ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

លោក សុខ ឥសាន៖ អត់មានបង្ក្រាបអ្នកមាន និន្នាការនយោបាយផ្ទុយទេ តែបង្ក្រាបអ្នកបំផ្លាញជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា កងកម្លាំងនគរបាលជាតិអត់មាន ទៅបង្ក្រាបអ្នកដែលមាន និន្នាការនយោបាយផ្ទុយទេ គឺគោលបំណងបង្ក្រាបទៅលើអ្នក មានបំណងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ។

តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៧ ឧសភានេះ លោក សុខ ឥសាន បានលើកឡើងថា “អត់មានបង្ក្រាប អ្នកមាននិន្នាការនយោបាយផ្ទុយទេ គឺបង្ក្រាបតែក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិប៉ុណ្ណោះ ។ ក្រុមឧទ្ទាមក្រៅច្បាប់ដែលជា ក្រុមភេរវកម្មទុកមិនបានទេ ត្រូវតែងើបមួយវាយមួយ ងើបពីរវាយពីរទើបបាន”។

លោកបន្តថា នគរបាល និងកងកម្លាំងប្រដាប់អាវុធដទៃទៀត មានតួនាទីថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនជាតិ និងប្រជាជនមិនបណ្តោយឲ្យក្រុមឧទ្ទាមក្រៅច្បាប់ បង្ករអុកឡុកសង្គមជាតិឡើយ ។

ការថ្លែងរបស់អ្នកនាំពាក្យកាន់អំណាចនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរីបានផ្សាយនាថ្ងៃ១៦ ឧសភាថា “មន្រ្តីគណបក្សប្រឆាំងប្រតិកម្មសារសម្តេចតេជោ ហ៊ុន សែន ឲ្យកងកម្លាំងនគរបាល បង្រ្កាបពលរដ្ឋមាននិន្នាការផ្ទុយ”។

វិទ្យុនេះស្រង់សំដីលោក អំ សំអាន ដែលជាអតីតមន្រ្តីអតីតគណបក្សសង្រ្គោះជាតិថា “បក្សកាន់អំណាចកំពុងរៀបចំ បន្តកាន់អំណាចផ្តាច់ការ ដោយផាត់ចោលសម្លេងប្រជាពលរដ្ឋ ដែលចង់ឲ្យមានការផ្លាស់ប្តូរ តាមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មេដឹកនាំនគរបាលជាតិមួយចំនួន បានចូលដៃបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់”។

ត្រង់ចំណុចនេះ លោក សុខ ឥសានថ្លែងបកដោយលាយការវាយប្រហារថា “ក្នុងការបោះឆ្នោតលុះត្រាតែពួកវាឈ្នះ ទើបវាថា ការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ។ បើពួកវាចាញ់ឆ្នោត ពួកវានៅតែថា ការបោះឆ្នោតមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌ដដែល” ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃ១៦ឧសភា បានផ្ញើសារទៅកាន់កងកម្លាំងនគរបាលជាតិថា កម្ពុជានឹងត្រូវត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឆ្នាំ២០២២ខាងមុខ ដែលគោលដៅនៃការប៉ុនប៉ង វាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ ។ ដូច្នេះស្ថានការណ៍នេះ ទោះបីតិចឬច្រើន ផ្ទាល់ឬប្រយោល សុទ្ធតែមានផលប៉ះពាល់ដល់ សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដដែល បញ្ហាទាំងអស់នេះ តម្រូវឲ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា ដោយមិនពួកគេសម្រេចផែនការ ទុច្ចរឹតទាំងនោះបានជាដាច់ខាត ៕

ដោះលែង កូនបង្កើត -កូនប្រសារ ឧកញ៉ាហេង សៀ ក្រោយសារភាព បានជួលមនុស្ស២នាក់ មកថតត្រាប តាមឧកញ៉ាហេង សៀ និង មាន ពេជ្ររីតា

