប់បន្ទប់ នៅអគារមន្ទីរពេទ្យមេគង្គកំពង់ចាម ។

ដោយឡែក នៅថ្ងៃដដែលនេះដែរ លោកអភិបាលខេត្ត បា នដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងបន្ថែម ដើម្បីរៀបចំជាមណ្ឌលចត្តាឡីស័កបន្ថែមទៀត បង្ការ សម្រាប់ដាក់អ្នកធ្វើចត្តាឡីស័ក ក្រោយអគារមណ្ឌលចត្តាឡីស័កនៅគរុកោសល្យភូមិភាគ ពេញគ្រប់បន្ទប់ហើយនោះ ៕

To Top