ភ្នំពេញ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះអ្នកជំងឺចំនួន២០នាក់ បានជាសះស្បើយ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសំណូមពរ ដោយទទូចសូមឱ្យបងប្អូន ដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន ឯងរយៈពេល ១៤ ថ្ងៃជាកំហិត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺ របស់យើង!!!ថ្ងៃនេះ( ២២-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន20នាក់ក្នុងចំណោមអ្នកឈឺ 348នាក់»។
លោកបន្តថា «ខ្ញុំសូមសំណូមពរដោយទទូចសូមឱ្យបងប្អូនយើងដែលជាសះស្បើយនៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល 14 ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យសូម ប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរ ឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុត»។
តាមរយៈស្ថិតិថ្មី រដ្ឋបាលខេត្ត បានជ្រើសរើស យកទីតាំងវិទ្យាល័យបណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ធ្វើជាមណ្ឌលព្យាបាល សម្រាប់អ្នកកើតជម្ងឺ covid-19ថ្មី ដែលអាចកើតឡើង ជាយថាហេតុ៕