ភ្នំពេញ ៖ អយ្យការសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង លោក ឃន ឈុនតារា និងអ្នកស្រី តាំង គីមហៀង ដែលត្រូវជាកូនប្រសារ និងកូនបង្កើតរបស់លោកឧកញ៉ា ហេង សៀ ក្រោយពួកគេសារភាពថា បានជួលមនុស្សប្រុស-ស្រី២នាក់ស្រដៀង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតាឲ្យថតរូបវិដេអូឃ្លីប ធ្វើត្រាប់តាមនៃដំណើរការ ជំលោះរវាងភាគទាំង២ (ហេង សៀ និងកញ្ញា មាន ពេជ្ររីតា) កាលពីថ្ងៃ១៤ ឧសភា ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យអយ្យការសាលាដំបូង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីថ្ងៃ១៤ ឧសភា មានរូបភាព អាសអាភាសជាច្រើនសន្លឹក ត្រូវបានចែកចាយជាបន្ដបន្ទាប់ នៅលើ បណ្ដាញ សង្គមបង្កើត ឲ្យមានការភ័ន្តច្រឡំ ជាសាធារណៈថា ជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កិត្តិយស មាន ពេជ្រតា ។ មុនពេលមានការចែកចាយរូបភាព អាសអាភាសទាំងនេះ សា្ថប័នមានសមត្ថកិច្ច មានភស្តុតាងបឋម បញ្ជាក់ថា មានការជ្រើសរើសមនុស្ស ចំនួនពីរនាក់ដែលម្នាក់ មានភិនភាគប្រហាក់ ប្រហែលកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគ ប្រហាក់ប្រហែលឧកញ៉ា ហេង សៀ ដើម្បីថតជាវីដេអូឃ្លីប ។

សេចក្តីថ្លែងការណ៍បន្តថា ក្រោយការស៊ើបអង្កេត រយៈពេល២ថ្ងៃ បង្ហាញថាឈ្មោះ ឃន ឈុនតារា ជាកូនប្រសារ និងឈ្មោះ តាំង គីមហៀង កូនបង្កើតឧកញ៉ា ពិតជាបានជ្រើសរើសមនុស្ស ពីរនាក់ស្រដៀង ឪពុកខ្លួននិងមាន ពេជ្ររីតា ដើម្បីថតសម្តែង ត្រាប់អង្គហេតុ នៃជម្លោះរវាងអ្នកទាំងនេះ ក្នុងរថយន្តពិតប្រាកដមែន ។

លិខិតរបស់អ្នកនាំពាក្យ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងទៀតថា ឈ្មោះ ឃន ឈុនតារា បានប្រាប់សមត្ថកិច្ចថា ខ្លួនគាត់ក៏បានទទួលរូបភាព អាសអាភាស ដែលមានប្រភពមិនច្បាស់លាស់ តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram ។ ករណីនេះ សាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាមិនឲ្យករណីនេះ កើតមានជាថ្មីទៀតឡើយ ។

ប្រភពបញ្ជាក់ថា “អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់ នូវលទ្ធផលនការស៊ើបអង្កេត ករណីខាងលើនេះនិងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពនៃការផលិតរូបភាព អាសអាភាស ដែលត្រូវបានចែកចាយ លើបណ្ដាញសង្គម ។ អំពើផលិតរូបភាពអាសអាភាស ដើម្បីចែកចាយ ជាសាធារណៈនេះ គឺជាអំពើធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គមនិង សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។

សូមបញ្ជាក់ថា លោក ឃន ឈុនតារា ត្រូវបានចាប់ខ្លួន កាលពីរាត្រីថ្ងៃទី១៥ ឧសភាក្រោយមានការចោទ ប្រកាន់ជួលមនុស្សថតរូប អាសអាភាស រវាងឪពុកក្មេក និងមាន ពេជ្ររីតា ។ ក្រោយចាប់ខ្លួនប្តី មិនដល់ជាង២ម៉ោងផងអ្នកស្រីតាំង គីមហៀង ក៏ត្រូវបានចាប់ខ្លួនម្នាក់ទៀត ពីបទរួមគំនិតជាប្តី ៕

រាជរដ្ឋាភិបាល បង្កើតក្រុមការងារសិក្សា រៀបចំលិខិតបទដ្ឋាន គតិយុត្ត សម្រាប់ការគ្រប់គ្រង និងដកហូតគោរមងារឧកញ៉ា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។

យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារ មានភារកិច្ចដូចជា ៖

ទី១-សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋាន គតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។

ទី២-សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។

ទី៣-សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ា ក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ ។

ទី៤-រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

ទី៥- ធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ។

ទី៦- រៀបចំឯកសារពាក់ព័ន្ធ ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច។

និងទី៧-បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕

កម្ពុជា កំពុងធ្វើការជាមួយប្រទេសជិតខាង រិះរកវិធីបើកច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើក ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើក ច្រកទ្វារព្រំដែន ព្រៃវល្លិ៍-ព្រែកចាក សម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធាណការ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា កិច្ចប្រជុំសម្របសម្រួលការ ដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាពេលថ្មីៗនេះ កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនក្នុងតំបន់ ខណៈ ពេលវិស័យនេះកំពុងទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះសមាជិកអាស៊ានទាំងអស់ កំពុងពិភាក្សារកវិធីសម្របសម្រួល ការដឹកជញ្ជូនឱ្យមានភាព ប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានចំនួន៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហា នៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះ បានជួបប្រទះនូវបញ្ហារអាក់រអួល។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែង ធ្វើការជាមួយភាគីថៃក្នុងការ រិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន រវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះ ត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាន នៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះ ក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែ សមាជិកអាស៊ានបានរឹតបន្តឹង សន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ាន បានរឹតបន្ដឹងការឆ្លងកាត់ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី ២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមាន ភាពរលូនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាង មួយឆ្នាំកន្លង ទៅ។

សូមជម្រាបជូនថា៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយលើកសាងសមត្ថភាព ថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ “ការ រក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហា នៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេល នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយ មានការចូលរួមពីតំណាងរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី៕

ទូត អាមេរិក ប្រាប់កម្ពុជាថា អាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្ត មួយរបស់កម្ពុជា

ភ្នំពេញៈ លោកទូតអាមេរិក W. Patrick Murphy ជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទ ទី១៧ ខែឧសភានេះ ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋរដ្ឋទូត Murphy បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ ដែលប្រទេសកម្ពុជា បានទទួលរង ក្នុងអំឡុងនៃការរាតត្បាត ជំងឺកូវីដ១៩។

សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយ របស់កម្ពុជា ក្នុងពេលនៃ​ការរីករាលដាលជំងឺ ជាសាកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ មានតម្លៃជាទឹកប្រាក់ ១១ លានដុល្លារអាមេរិក ជំនួយជាបច្ចេកទេស ដ៏សំខាន់ ក្នុងការពង្រឹងបន្ថែម នូវភាពជាដៃគូផ្នែកសុខភាព ដ៏យូរអង្វែង និងផ្តល់ជំនួយជាង ៤ ពាន់លានដុល្លារ ដែលជាជំនួយ ដ៏ច្រេីនលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការសុខភាព ពិភពលោក ដែលតាមកម្មវិធីនេះ ប្រទេសកម្ពុជា នឹងត្រូវទទួលជំនួយវ៉ាក់សាំង ១ លាន ១ សែនដូស ត្រឹមចុងខែឧសភា និងមានជាបន្តបន្ទាប់។

សហរដ្ឋអាមេរិក គាំទ្រនូវកិច្ចប្រឹងប្រែង របស់កម្ពុជា និងរដ្ឋសមាជិក សមាគមអាស៊ានដទៃទៀត ក្នុងការលើកកម្ពស់ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យ ព្រមទាំងនីតិរដ្ឋនៅក្នុងតំបន់ រួមទាំងប្រទេសភូមាផងដែរ។ អស្ថិរភាព ដែលបង្កើត​ នូវរដ្ឋប្រហារយោធា ប៉ះពាល់ដល់តំបន់ទាំងមូល ហើយប្រទេសក្នុងអាស៊ាន ដើរតួនាទីសំខាន់ ក្នុងការជួយស្តារឱ្យប្រទេសភូមា ឈានមកកាន់​ប្រជាធិបតេយ្យឡើងវិញ។ ” យើងលើកទឹកចិត្ត ប្រទេសអាស៊ាន ឱ្យទាក់ទងភាគីពាក់ព័ន្ធ ក្នុងប្រទេសភូមា ដើម្បីស្វែងរកនូវដំណោះស្រាយ ចំពោះវិបត្តិនេះ”៕

អ្នកនយោបាយ-អ្នកវិភាគ៖ យុទ្ធនាការលក់ប័ណ្ណនាឡិកា សម រង្ស៊ី ល្អតែសម្រាប់ សម រង្ស៊ី ទេ

ភ្នំពេញ៖ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានប្រកាសបើកយុទ្ធនាការ លក់ប័ណ្ណនាឡិកាសម រង្ស៊ីតម្លៃ ៥ដុល្លារនោះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក គឹម សុខ ដែលជាអ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាបានលើកឡើងស្រដៀងគ្នាថា យុទ្ធនាការនេះគឺល្អសម្រាប់តែលោក សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋទេ ។

លោក សុខ ឥសាន បានលើកឡើងតាមរយៈ បណ្តាញតេឡេក្រាមនាថ្ងៃ១៨ ឧសភាថា “ការទិញប័ណ្ណនាឡិកាទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ល្អសម្រាប់ទណ្ឌិតមេបោក តែអាក្រក់សម្រាប់អ្នកចាញ់បោក”។

ចំណែក លោក គឹម សុខ ពីក្រៅប្រទេសមកវិញបានថ្លែងដែរថា លោក សម រង្ស៊ី បើចង់លេងតទល់នឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាគួរលេងឲ្យធំ និងដោយពលីកម្មខ្ពស់ ទើបអាចរកប្រយោជន៍ជូនពលរដ្ឋ កុំលេងតូចតាចសកញ៉ក ។ លោកថា បើផ្សាយចោលឲ្យតែឮៗ គឺគ្មានប្រយោជន៍។

លោកសង្កត់ធ្ងន់ថា “ខ្ញុំគិតថា លោក សម រង្ស៊ី គួរបង្ហាញសមានចិត្តឲ្យទូលំទូលាយជាងនេះ លើសពីនិមិត្តរូបគំរូវិភាគទាន លក់នាឡិកាតម្លៃ៥ដុល្លារ ទើបវាទៅជាឥរិយាបថ ហួសពីការលេងសើចពេក ក្នុងនាមជាមេដឹកនាំនយោបាយកំពូលម្នាក់” ។

សូមបញ្ជាក់ថា លោក សម រង្ស៊ីបានប្រកាសបើកលក់ប័ណ្ណនាឡិកាក្នុងតម្លៃ ៥ ដុល្លារ១សន្លឹក ដើម្បីរួមចំណែកប្រមូលថវិកា ពីការលក់ប័ណ្ណនេះជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក សម រង្ស៊ី ថ្លែងថា«ខ្ញុំនឹងដោះនាឡិកាខ្ញុំ ៤-៥ដុល្លារ អ្នកណាចង់ទិញខ្ញុំលក់ឲ្យ… ជានិមិត្តរូប ជាកាយវិការមួយ ដើម្បីធ្វើជាគំរូឲ្យមនុស្សម្នាក់ៗ ដែលមានលទ្ធភាព ជាពិសេសជនជាតិខ្មែរដូចគ្នា ចេះលះបង់ផ្ដល់ជាវិភាគទានជួយប្រជាពលរដ្ឋ កំពុងតែដាច់បាយ»។

បើតាមហ្វេសប៊ុកលោក សម រង្ស៊ី គិតមកត្រឹមថ្ងៃ១៧ ឧសភាម៉ោង៦ល្ងាច នៅកម្ពុជាបានលក់ប័ណ្ណនាឡិកាជាង ១ម៉ឺនសន្លឹក ។ លោកថា ចំនួនប័ណ្ណដាក់លក់អត់មានកំណត់ទេ នឹងបន្តដាក់លក់រហូតដល់ថ្ងៃ ចាប់ឆ្នោតផ្សងសំណាង សម្គាល់លេខប័ណ្ណរបស់អ្នកដែល នឹងទទួលបាននាឡិកាលោក សម រង្ស៊ី ជានិមិត្តរូប នៅថ្ងៃ៦ មិថុនា ២០២១៕

កម្ពុជា ជឿជាក់ លើយានអវកាស ស៊ូរ៉ុង របស់ចិន ចុះចតដោយជោគជ័យ លើភពអង្គារ នឹងផ្តល់ប្រយោជន៍ ដល់មនុស្សជាតិទាំងមូល

ភ្នំពេញ ៖ ក្រោយពីយានអវកាស របស់ចិន ឈ្មោះ «ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពអង្គារ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជឿជាក់ថា សមិទ្ធផលដ៏ធំធេងនេះ នឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល ។

យានអវកាស ស៊ូរ៉ុង បានចុះចតដោយជោគជ័យលើភពព្រះអង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

ក្នុងសារលិខិតផ្ញើ ជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែលបានចុះចត ដោយជោគជ័យលើភពអង្គារ សម្ដេចតេជោ បានអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន។

សម្ដេចតេជោ បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវ វិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្រ របស់មនុស្សជាតិទាំងមូល»៕

កម្ពុជា-អាមេរិក បញ្ជាក់ពីការប្ដេជ្ញាចិត្ត ខិតខំដោះស្រាយរួមគ្នា ទោះបីមាន​ការខ្វែងគំនិត លើបញ្ហាមួយចំនួនកន្លងមក

ភ្នំពេញ៖ ជាស្ថានការដ៏ល្អប្រសើរមួយ នៅក្នុងការស្ដារឡើងវិញ នូវទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានធ្លាក់ក្នុងស្ថានភាព អាប់អួរក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសហរដ្ឋអាមេរិក បានចោទកម្ពុជាថា បានរំលោភសិទ្ធមនុស្ស ប្រជាធិបតេយ្យ ក្រោយពីមានការចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង និងសកម្មជនមួយចំនួនទៀត បូករួមទាំងបញ្ហា មួយចំនួនផ្សេងទៀត ដូចជា បញ្ហាទន្លេមេគង្គ កំពង់ផែរាម និងតំបន់តារាសាគរ នៅខេត្តកោះកុង ជាដើម ។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន ១ លាន ១ សែនដូស ដល់កម្ពុជា តាមរយៈយន្តការកូវាក់ នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត ។

នៅក្នុងជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងលោក ផាក ទ្រីម៉ាហ្វី (Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ឧសភា ភាគីទាំងពីរ នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្ត ខិតខំដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយ ជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនោះទេ ។

លោក Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាព ជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាក នៃជំងឺរាតត្បាតកូវីដ-១៩។

លោក Patrick Murphy បានលើកឡើងថា «សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំ ជាប់លាប់មួយ របស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេល នៃការរាតត្បាតជាសាកល នៃមេរោគ ដោយបានផ្តល់ថវិកា ចំនួនជាង ១១ លានដុល្លារ ជាជំនួយ ផ្តល់ឲ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ ១៩ ជំនួយបច្ចេកទេសសំខាន់ៗ ជាបន្ថែម លើកម្មវិធីសហការជាដៃគូ ជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកា ចំនួនជាង ៤ ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឲ្យ លើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធី នេះ ប្រទេសកម្ពុជានឹងទទួលបាន វ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត »។

ជាការឆ្លើយតប ប្រមុខការទូតកកម្ពុជា បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះជំនួយរបស់សហរដ្ឋអាមេរិក ទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។

លោក បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំង ជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមាន ការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហា កូវីដ-១៩ យ៉ាងណាក៏ដោយ។

ភាគីទាំងពីរគួសបញ្ជាក់ថា «ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយជា ឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនោះទេ»។

ឆ្លៀតក្នុងឱកាសនោះលោក ប្រាក់ សុខុន បានប្រាប់លោកទូត អាមេរិក ថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ ជាក់លក្សដ៏សំខាន់ក្នុងការដោះស្រាយ ជំលោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយ បានលុះត្រាតែ ១) តម្រូវឲ្យឈប់មាន ការប្រើអំពើហឹង្សារ ២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នា ដោយមានការជួយជ្រោមជ្រែង ពី អាស៊ាន ហើយ ៣) អនុញាត្តិឲ្យការផ្តល់ ជំនួយមនុស្សធម៌ អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញ មីយ៉ាន់ម៉ា វិលទៅរកស្ថានភាព ប្រក្រតីឡើងវិញ (normalcy) ។

ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍របស់ សម្តេចតេជោ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គោលការណ៍ “ការឯកភាពគ្នាជាឯកឆន្ទប្រាំចំណុច” ដែលជាលទ្ធផល នៃកិច្ចប្រជុំរបស់មេដឹកនាំ អាស៊ានកន្លងទៅ។

បន្ថែមលើនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ពីការត្រៀមខ្លួន របស់កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលបានបង្ហាញសមានចិត្តគាំទ្រ ជួយទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទី ជាប្រធានអាស៊ានទទួល បានជោគជ័យនៅឆ្នាំក្រោយ៕

លោក សុខ ឥសាន ៖ ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់មន្រ្តីអតីតបក្សប្រឆាំង មិនទាក់ទងបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ ៖ “ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់មន្ត្រីអតីតគណបក្សប្រឆាំង មិនទាក់ទងនឹងគណបក្ស ប្រជាជនកម្ពុជាទេ ។ នេះជាសិទ្ធិផ្ទាល់ខ្លួនរបស់ម្នាក់ៗ” ។ នេះជាប្រសាសន៍លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ២០ ខែឧសភា ឆ្នាំ២០២១ ។

ការថ្លែងរបស់លោក សុខ ឥសាន ក្រោយមាន មតិលើកឡើងថា ការដែលក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយឡើងវិញ មានការជាប់ពាក់ព័ន្ធជាមួយនឹង គណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃ១៧ ឧសភា លោក ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិក គណៈកម្មាធិការនាយក របស់អតីតគណបក្ស សង្រ្គោះជាតិ ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់ មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការ តុលាការ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៧ បានស្នើទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ។
ក្រោយការស្នើសុំធ្វើនីតិសម្បទានយោបាយឡើងវិញនេះ ត្រូវបានមន្រ្តីអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀតបានរិះគន់ផងដែរថា មិនមានលក្ខណៈអំណោយផលសម្រាប់ពួកគេទេ។

គួរបញ្ជាក់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ក្នុងចំណោម១១៨នាក់ដែលត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលដីកា សម្រេចផ្អាក មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានជិត៣០រូប ហើយបានសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ក្នុងនោះមានមន្រ្តីល្បីៗឈ្មោះ ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឬទ្ធិ លោក មាជ សុវណ្ណារ៉ា លោក សុន ឆ័យ លោក មុត ចន្ថា លោក ថាច់ សេដ្ឋា លោកស្រី លី ស្រីវិណា លោកជីវ កត្តា លោក តាន គឹមឈន លោក វ៉ា សាម៉ុន លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោកឡុង គឹមឃន និងលោក យង់ ផាន់ណេត ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលភាគច្រើនសុទ្ធសឹង តែជាមនុស្សជំនិត របស់លោក កឹម សុខា ៕

នាយករដ្ឋមន្រ្តីកម្ពុជា ៖ មហាអំណាចចិន-អាមេរិក នឹងត្រូវរ៉ូវគ្នាវិញ ក្រោយខ្នះខ្នែង ស្វែងរកដំណោះស្រាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមក៏ដូចជាការជឿជាក់ថា ប្រទេសមហាអំណាចចិន និងសហរដ្ឋអាមរិក ពិតជានឹងត្រូវរ៉ូវគ្នាឡើងវិញនាពេលខាងមុខ ក្រោយមហាអំណាចយក្សទាំង២ខ្នះខ្នែងស្វែងដំណោះស្រាយរួមដើម្បីគ្រប់គ្រង នូវទំនាក់ទំនងជាមួយគ្នា ។

ប៉ុន្មានឆ្នាំមុនក្នុងរដ្ឋបាលលោក ដូលណាល់ ត្រាំជាប្រធានាធិបតី គឺ សហរដ្ឋអាមេរិក បានប្រកាសប្រឆាំងនឹង ហើយភាគីទាំង២ ក៏បានបង្ហាញភាពតានតឹង ជាមួយគ្នា លើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ក៏ដូចជាភូមិសាស្រ្ត នយោបាយ រហូតមក ដល់លោក ចូ បៃឌិន ជាប្រធានាធិបតីថ្មី ដែលបានចូលកាន់តំណែង ជាង១០០ថ្ងៃហើយ ក៏បន្តបានបង្ហាញភាពតានតឹង ប្រឆាំងជាមួយចិនទៀត ។

ឆ្លើយតបសំណួរ ពាក់ព័ន្ធប្រធានាធិបតីអាមេរិកថ្មី របស់លោក ចូ បៃឌិន មានជំហរប្រឆាំងចិន ដូចលោកត្រាំ ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១សម្តេចតេជោ បានមាន ប្រសាសន៍ថា ចិន-អាមេរិកជាតួអង្គសំខាន់ ដែលអាចចាត់ទុកជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច របស់ពិភពលោក ។

សម្តេចតេជោបន្តថា បើប្រទេសទាំង២ មានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាល្អនោះ ប្រទេសក្នុងតំបន់អាស៊ី ក៏បានទទួលនូវផលប្រយោជន៍ រាប់ទាំងកម្ពុជាផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងកាលពីប៉ុន្មានឆ្នាំមុន ដែលប្រទេសទាំង ២ មានភាពតានតឹងជាមួយគ្នាថា បើប្រទេសទាំង២ បន្តដាក់មុខយក្សគ្នាទៀត ពិតជាមានផលប៉ះពាល់ ដូចសុភាសិត និយាយថា ដំរីជល់គ្នាខ្ទេចស្មៅ ។

ប៉ុន្តែសម្តេចថា “យើងក៏មិនរងចាំឲ្យដំរី ជល់គ្នាឲ្យមកជាន់យើងស្លាប់ដែរ យើងរកវិធីគេចវេះ ប៉ុន្តែយ៉ាងណាក៏ដោយផលប៉ះពាល់ តែងតែកើតមានទៅលើប្រទេសតូចតាច ក្នុងក្របខណ្ឌតំបន់ របស់យើងដូចជាកម្ពុជា” ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “កម្ពុជាមានសង្ឃឹម ថា អាមេរិកនិងចិននឹងខិតខំ រកវិធីគ្រប់គ្រងទំនាក់ទំនង ដើម្បីបង្កើតឡើងវិញនូវសហប្រតិបត្តិការ ដែលបំពេញឲ្យគ្នាទៅវិញទៅមក ហើយក៏ជួយទៅដល់ស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ខ្ញុំជឿជាក់ថា ប្រទេសទាំង២ ពិតជានឹងខ្នះខ្នែងដើម្បីស្វែងរកនូវដំណោះស្រាយ សមស្របមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ឲ្យបានល្អ ព្រោះនៅលើពិភពកលោក មិនអាចមានប្រទេសណាមួយប្រឆាំង ជាមួយប្រទេសណាមួយ រហូតដល់ប្រទេសមួយទៀត ផុតរលត់នោះទេ” ។

សម្តេចតេជោបង្ហាញការ ជឿជាក់ទៀតថា រដ្ឋបាលរបស់លោក ចន បៃឌិន ពិតជាមានវិធានការណ៍ថ្មីៗថែមទៀត បើទោះបីមានការបន្សល់ នូវតានតឹងពីរដ្ឋបាលលោកត្រាំ ក៏ដោយ ។ សង្ឃឹមថា ក្នុងដំណាក់ណាមួយនឹងមានការថយចុះ ហើយតម្រូវការពឹងពាក់គ្នាទៅវិញទៅមក នឹងកើតមានឡើងក្នុងពេលណា មួយជាក់ជាមិនខាន ។

ដោយសម្តេចអះអាងថា កម្ពុជានឹងអាទទួលបានផល ប្រយោជន៍នូវទំនាក់ទំនងរវាងចិ និងអាមេរិក ៕


សម្ដេចតេជោ ៖ បើខ្ញុំមិនពឹងចិន ទៅឲ្យខ្ញុំទៅពឹងអ្នកណា?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរសហគមន៍អន្ដរជាតិវិញក្រោយចោទថា កម្ពុជាលំអៀងទៅភាគីចិនថា បើកម្ពុជាមិនពឹងចិន តើឲ្យកម្ពុជាទៅពឹងអ្នកណា? ដោយសម្តេចថា ចិនជួយកម្ពុជាយ៉ាងច្រើនលើសលុប។

ជារឿយៗសហគមន៍អន្តរជាតិ និងអ្នកវិភាគដែលមាននិន្នការទៅរកអតីតបក្សបានចោទប្រកាន់សម្តេចតេជោថា មានភាពលំអៀងទៅរកចិន ប៉ុន្តែសម្តេចថា កម្ពុជាបើកការទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងពិភពលោកដោយមិនរើសអើងឡើយ។

ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដតួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វាគ្មិនចោទសួរ សម្ដេចតេជោ ថា «អ្នកខ្លះនិយាយថា ប្រទេសកម្ពុជា ដូចជាពឹងផ្អែកទៅលើចិនខ្លាំងពេក តើសម្ដេចតេជោ យល់យ៉ាងណាពីការព្រួយបារម្ភ របស់សហគមន៍អន្ដរជាតិ»? ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគួរនិយាយដោយត្រង់ៗថា បើខ្ញុំមិនពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា? និយាយឲ្យពិត និយាយការពិតនៅទីនេះ បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ទុកឲ្យប្រជាជនកម្ពុជា ឆ្លងទន្លេ ឆ្លងព្រែក ដោយជិះទូកដរ ដោយឆ្លងស្ពានឬស្សី ឬឈើ ប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរឬយ៉ាងណា?»។

សម្ដេចតេជោ រំលឹកថា កាលពីទស្សវត្សទី៩០ ជប៉ុនក៏បានផ្ដល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជា ដូចជា កសាងហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ប្រជាជនកម្ពុជា ។ ជាងនេះទៅទៀត ជប៉ុនក៏បានកសាងស្ពានឆ្លងកាត់ទន្លេនៅកម្ពុជាផងដែរ ហេតុអ្វីមិនចោទកម្ពុជាដែរទៅ?។

នាយករដ្ឋមន្រ្តីបន្តថា បន្ទាប់ពីជប៉ុន ចិនក៏បានកសាងស្ពាននៅកម្ពុជា ខណៈមានផ្លូវជាង៣ពាន់គីឡូម៉ែត្រជាជំនួយរបស់ចិន ។

សម្ដេចតេជោ ក៏បានចោទសួរបកទៅសហមគន៍អន្ដរជាតិ អ្នកវិភាគ បក្សប្រឆាំងថា បើកុំមានជំនួយរបស់ចិន តើកម្ពុជាគួរទៅពឹងអ្នកណា? សម្ដេចបន្តថា កម្ពុជាមិនបិទទ្វារសម្រាប់ទទួលជំនួយឡើយ គឺរង់ចាំទទួលជំនួយជានិច្ចពីបណ្ដាប្រទេសនានា ។

ក្រោយពីមានរបាយការណ៍ខ្លះ បានលើកឡើងថា កម្ពុជាផ្ដល់ទីតាំងឲ្យប្រទេសចិនប្រើប្រាស់ជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននោះ សម្ដេចតេជោបានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតប្រទេសផ្សេងបោះមូលដ្ឋានទ័ពនៅកម្ពុជាឡើយ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតមិនឲ្យអ្នកណាមួយប្រើប្រាស់ទេ បោះទីតាំងលើទឹកដីរបស់ខ្លួនទេ ហើយក៏មិនអនុញ្ញាតឲ្យកម្ពុជាទៅបោះទីតាំងនៅលើប្រទេសផ្សេង លើកលែងតែក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដែលពេលនេះកម្ពុជាមានកងទ័ពនៅលីបង់ នៅស៊ូដង់ខាងត្បួង នៅម៉ាលី និងនៅអាហ្វី្រកណ្ដាល យើងមិនបោះកងទ័ពប្រចាំការនៅទីនោះ ក្រៅក្របខណ្ឌអង្គការសហប្រជាជាតិទេ»។

សម្ដេចតេជោបន្ដថា នៅសមុទ្ររបស់កម្ពុជា គឺទទួលស្វាគមន៍ទាំងអស់នៃនាវាបរទេសចូលចតនៅកំពង់ផែរបស់ខ្លួន ដូច្នេះការចោទប្រកាន់ទៅលើបញ្ហាទាំងនេះ វាជារឿងអយុត្តិធម៌សម្រាប់កម្ពុជា និងអយុត្តិធម៌សម្រាប់ចិនផងដែរ៕

To Top